ភ្នំពេញៈ ប្រទេសសមាជិកអាស៊ានបានស្វាគមន៍កិច្ចប្រជុំកំពូលនាពេលថ្មីៗនេះរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping។
បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង ២ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកានៅទីក្រុង Woodside រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក សមាជិកអាស៊ានបានជំរុញឱ្យប្រទេសមហាអំណាចទាំង ២ នេះបន្តគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានបញ្ជាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ថា៖ «យើងត្រូវបានលើកទឹកចិត្ត តាមរយៈការបន្តការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង២ក្នុងការរក្សាទំនាក់ទំនងបើកចំហ និងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវដោយផ្អែកលើកិច្ចប្រជុំកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ហើយអាស៊ានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ចំពោះគោលការណ៍សំខាន់ៗ តម្លៃរួម និងបទដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ស្តីពីគោលការណ៍ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក (គោលការណ៍បាលី) និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។
សេចក្តីថ្លែងការណ៍បន្តថា៖ «ក្នុងនាមជាដៃគូយូរអង្វែងរបស់អាស៊ាន យើងលើកទឹកចិត្តចិន និងសហរដ្ឋអាមេរិកបន្តការគាំទ្រដល់ដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់របស់យើង ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក»។
សេចក្តីថ្លែងការណ៍បានលើកឡើងថា អាស៊ានចែករំលែកផលប្រយោជន៍រួមនៃការពង្រឹងនិម្មាបនកម្មតំបន់បើកចំហ តម្លាភាព ធន់ និងមានបរិយាបន្នដែលចែងនៅក្នុងច្បាប់អន្តរជាតិ ដែលមានអាស៊ានជាចំណុចកណ្តាល ស្របតាមគោលបំណង និងគោលការណ៍អាស៊ាន យន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងទំនុកចិត្តក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «អាស៊ានបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នាជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់តំបន់ដែលជាចំណុចកណ្តាលនៃកំណើន តាមរយៈការកសាងភាពធន់ទប់ទល់នឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងការប៉ះទង្គិចនានា នាពេលខាងមុខ តាមរយៈការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់របស់យើង និងពិភពលោកទាំងមូល»។
យោងតាមសេចក្តីប្រកាសព័ត៌មានសេតវិមានកាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានឱ្យដឹងថាលោក Biden បានទទួលស្គាល់ថា សហរដ្ឋអាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នា ហើយថាសហរដ្ឋអាមេរិកនឹងបន្តវិនិយោគលើប្រភពកម្លាំងរបស់សហអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត និងដៃគូនៅជុំវិញពិភពលោក។
លោក Bidenថ្លែងថា សហរដ្ឋអាមេរិកនឹងតែងតែឈរលើផលប្រយោជន៍របស់ខ្លួន តម្លៃរបស់ខ្លួន និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន និងបញ្ជាក់ឡើងវិញថា ពិភពលោករំពឹងថា សហរដ្ឋអាមេរិក និងចិននឹងគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការប្រកួតប្រជែងនេះមិនឱ្យឈានទៅរកជម្លោះ ការប្រឈមមុខគ្នា ឬសង្គ្រាមត្រជាក់ថ្មី។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «មេដឹកនាំទាំង២បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងពិភពលោក។ លោកប្រធានាធិបតី Biden បានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហដែលតភ្ជាប់គ្នា ប្រកបដោយវិបុលភាព សុវត្ថិភាព និងធន់។ លោកប្រធានាធិបតីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិករបស់យើង»។
ក្នុងជំនួបនោះ លោក Xi បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែរួមគ្នាទទួលខុសត្រូវក្នុងនាមជាប្រទេសមហាអំណាច ដោយលោកបន្ថែមថា បញ្ហាប្រឈមក្នុងសង្គម មិនអាចដោះស្រាយបានទេ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំង២នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសចិនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
លោកថ្លែងថា៖ «ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែធ្វើជាគំរូនាំមុខ ដោយបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់ និងផ្តល់ប្រយោជន៍សាធារណៈបន្ថែមទៀតសម្រាប់ពិភពលោក។ ភាគីទាំង២គួរតែរក្សាគំនិតផ្តួចផ្តើមរបស់ខ្លួនបើកចំហទៅវិញទៅមក ឬសម្របសម្រួល និងតភ្ជាប់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ពិភពលោក»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា សហរដ្ឋអាមេរិក និងចិនគឺជាប្រទេសមហាអំណាចធំលើសកលលោក ហើយប្រទេសទាំង២នេះជាដៃគូសំខាន់របស់អាស៊ាន ទាំងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងក្នុងអាស៊ានបូក១ផងដែរ។ មហាអំណាចទាំង២គឺសុទ្ធតែជាមហាអំណាចដែលមានឥទ្ធិពលទៅលើសណ្តាប់ធ្នាប់ពិភពលោក និងមានឥទ្ធិពលទៅលើតំបន់ជាពិសេសក្នុងវេទិការអាស៊ានតែម្តង។
លោកបន្តថា ការណ៍ដែលប្រទេសទាំង២អាចមានកិច្ចសន្ទនាគ្នាដោយផ្ទាល់រវាងប្រមុខដឹកនាំនៃបណ្ដាប្រទេសទាំង២ វាបានធានាបាននូវសណ្ដាប់ធ្នាប់ពិភពលោក ធ្វើឱ្យភាពតានតឹងរបស់ពិភពលោកហាក់វិលមកភាពប្រក្រតីខ្លះ។ បញ្ហាពិភពលោកបច្ចុប្បន្នទាំងនយោបាយ ទាំងពាណិជ្ជកម្ម កំពុងតែតានតឹងស្រាប់ ហើយប្រទេសទាំង២នេះសុទ្ធតែមានឥទ្ធិពលទៅលើជម្លោះនយោបាយ និងជម្លោះពាណិជ្ជកម្មលើសកលលោក។
លោក យង់ ពៅ ថ្លែងថា៖ «អ៊ីចឹងហើយ ប្រទេសទាំង២នេះសន្ទនាគ្នាដោយផ្ទាល់គឺបានបន្ធូរភាពតានតឹងទាំងនយោបាយ ទាំងពាណិជ្ជកម្ម ហើយប្រសិនបើប្រទេសទាំង២នេះមានការសន្ទនាគ្នាបន្តទៀតទៅលើបញ្ហាទាំងអស់ហ្នឹង ទាំងនយោបាយ ទាំងពាណិជ្ជកម្ម ក៏ដូចជាទាំងបញ្ហាសង្គ្រាមថ្មីៗបន្តទៀត អ៊ីចឹងពិភពលោក ក៏ដូចជាតំបន់អាស៊ានកាន់តែមានភាពធូរស្រាលបន្ថែមទៀត»៕