ភ្នំពេញៈ ស្ថាប័នចំនួន ៣ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា បង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគី ទៅវិញទៅមក។
ស្ថាប័នទាំងនេះ រួមមាន សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ក្រសួងព័ត៌មាន និងសាលាជាតិគយដែលពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានក្រុមប្រឹក្សានៃសាលាភូមិន្ទរដ្ឋបាល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសាលាជាតិគយ។
លោក ហ៊ុន ម៉ានី បានថ្លែងនាពិធីនោះថា ការចុះអនុស្សរណៈនៃការយោគយល់នេះ សបញ្ជាក់អំពីការផ្តល់ជំនឿទុកចិត្តមកលើសាលាភូមិន្ទរដ្ឋបាល ដែលជាស្ថាប័នមានវ័យចំណាស់មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការដើម្បីបម្រើការងារតាមស្ថាប័ន និងអង្គភាពនានា។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការលម្អិតក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីសហការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត»។
លោកបានបន្តថា ការងារនេះគឺជាការចូលរួមក្នុងស្មារតីបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាចក្ខុវិស័យដ៏ច្បាស់លាស់ នៃយុទ្ធសាស្ត្របញ្ចកោណ។
ឆ្លៀតឱកាសនោះដែរ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណទៅដល់ក្រសួងព័ត៌មាន និងសាលាជាតិគយ ក្នុងការជឿជាក់មកលើសាលាភូមិន្ទរដ្ឋបាល តាមពាក្យថា «ជំនឿទុកចិត្ត» ឬ «ជំនឿទុកចិត្តដែលបានមកពីប្រជាពលរដ្ឋ» ត្រូវការការអនុវត្តជាប្រចាំ ហើយត្រូវការពេលវេលា។
លោក គុណ ញឹម ក៏បានលើកឡើងដែរថា នេះគឺជាវឌ្ឍនភាព និងការបោះជំហានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលក្នុងនោះសាលាជាតិគយ ក៏មានបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពមន្ត្រី និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិផងដែរ។
លោកបានថ្លែងថា៖ «តាមរយៈអនុស្សរណៈនេះ សាលាជាតិគយនឹងបានក្លាយជាដៃគូ និងភាគីមួយក្នុងចំណោមស្ថាប័នជាច្រើន ដែលជាដៃគូរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាសាលាមួយដែលមានវ័យចំណាស់ ពោរពេញទៅដោយបទពិសោធន៍ និងការកសាងធនធានមនុស្សនៅក្នុងវិស័យសាធារណៈផងដែរ»។
ទន្ទឹមនឹងនោះដែរលោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មានប្រកាន់យកនូវគោលការណ៍ធំចំនួន ២ ដើម្បីលើកកម្ពស់ការអនុវត្តយន្តការ និងប្រព័ន្ធការងារ គឺការកសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ និងគុណវុឌ្ឍិ និងការគិតគូរពីសុខុមាលភាពមន្ត្រីរាជការ រួមជាមួយនឹងបញ្ហាពាក់ព័ន្ធមួយចំនួន ដែលជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស។
លោកថ្លែងថា ៖ «ក្រសួងព័ត៌មានបានប្រកាន់គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធ ភាព ក្នុងការជ្រើសរើសមន្ត្រី និងគោលការណ៍មានសមត្ថភាពត្រូវបានលើកទឹកចិត្ត។ ខ្ញុំសង្ឃឹមដែរថា ការចុះហត្ថលេខានេះនឹងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ដើម្បីរួមចំណែកដល់ដំណើរការបង្កើនសមត្ថភាពមន្ត្រីរាជការក្រសួងព័ត៌មាន តាមរយៈការចូលរួមកសាងចំណេះដឹងជំនាញបន្ថែមផងដែរ»៕