ភ្នំពេញៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។
ការទទួលបានពានរង្វាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយលោក ម៉េង ហុង អគ្គនាយកបេឡាជាតិរបបសន្តិសុខសង្គមស្តីទីនៃក្រសួងការងារ បានទៅទទួលពានរង្វាន់នេះ ដោយផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២-២០២៣។
ក្រៅពីការទទួលបានពានរង្វាន់លោក ម៉េង ហុង ក៏បានចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី «ការទទួលយកភាពចម្រុះ ដើម្បីកសាងអនាគតរួមគ្នា» ព្រមទាំងបានចូលរួម ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី ៤០ ដោយមានតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០ ចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។
តាមរយៈការប្រកាសឱ្យដឹងរបស់ក្រសួងការងារនៅថ្ងៃទី២២ ខែវិច្ឆិកា លោក ម៉េង ហុង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ នេះ សមាជិកទាំងអស់បានពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ របស់សមាគមផងដែរ។
លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានថ្លែងនាពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី២២ ខែវិច្ឆិកា ថា ប.ស.ស បានចាប់ផ្តើមយុទ្ធនាការ ៣០ ថ្ងៃ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
លោកបានថ្លែងថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារបានចុះបញ្ជិកាសមាជិកប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៧៥ ៧៧០ នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ សរុប ៧៥ ៧១៦ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ៥៤ នាក់។
លោកបានបញ្ជាក់ថា៖«គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកាដែរ សមាជិកប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន ៧ ៧០១ ដង ដែលចំណាយតាវលិកទូទាត់ជាមួយខាងសុខាភិបាល មានចំនួន ៣៣០ លានរៀល»។
លោក ហេង សុផាន់ណារិទ្ធិ ថ្លែងទៀតថា គិតរហូតមកដល់ពេលនេះ ប.ស.ស កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧ រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។
នាសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោក ហេង សួរ បានជំរុញឱ្យមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋអំពីគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាពការអនុវត្តជូនសមាជិក ប.ស.ស ឱ្យកាន់តែច្រើន ជាពិសេសរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ។
លោកបានថ្លែងថា៖«ការពង្រីកវិសាលភាព បើសិនជាគ្មានការផ្សព្វផ្សាយ គ្មានបង្រៀនទេ ជួនកាលបងប្អូនយើងយល់ថា អាហ្នឹងវាជាបន្ទុក។ តែខ្ញុំគិតថា វាមិនមែនជាបន្ទុកទេ ជាពិសេសខ្ញុំចង់អំពាវនាវដល់តំណាងបងប្អូនកម្មករនិយោជិត បន្តផ្សព្វផ្សាយដល់កម្មករនិយោជិតដែលមានកូនតូច ហើយបង់ភាគទានបេសឡាជាតិ ១៥ ៦០០រៀល ក្នុង១ខែនេះ ប្រហែលជាគាត់ចំណេញច្រើនជាងខាត»។
បេឡាជាតិសន្តិសុខសង្គម កម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧, អង្គភាពធានារ៉ាប់រងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានផ្លាស់វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គមនៃប្រទេសឡាវផងដែរ៕