កែប: ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ដ៏​ស្អាត​នៃ​ប្រទេស​កម្ពុជា ខេត្ត​កែប​កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ដែល​គេ​ទន្ទឹងរង់ចាំ​ជាខ្លាំង ពីព្រោះ​វា​ជា​ព្រឹត្តិការណ៍​កម្សាន្ដ​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្ដល់​ក្ដីសង្ឃឹម​ដល់​ម្ចាស់​អាជីវកម្ម​នៅក្នុង​ខេត្ដ​មួយ​នេះ​។

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ឱ្យដឹងថា ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​៣​ ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១​ ទី​២ ​និង​ទី​៣ ​ខែធ្នូ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។ រដ្ឋបាល​ខេត្ដ​កែប បាន​សហការ​ជាមួយ​ក្រសួង និង​ស្ថា​​ប័ន​ថ្នាក់ជាតិ​សំខាន់ៗ ជាពិសេស ក្រសួងទេសចរណ៍​។ រដ្ឋបាល​ខេត្ដ​រៀបចំ​ទីតាំង​សហការ​ការ​ពារ​សន្ដិសុខ សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ទេសចរ​ជាតិ និង​អន្ដរ​​ជាតិ ក៏ដូចជា សុវត្ថិភាព​នាយក​​រដ្ឋមន្ដ្រី​។​

​លោក ​ពិសិដ្ឋ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​បុណ្យ​សមុទ្រ​រយៈពេល ៣ ​ថ្ងៃ ​(​ពីថ្ងៃ​ទី​ ១ ​ដល់​ថ្ងៃទី​ ៣ ​ធ្នូ​)​ នឹងមាន​ភ្ញៀវ​មិនតិចជាង​ ១០​ ម៉ឺន​នាក់​ នោះទេ​។ វា​មាន​កត្ដា​ជាច្រើន ដែលនាំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មកលេង គឺ​កត្ដា​សន្ដិភាព បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​ផ្សេងៗ ជាពិសេស ជំងឺ​កូ​វីដ ​១៩ ការណែនាំ​ដល់​បងប្អូន​អាជីវករ និង​សេវាករ​រក្សាបាន​នូវ​សេចក្ដីថ្លៃថ្នូរ របៀបរៀបរយ រាក់ទាក់ និង​សុ​ច្ចរិតភាព​»​។ រដ្ឋបាល​ខេត្ដ​បាន​ណែនាំ​ដល់​អាជីវករ​និង​ពលរដ្ឋ​វេច​ខ្ចប់​កាកសំណល់​ឱ្យ​បានល្អ​ចៀសវាង​ការ​ចោល​សំរាម ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​។​

​ជាមួយគ្នានេះ ក្រសួង​ទេស​ចរណ៍​បានចេញ​សេចក្តីណែនាំ​ដ៏​ទូលំទូលាយ​មួយ​ដល់​មន្ទីរ​​ទេសចរណ៍​ខេត្ត​ជាប់មាត់​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​កែប ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធានាបាន​នូវ​បទពិសោធន៍​ប្រកបដោយ​សុវត្ថិ​ភាព​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​សម្បូរបែប​សម្រាប់​ភ្ញៀវទេសចរ​។​

​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា បុណ្យ​សមុទ្រ ដែល​ឆ្នាំនេះ​ខេត្ដ​កែប​ជា​ម្ចាស់ផ្ទះ​គឺជា​កម្មវិធី​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ផ្ដល់​ការកម្សាន្ត​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្ដរជាតិ​។​

​ក្រសួង​បានឱ្យ​មន្ទីរ​ជា​សេនាធិការ​បន្ដធ្វើ​ការណែនាំ​ដល់​ប្រតិ​ប​ត្ដិករ​មូលដ្ឋាន​រក្សា​តម្លៃ​សេវាកម្ម​ទាំងអស់​ឱ្យនៅ​ធម្មតា​អំឡុងពេល​បុណ្យ​សមុទ្រ​ដើម្បី​ស្វាគមន៍​ភ្ញៀវ ក៏ដូចជា​ពលរដ្ឋ​ចូលរួម​។​ 

​លោក សុភ័ក ឱ្យដឹងថា​៖ «​មុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់​យើង​មានការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ផងដែរ​»​។​

​លោក​ សោម ចិន្តា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កែប បានឱ្យដឹងថា បច្ចុប្បន្ន​នៅ​ខេត្ត​កែប​មាន​បន្ទប់​សណ្ឋាគារ​ផ្ទះសំណាក់​ប្រមាណ ១ ៦០០ បន្ទប់ ដែល​ចំនួន​នេះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នោះទេ​។ ក្រៅពី​ក្រសួង ស្ថាប័ន រដ្ឋ​​បាល​ខេត្ដ ក្រុមយុវជន ស​.​ស​.​យ​.​ក ក៏បាន​សហការ​ដើម្បីឱ្យ​ពិធីបុណ្យ​សមុទ្រ​នេះ​ដំណើរការ​ទៅដោយ​រលូន​។​

​មន្ត​ស្នេហ៍​ខេត្ដ​កែប​

ខេត្ដ​កែប​ ដែល​ប្រៀប​បានជា​ត្បូង​មួយ​គ្រាប់​របស់​ប្រទេស​កម្ពុជា មាន​ភាពល្បីល្បាញ​ដោយសារ​សម្រស់​ធម្មជាតិ និង​ការ​ទាក់​ទាញ​វប្បធម៌​។ ភាព​ទាក់ទាញ​ដ៏​សំខាន់​មួយ​ក្នុង​ខេត្ត​កែប គឺ​ឆ្នេរ​ដ៏​ស្រស់ស្អាត ដែល​ឆ្នេរកែប បានផ្តល់​ឱ្យ​អ្នកទស្សនា​នូវ​ការ​សម្រាក​ដ៏​ស្ងប់ស្ងាត់​ជាមួយ​រលក​បោក​បក់​តិចៗ និង​ឆ្នេរ​ខ្សាច់​រំលេច​រូបសំណាក​ផ្សោត​។ ខេត្ត​នេះ​ក៏​ល្បី​ល្បាញ​សម្រាប់​ឧទ្យាន​ជាតិ​កែប ជា​ឋាន​រមណី​សម្រាប់​អ្នក​ចូល​ចិត្ត​ធម្មជាតិ មាន​ដើមឈើ​ដ៏​ខៀវស្រងាត់​ដែល​ល្អឥតខ្ចោះ​សម្រាប់​ការឡើង​ភ្នំ និង​មើល​សត្វ​ស្លាប រួមទាំង​ទិដ្ឋភាព​ដ៏​ធំ​ទូលាយ​នៃ​ទេសភាព​ជុំវិញ​។​

​ផ្សារ​ក្តាម​ក្នុង​ខេត្ត​កែប ជា​កន្លែង​ដែល​អ្នក​ចូលចិត្ត​ធ្វើ​ម្ហូប​មិនគួរ​រំលង​ជាពិសេស​ក្តាម​កែប​ដ៏​ឆ្ងាញ់ ដែល​ស័ក្ដិសម​ជាមួយ​ម្រេច​កំពត​ដ៏​ល្បីល្បាញ​។ នៅ​ឆ្នាំ​ ២០១៧ ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ សម្រាប់​ខេត្ត​កែប​មាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ​កន្លះ​លាន​នាក់​។ នេះ​ជា​ជោគជ័យ​ដ៏​សំខាន់​មួយ​សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ និង​រួមចំណែក​ក្នុង​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ក្នុង​តំបន់​។ ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ឆ្នាំនេះ មើលឃើញ​នូវ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​ថ្មី​មួយទៀត​ដែលជា​គម្រោង ​«​ឆ្នេរ ប្រវែង ២,៧ គីឡូម៉ែត្រ​លំដាប់​ពិភព​លោក​»​។ 

​ផ្ទៃសមុទ្រ ជាទី​កន្លែង​សម្រាប់​កីឡា​មួយចំនួន ដូចជា ជិះទូក​កា​យ៉ាក់ និង​ជិះទូក​លេង ទូកក្ដោង ម៉ូតូ​ទឹក និង​សកម្មភាព​នៅ​មាត់សមុទ្រ រួមមាន បាល់ទះ បាល់ទាត់ និង​យូ​ហ្គា រួម​ជាមួយនឹង​ព្រឹត្តិការណ៍​វប្បធម៌​ដែល​បង្ហាញ​ពី​តន្ត្រី​ខ្មែរ របាំ ចម្អិន​អា​ហារ និង​សិល្បៈ​។ កិច្ចខិតខំ​ប្រឹង​​ប្រែង​ផ្នែក​បរិស្ថាន​ដូចជា​ការសម្អាត​ឆ្នេរ និង​ការដើរ​អប់រំ​បង្ហាញ​ពី​ការអភិរក្ស ធ្វើឱ្យ​ពិធីបុណ្យ​នេះ​ក្លាយជា​ការអបអរសាទ​រ​ដ៏​រស់​រវើក​នៃ​បេតិកភណ្ឌ​ឆ្នេរសមុទ្រ​ដែល​វិវត្តន៍​របស់​ខេត្ត​កែប​។​

​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ ២០២៣-២០៣៥ ​ទើប​ដាក់ឱ្យ​ប្រើប្រាស់ មាន​គោល​បំណង​ប្រែក្លាយ​ខេត្ត​កែប ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ជា​គោលដៅ​ប្រណីត​។ ក្នុង​ពិធី​សម្ពោធ​នោះ អតីតរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ថោង ខុន បានឱ្យដឹងថា ផែនការ​នេះ​ផ្ដោតលើ​សម្បត្តិ​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​កែប​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​ទេស​​ចរណ៍​ប្រកបដោយ​និរន្តរភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​។​

​យុទ្ធសាស្ត្រ​សំខាន់ៗ​នៃ​ផែន​ការ​មេ រួមមាន ការបង្កើត​កន្លែង​ទាក់ទាញ​ថ្មីៗ​ដូចជា​ទីលាន​វាយ​កូន​ហ្គោល​ការ​ទស្សនា​បាតសមុទ្រ និង​កាស៊ីណូ ធ្វើឱ្យ​ប្រសើរឡើង​នូវ​កន្លែង​ដែលមាន​ស្រាប់ ដូចជា សណ្ឋាគារ និង​ឆ្នេរ និង​ការ​ផ្សព្វ​ផ្សាយ​ខេត្ត​កែប​សម្រាប់​ការធ្វើដំណើរ​ប្រណីត ព្រឹត្តិការណ៍​អាជីវកម្ម និង​អាពាហ៍ពិពាហ៍​។​

​បញ្ហា​ប្រឈមមុខ​ជំនួញ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ខេត្ត​កែប​

ក្បែរ​ផ្សារ​ក្ដាម ស្ដ្រី​អាជីវករ​ម្នាក់​កំពុងតែ​រៀបចំ​គ្រឿង​សមុទ្រ​រស់​រវើក​នៅក្នុង​ទូកញ្ចក់​ដើម្បី​ត្រៀម​ស្វាគមន៍​ការ​មក​កម្សាន្ដ​នៅ​ខេត្ដ​ដ៏​តូច​បំផុត​របស់​ប្រទេស​កម្ពុ​ជាមួយនេះ​។ ខុស​សព្វមួយដង​នៅពេល​សួរនាំ​អំពី​ចំនួន​ភ្ញៀវ អ្នកស្រី ស្រី​ពៅ វី​តា ម្ចាស់​ភោ​ជនី​យ​ដ្ឋា​ន ស្រី​ពៅ វី​តា និយាយ​ទាំង​ទឹកមុខ​ស្រពោន​ថា អ្នកស្រី​ហាក់​គ្មាន​រំពឹងថា ភោជនីយដ្ឋាន​របស់​អ្នកស្រី​ទទួលភ្ញៀវ​ច្រើន​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​បុណ្យ​សមុទ្រ​នោះទេ​។​

​អ្នកស្រី​ថា​៖ «​ចាប់តាំងពី​មុន​បោះឆ្នោត ភ្ញៀវ​នៅ​តំបន់​នេះ​ហាក់​ប្រែជា​ស្ងប់ស្ងាត់​។ ទោះ​បុណ្យ​សមុទ្រ​កន្លងទៅ​មាន​ភ្ញៀវ​ច្រើនតែ​ការលក់ដូរ​មិន​ច្រើន​ណាស់ណា​នោះទេ​»​។​

​ម្ចាស់​ហាង​លក់​គ្រឿង​សមុទ្រ​រូបនេះ បន្ដថា ក្នុងនាម​ជា​អ្នកលក់ដូរ អ្នកស្រី​នៅតែ​រំពឹង​ខ្ពស់​ចំពោះ​វត្ដ​មាន​ភ្ញៀវ​មកលេង​បុណ្យ​សមុទ្រ​នៅ​ខែក្រោយ​នេះ​។ ប៉ុន្ដែ​អ្នកស្រី​ថា អ្នកស្រី​មិនបាន​ត្រៀម​គ្រឿង​​សមុទ្រ​រាប់រយ​គីឡូ​ដូច​បណ្ដា​បុណ្យ​កន្លងទៅ​នោះទេ ដោយ​អ្នកស្រី​ថា ឆ្នាំនេះ​អ្នកស្រី​កាត់​ស្ដុក​គ្រឿង​សមុទ្រ​ជាង​ពាក់កណ្ដាល​ចេញ​។

អ្នកស្រី វី​តា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ដោយ​សង្កេតមើល​តាំងពី​បុណ្យ​ភ្ជុំ នៅ​កែប​នេះ​មិនមាន​ភ្ញៀវ​ច្រើន​ផង​។ ដូច្នេះ ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ប្រជាជន​មកលេង​បុណ្យ​សមុទ្រ​ឱ្យបាន​ច្រើន​»​។​

​ម្ចាស់ផ្ទះ​សំណាក់ Kep Villa Hill Guesthouse អ្នកស្រី កែវ វីឡា​ បាន​និយាយ​ត្អូញត្អែរថា រហូតដល់​ថ្ងៃនេះ ផ្ទះសំណាក់​របស់​អ្នកស្រី​មិន​ទទួល​បានការ​កក់​អ្វី​ទាល់តែសោះ​ដោយ​ខុសស្រឡះ​ពី​ព្រឹ​ត្ដិ​ការណ៍​មុនៗ ដែល​អ្នកស្រី​ត្រូវ​បិទ​ការទទួល​កក់​ពីរ​បី​ខែ​មុន​។​

​ជា​ផ្ទះសំណាក់​សម្បូរ​ភ្ញៀវ​បរ​ទេស ដែលមាន​តម្លៃ​ចាប់ពី ២៥ ទៅ​ ៦០​ ដុល្លារ អ្នកស្រី វីឡា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​កាលពី​ឆ្នាំមុនៗ​អំឡុង​កូ​វីដ មាន​ភ្ញៀវ​តិក​តក់​ច្រើនជាង​ឥឡូវ​។ សូម្បីតែ​បុណ្យ​ភ្ជុំ​កន្លងទៅ ផ្ទះសំណាក់​ខ្លះ អត់​មាន​ភ្ញៀវ​ផង​មានតែ​មួយ ឬ​ពីរ​បន្ទប់​ប៉ុណ្ណោះ រកតែ​លុយ​បើកប្រាក់​ឱ្យ​បុគ្គលិក​គ្មាន​ផង​។ រី​សត​នៅ​មាត់សមុទ្រ និង​រី​សត​លំដាប់​ថ្លៃៗ គេ​មាន​ភ្ញៀវ​ច្រើនជាង​យើង​»​។ អ្នកស្រី​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួងទេសចរណ៍​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវទេសចរ​មកលេង​ខេត្ដ​កែប ដោយ​អ្នកស្រី​អះអាងថា អាជីវ​កម្ម​នៅ​ខេត្ដ​កែប​នេះ​ប្រឈមមុខ​នឹង​ការ​ដាច់បាយ​។​

​អ្នកនាង​ ម៉េង ឡា​ឌី អ្នក​គ្រប់​គ្រង​រី​សត​មាលា ​(Melea Re-ort)​ ក្បែរ​មាត់សមុទ្រ​កែប បាន​ទទួលស្គាល់ថា ប្រមាណ ៣ ខែ​ចុង​ក្រោយនេះ ចំនួន​ភ្ញៀវ​មក​ស្នាក់នៅ​រី​សត​មានការ​ធ្លាក់ចុះ​ខ្លាំង តែ​មិន​ដល់​ថ្នាក់​អត់​សោះ​នោះទេ​។ អ្នកនាង បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ខែវិច្ឆិកា ចំនួន​ភ្ញៀវ​មានការ​កើនឡើង​ដែល​រី​សត​ត្រូវ​ប្រើ​តារាង​តម្លៃ​ផ្សេង​ទៅតាម​រដូវ​កាល​។ ប៉ុន្ដែ​ដោយសារ​ភ្ញៀវ​នៅមាន​ចំនួន​តិច សេវាកម្ម​បន្ទប់​នៅ​រក្សា​ចន្លោះ​ពី ៤០ ទៅ ៧០ ​ដុល្លារ​។​

​អ្នកនាង​ឡា​ឌី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​នៅទីនេះ​ធ្លាក់​ភ្ញៀវ​ច្រើន​គ្រប់​ទីកន្លែង​។ ខ្ញុំ​មិនសូវ​រំពឹងថា នឹងមាន​ភ្ញៀវ​ច្រើន​អំឡុងពេល​បុណ្យ​សមុទ្រ​នោះទេ ដោយសារតែ​កត្ដា​ចម្បង​គឺ​បុណ្យអុំទូក និង​បុណ្យ​សមុទ្រ​ត្រូវបាន​រៀបចំឡើង​កៀក​គ្នា​ពេក និង​ហាក់​មិនសូវមាន​គេ​ដឹង​ច្រើន អំពី​បុណ្យ​សមុទ្រ​នេះ​»​។​

​លោក​ សុភ័ក ថ្លែង​ទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ផ្ដល់ឱកាស​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ពិតជា​រឿង​សំខាន់​ដែល​ក្រសួងទេសចរណ៍​ធ្វើការ​សម្របសម្រួល ជាពិសេស ទាក់ទង​នឹង​ផ្លូវថ្នល់ ជា​ចំណែក​មួយ​បង្អាក់ដំណើរ​របស់​ភ្ញៀវ​។ លោក​លើកឡើងថា ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​គោល​បំ​ណង​ចម្បង​គឺ​ការទាក់ទាញ​ភ្ញៀវ​ឱ្យមក​ចូលរួម​ច្រើន ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍ ទាំង​អំឡុងពេល​ពិធីបុណ្យ និង​ក្រោយ​ពិធីបុណ្យ​។​

​លោក​ សុភ័ក ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​មូលដ្ឋាន​អាជីវកម្ម ប្រតិ​​ប​ត្ដិករ​ទេសចរណ៍​និង​អ្នក​ពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​ជួយ​ពង្រឹង​ប​ដិ​​ស​ណ្ឋា​រ​កិច្ច ផលិតផល និង​តម្លៃ ដោយ​កែលម្អ​អ្វីដែល​ធ្លាប់មាន​បញ្ហា​។ ខេត្ដ​កែប​ត្រូវបាន​ដាក់​ជា​គោលដៅ​ទេសចរណ៍​ប្រណីត គឺជា​ភាព​ទាក់ទាញ​មួយ​ចម្បង​»​។​

​ឆ្លើយ​នឹង​សំណួរ​ថា​បុណ្យ​សមុទ្រ​ត្រូវបាន​រៀបចំឡើង​កៀក​នឹង​ពិធីបុណ្យ​អុំទូក លោក សុភ័ក យល់ឃើញថា វា​អាស្រ័យ​លើ​លទ្ធភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ ដោយ​ពួកគេ​អាច​ទៅលេង​កម្សាន្ដ​បែប​វិល​ល្ងាច ឬ​ស្នាក់​នៅតាម​ថវិកា​ពីព្រោះ​វា​ជា​កម្មវិធី​សប្បាយ​៕