ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរ ទិវាមច្ឆជាតិពិភពលោក ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធានជលផលចៀសវាងប្រើឧបករណ៍នេសាទខុសច្បាប់ ខណៈអាជ្ញាធរក៏បានលែងកូនត្រីពូជចូលក្នុងដែនទឹកធម្មជាតិប្រមាណ ៣ លានក្បាលផងដែរ។
ក្រសួងកសិកម្ម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមអបអរសាទរ ទិវាមច្ឆជាតិពិភពលោក ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា វិស័យជលផលដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិសុខស្បៀង អាហារូបត្ថម្ភប្រជាជនខ្មែរ ក៏ដូចជាសកលលោកទាំងមូល និងចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងកសិទេសចរណ៍តាមបែបធម្មជាតិ ព្រមទាំងរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌។
បច្ចុប្បន្ននេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព។
ប្រភពដដែលបញ្ជាក់ថា ៖ «កម្ពុជាក៏មានធនធានជលផលសំខាន់ៗ ដូចជា ផ្សោតទឹកសាបដែលជារតនសម្បត្តិដ៏កម្រ និងបបែលយក្ស ដែលបានទទួលបានកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុតរបស់ស្ថាប័នកំណត់ត្រាពិភពលោក (បបែលញី ឈ្មោះ បូណ៌មី ទម្ងន់៣០០គីឡូក្រាម)»។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានសារៈសំខាន់សម្រាប់ទាំងអស់គ្នា និងកុំធ្វើសកម្មភាព ឬប្រើប្រាស់ឧបករណ៍ដែលបង្កមហន្តរាយដល់ធនធានជលផល ព្រមទាំងចូលរួមទិវាមច្ឆជាតិ១ កក្កដា ក្នុងការរក្សាមេពូជត្រី និងប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់ ជិតផុតពូជ និងការធ្វើវារីវប្បកម្ម។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២២ ខែវិច្ឆិកា បានប្រាប់ឱ្យដឹងថា ក្នុងឱកាសនេះរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលរាជធានី-ខេត្ត បានរៀបចំទិវាមច្ឆជាតិ ដោយបានលែងកូនត្រីពូជចូលក្នុងដែនទឹកធម្មជាតិប្រមាណ ៣ លានក្បាល និងត្រីមេពូជប្រមាណ២ ០០០គីឡូក្រាមហើយមកដល់ពេលនេះ។
លោកឱ្យដឹងទៀតថា សម្រាប់ទិសដៅអនុវត្តបន្ត រដ្ឋបាលជលផលនៅតែសហការជាមួយក្រសួង ស្ថាប័ន ថ្នាក់ជាតិ គណ:បញ្ជាការឯកភាពខេត្ត-ស្រុក ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជលផលគ្រប់ប្រភេទ ជាពិសេសអួនអូសទឹកសាប ឆក់ត្រជាក់និងក្តៅ ឈឹបយន្ត ម៉ាញ់ និងឧបករណ៍ល្មើសច្បាប់ដទៃទៀត។
បន្ថែមពីនេះរដ្ឋបាលជលផល បាននិងកំពុងធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ ឱ្យបានយល់ដឹងនូវឧបករណ៍នេសាទខុសច្បាប់ និងឧបករណ៍នេសាទ ដែលច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ ក៏ដូចជាការជំរុញឱ្យប្រជានេសាទស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច។
លោកពុំ សុថា បានប្រាប់ថា៖«កន្លងមកអាជ្ញាធរបានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងតាមបណ្តាខេត្ត កោះហៅជនល្មើស និងមុខសញ្ញាជនសង្ស័យប្រព្រឹត្តបទល្មើសជលផល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន បន្តការការពារ និងអភិរក្សត្រីមេពូជនៅតាមកន្លែងអភិរក្សជលផល និងបន្តលែងកូនត្រីពូជចូលក្នុងដែនទឹកធម្មជាតិ»។
ចំពោះ ផែនការសកម្មភាពទប់ស្កាត់បទល្មើសជលផលវិញ លោក ពុំ សុថា បញ្ជាក់ថា រៀងរាល់ឆ្នាំ រដ្ឋបាលជលផល បានរៀបចំផែនការសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ពិសេសនៅតំបន់បឹងទន្លេសាប និងតំបន់អន្លង់ជ្រៅៗ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់ទន្លេមមេគង្គលើ ដែលជាប្រភពត្រីមេពូជសំខាន់ៗ ក្នុងការបន្តពូជ ពងកូន និងលូតលាស់ រួមទាំងសត្វផ្សោតផងដែរ ។
បើតាមលោក ពុំ សុថា ការទប់ស្កាត់បទល្មើសនេសាទចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ បានចំនួន២៥៧៣ករណី ក្នុងនោះបានបញ្ជូនជនសង្ស័យទៅតុលាការចំនួន ៦១នាក់ ព្រមទាំងលែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញបានទម្ងន់៤៣ ៥០៦គីឡូក្រោម៕