ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ចាប់ពីម៉ោង ១៥:០០ នាទី រសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ហើយនៅបណ្តាខេត្តផ្សេងទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា។នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំចុះថ្ងៃទី ២០ វិច្ឆិកា ដែលបានផ្សព្វផ្សាយនៅនៅថ្ងៃទី២២ វិច្ឆិកា។
ក្រសួងអប់រំបានជម្រាបជូនលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តឱ្យចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាមន្ទីរសាមីឱ្យទៅទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់អនុគណៈកម្មការបូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុកជាន់ទី៥ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗតាមកាលបរិច្ឆេទនិងពេលវេលាកំណត់ខាងលើ។
ក្រសួងក៏បានឱ្យដឹងផងដែរថា ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡងត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយក នាយិកាគ្រឹះស្ថានសិក្សា ដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានមណ្ឌលប្រឡងនិងតំណាងអាជ្ញាធរដែនដីផងដែរ។ម្យ៉ាងវិញទៀតការបើកនេះត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញតាមតេឡេក្រាមលេខ 012 736 767 ដោយមានបញ្ជាក់ពីស្ថានភាពស្រោមដែលមានបិទស្កុតនិងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួមដូចមានគំរូជូនភ្ជាប់៕