កំពង់ឆ្នាំងៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការពង្រឹងសុវត្ថិភាពនៅតាមផ្លូវថ្នល់ ជាពិសេសពង្រឹងការអនុវត្តច្បាប់លើរថយន្តដឹកលើសទម្ងន់កំណត់ ខណៈលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«កំណាត់ផ្លូវជាតិលេខ៥» កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវកំណត់យន្តការ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ក្នុងការថែរក្សាផ្លូវជាតិឱ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរជានិច្ច។
ក្នុងន័យនេះ លោកបញ្ជាក់ថា នៅក្នុងករណីដែលមានការខូចខាតណាមួយ សូមជួសជុលឱ្យបានឆាប់រហ័ស និងចៀសវាងបណ្តោយឱ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ។
លោកមានប្រសាសន៍ថា៖ «សូមអនុវត្តនៅគ្រប់បណ្តាផ្លូវស្ពាន និងសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវបង្កើតយន្តការរួមដើម្បីឃ្លាំមើល និងជួសជុលជាប្រចាំនូវគុណភាព សំណង់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ឱ្យបានល្អប្រសើរជានិច្ច»។
លោកក៏បានណែនាំដោយត្រូវពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ ជាពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ និងការសម្រួលលំហូរចរាចរណ៍ជាដើម ដើម្បីចៀសវាង ឬកាត់បន្ថយឱ្យបាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
លោកមានប្រសាសន៍ថា៖ «សុវត្ថិភាពចរាចរណ៍ជារឿងសំខាន់ ក្នុង ១ឆ្នាំៗ គ្រោះថ្នាក់ដោយសារមីន សង្គ្រាម ការស្លាប់បាត់បង់ជីវិតដោយសារជំងឺរាតត្បាតផ្សេងៗ ប៉ុន្តែគ្រោះថ្នាក់ការស្លាប់ដោយសារចរាចរណ៍គឺច្រើន ដែលជាការបាត់បង់ធនធានដ៏សំខាន់ណាស់»។
លោកបន្តថា៖ «ពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ គោរពគន្លងផ្លូវឱ្យបានត្រឹមត្រូវ សូមកុំជិះបញ្ច្រាស ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។ ខ្ញុំសង្កេតឃើញថា នៅតាមបណ្តោយផ្លូវនេះ អ្នកបើកបរមួយចំនួនបានជិះបញ្ច្រាសផ្លូវ ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទេ តែក៏បង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង»។
ពាក់ព័ន្ធរថយន្តដឹកជញ្ជូនលើសទម្ងន់វិញ លោក ហ៊ុន ម៉ាណែត បានជំរុញទៅកាន់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផ្ទាល់ ដែលបានវិនិយោគទៅលើការដឹកជញ្ជូន ត្រូវសហការគ្នារកដំណោះស្រាយ ហើយត្រូវចូលរួមទប់ស្កាត់ការដឹកលើសទម្ងន់ទាំងអស់គ្នា។
ទាក់ទងនឹងចរាចរណ៍នេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានថ្លែងថា លោកលើកទឹកចិត្តដល់មន្រ្តីនគរបាលចរាចរណ៍ ស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងការអនុវត្តច្បាប់ ឱ្យបានទូលំទូលាយទូទាំងប្រទេស ជាពិសេសផ្តោតទៅលើកត្តាហានិភ័យដែលបង្កឱ្យមានការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកបានបញ្ជាក់ថា៖«ឧទាហរណ៍ការមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពជាដើម ហើយការអនុវត្តច្បាប់នោះ ត្រូវប្រកបដោយតម្លាភាព មិនថា អ្នកប្រព្រឹត្តបទល្មើសនោះ គាត់មានតួនាទីអ្វីក៏ដោយ»។
សូមរំឭកដែរថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្សព្វផ្សាយប្រកាសស្ដីពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធវិស័យដឹកជញ្ជូន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍។
ការផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។
យោងតាមរបាយការណ៍ក្រសួងសាធារណការ មនុស្សប្រមាណជា ១ ០០០ នាក់បានស្លាប់ និងជាង ២ ៧០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៣ ដែលអត្រានេះថយចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែមានតួលេខខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាខាតបង់ថវិកាជាតិប្រមាណជាង ៤០០ លានដុល្លារ អាមេរិក ក្នុង ១ឆ្នាំ ដោយមិនទាន់គិតពីផលវិបាកសង្គមនានាជាច្រើនទៀតនៅឡើយ»៕