ភ្នំពេញៈ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងការលើកកម្ពស់បរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹងរៀបចំជាគោលនយោបាយ និងយុទ្ធសាស្ត្រទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិរយៈពេល ២ថ្ងៃ។
សិក្ខាសាលានេះធ្វើឡើង សំដៅធានាគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងការរស់នៅប្រកបដោយចីរភាព ស្របតាមផែនការរដ្ឋាភិបាល។
តាមរយៈហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែវិច្ឆិកា សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី២០ និង២១ ខែវិច្ឆិកា ដែលមានការចូលរួមពីមន្ត្រីនៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ឋសាស្រ្ត ដែលធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅចំពោះមុខ វិធីសាស្ត្រ និងមធ្យោបាយអនុវត្តន៍ ដើម្បីអនុញ្ញាតឱ្យមន្ត្រី និងថ្នាក់ដឹកនាំបានពិភាក្សាគ្នាជុំវិញបញ្ហាទាំងនេះ។
លោកជួប ប៉ារីស៍ រដ្ឋលេខាធិកាក្រសួងបរិស្ថាន បានលើកឡើងថា រដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព (ក.ជ.អ.ច.) ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព ដើម្បីរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ជាតិ។
លោកបញ្ជាក់ថា ក្រុមប្រឹក្សាជាតិនេះមានក្រុមការងារចំនួន ៧ រួមមាន៖ ការប្រែប្រួលអាកាសធាតុ, វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍, ជីវៈចម្រុះ, ទីក្រុងនិរន្តរភាព, ថាមពលនិរន្តរភាព, ផលិតកម្ម និងការប្រើប្រាស់ដោយចីរភាព, និងថាមពលនុយក្លេអ៊ែ ដែលមានអ្នកកម្រិតបច្ចេកទេសមកពីអន្តរក្រសួង ដើម្បីផ្តល់យោបល់ ក្នុងការកសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ។
លោក ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា៖ «អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្របានត្រៀមខ្លួនក្នុងការសម្របទៅនឹងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព តាមរយៈការបង្កើនប្រសិទ្ធភាព និងយន្តការអនុវត្តឱ្យបានកាន់តែប្រសើរ»។
លោកបានបន្ថែមថា គោលនយោបាយនិងយុទ្ធសាស្ត្រទាំងនេះសំដៅធានាគុណភាពបរិស្ថាន តុល្យភាពប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងការរស់នៅប្រកបដោយចីរភាព ដើម្បីប្រយោជន៍យយូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
លោក សាម អ៊ីន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកាថា រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានបានយកចិត្តទុកដាក់ជាខ្លាំងលើការដាក់ចេញយុទ្ធសាស្ត្រនិងគោលនយោបាយសំដៅធ្វើឱ្យវិស័យបរិស្ថានមានភាពល្អប្រសើរដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ តួយ៉ាងការដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅ ឈានទៅរកភាពស្អាត បៃតង និងចីរភាព។
លោកពន្យល់ដូច្នេះថា៖ «ភាពស្អាត សំដៅលើការគ្រប់គ្រងសំណល់រឹង ជាពិសេសសំរាម និងប្លាស្ទិក ការគ្រប់គ្រងការបំពុលខ្យល់ ទឹក និងដី ក៏ដូចជាសំឡេង និងរំញ័រជាដើម»។
លោក សាម អ៊ីន បន្តថា ភាពបៃតង សំដៅលើការគ្រប់គ្រងព្រៃឈើ អភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់ការពារធម្មជាតិ ទាំង៧៣កន្លែង ដែលគ្របដណ្តប់លើដីព្រៃប្រមាណ ៧,២លានហិកតា និងការដាំដើមឈើ និងស្តារព្រៃឈើឡើងវិញ។ ចីរភាព សំដៅលើការអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍។
លោកសង្កត់ធ្ងន់ថា ៖ «គោលនយោបាយ និងយុទ្ធសាស្ត្រ ផ្នែកបរិស្ថាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកំណត់ទិសដៅ សកម្មភាពជាអាទិភាពដល់ផ្នែកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អាចធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅលើភាពស្អាត បៃតង និងចីរភាព នេះ»។
ចំណែកលោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)បានថ្លែងថា នេះជារឿងល្អដែលរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានគិតគូរពីយន្តការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនេះ ប៉ុន្តែក្នុងគោលនយោបាយទាំងនេះ លោកចង់ឃើញរដ្ឋាភិបាលប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកបន្ត៖ «ខ្ញុំគាំទ្រណាស់លើយុទ្ធសាស្ត្រការពារបរិស្ថាននានា ហើយក៏ចង់ឱ្យគោលនយោបាយទាំងចាស់ ទាំងថ្មី ស្របនឹងស្ថានភាពប្រទេសកម្ពុជា។ ខ្ញុំជំរុញឱ្យក្រសួងបរិស្ថានសហការជាមួយភាគីពាក់ព័ន្ធ ហើយការពារគម្របព្រៃឈើឱ្យបាន ៦០ភាគរយ គួរតែជាចំណុចអាទិភាព បូករួមអព្យាក្រឹតកាបូន»។
លោកថា ជាមួយការបង្កើតគោលនយោបាយ ក៏ត្រូវមានការអនុវត្តឱ្យមានប្រសិទ្ធភាព ហើយលោកក៏ស្នើដល់រដ្ឋាភិបាលពិចារណាឱ្យបណ្តាក្រុមហ៊ុន រោងចក្រសហគ្រាសធំៗចូលរួមវិភាគទានការពារបរិស្ថាន ដំឡើងតម្លៃប្លាស្ទិកនៅលើទីផ្សារ តាមរយៈយកពន្ធអាករក្នុងប្រភេទពិសេស ជាដើម៕