ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តចំពោះភាគីជប៉ុនក្នុងការរក្សាស្ថិរភាពបរិយាសកាសវិនិយោគ ព្រមទាំងច្បាប់ស្តីពីវិនិយោគថ្មី ក៏ដូចជាការដាក់ចេញនូវគោលយោបាយធានាការប្រកួតប្រជែងស្មើភាពផងដែរ ខណៈភាគីជប៉ុនក៏បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួនដែរ។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងលោក តាកាហាស៊ី ហ្វូមីអាគី(TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី ២១ វិច្ឆិកា បានបញ្ជាក់ថា៖ «សម្តេចធិបតីបានបញ្ជាក់ពីការគាំទ្រនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាស្ថិរភាពនិងភាពប្រាកដនិយមនៃបរិយាកាសវិនិយោគនៅកម្ពុជា»។
ជាមួយគ្នានោះ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានលើកឡើងដែរថា សមាគមជប៉ុន-កម្ពុជា កំពុងកៀរគរ និងជំរុញវិនិយោគិន សហគ្រាសធុនតូច និងមធ្យម(SMEs) ជប៉ុន ដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា។ លោកបន្តថា សមាគមគ្រោងបើកការិយាល័យនៅភ្នំពេញ ដើម្បីជាមជ្ឈមណ្ឌលកណ្តាលក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការទាក់ទងគ្នារវាងSMEs ជប៉ុន និងដៃគូវិនិយោគផងដែរ។
ជាមួយគ្នានោះ លោកតាកាហាស៊ី ក៏បានជម្រាបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីចំណាប់អារម្មណ៍របស់គណៈប្រតិភូវិនិយោគជប៉ុនលើការវិនិយោគវិស័យមួយចំនួនផងដែរដូចជា អចលនទ្រព្យ កសិកម្ម កសាងផ្លូវបេតុងដោយបច្ចេកវិទ្យាខ្ពស់ កសាងស្រះទឹកដោយប្រើថង់កៅស៊ូ បើកសាលាបណ្តុះបណ្តាលជួសជុលយានយន្ត សាលាបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាក សាលាបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសហការដោះមីន ជាដើម។
ចំណែកលោក ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍លើវិស័យ SMEs របស់ជប៉ុន ដែលវិស័យនេះជាគោលដៅចម្បងរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះលោកក៏ស្វាគមន៍គម្រោងបើកការិយាល័យរបស់ JCA នៅកម្ពុជា ក៏
ដូចជាការសម្លឹងឃើញលើការវិនិយោគរបស់គណៈប្រតិភូជប៉ុននៅកម្ពុជាផងដែរ។
ដោយឡែកកាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកតាកាហាស៊ី ហ្វូមីអាគី ក៏បានជួបពិភាក្សាការងារជាមួយលោកប្រាក់ សុខុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ ដោយ
ភាគីទាំង២ បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនឹងគ្នាដើម្បីជំរុញការវិនិយោគ និងធុរកិច្ច
គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយលើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរដែលបង្កបរិយាកាសល្អដល់ការវិនិយោគនានា។
លោកបានបញ្ជាក់ថា៖«វិនិយោគរបស់ជប៉ុនមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដល់និយោជិត និងវិស្វករកម្ពុជា ផងដែរ»។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ថា ទំនាក់ទំនងទ្វេភាគីកម្ពុជានិងជប៉ុនរយៈពេល៧០ឆ្នាំមកនេះ ជាទំនាក់ទំនងដ៏ល្អ ដែលសឹងតែមិនមានបញ្ហាអ្វីឡើយ ហើយការវិនិយោគរបស់ជប៉ុននៅកម្ពុជាវិញក៏ច្រើនវិស័យទៅទៀត។
លោកបានបន្តថា ជប៉ុនត្រូវបានបណ្តាសមាជិកអាស៊ានរាប់អានជាខ្លាំងដោយសារលក្ខខណ្ឌអំណោយផលផ្នែកការទូតជប៉ុន គោលនយោបាយបែបថ្នាក់ថ្នមរបស់ជប៉ុន ជាពិសេសសីលធម៌ប្រជាជនជប៉ុន។
លោកបញ្ជាក់ថា៖ «ដើម្បីបង្កើនប្រយោជន៍ពីទំនាក់ទំនងជាមួយជប៉ុន ជាពិសេសទាក់ទាញការវិនិយោគ រដ្ឋាភិបាលកម្ពុជាគួរបន្ថែមការអនុវត្តផ្លូវច្បាប់ឱ្យបានកាន់ខ្លាំង តួយ៉ាងការធ្វើសំណុំបែបបទនានាឱ្យមានភាពស្មុគស្មាញតិច ព្រោះមុននឹងគេមកវិនិយោគ គេសិក្សាពីបរិបទប្រទេសយើងច្រើនហើយ»។
ត្រង់ចំណុចនេះ លោក ស៊ឺន សម ក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាកែសម្រួលនីតិវិធីនិងសំណុំបែបបទមួយចំនួនឱ្យមានភាពងាយស្រួល ចៀសវាងតម្រូវឱ្យអ្នកវិនិយោគចំណាយច្រើនទម្រាំដាក់ដំណើរការក្រុមហ៊ុន ជាពិសេសជុំវិញបញ្ហាអំពើពុករលួយ ការចំណាយលុយក្រោមតុជាដើមដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តក៏ដូចជាចំណាប់អារម្មណ៍របស់វិនិយោគិន៕