ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ក្នងរយៈពេល ៣ ខែកន្លងមកនេះ លោកបានធ្វើដំណើរទៅក្រៅប្រទេសទាក់ទាញគម្រោងកម្ចីជារឿង ១ ផ្នែក ប៉ុន្តែក្រៅពីនោះលោកក៏បានទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុកផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺជាការឆ្លើយតបទៅនឹងការរិះគន់មួយចំនួន ដែលលោកថា មើលមិនឃើញពីគុណសម្បត្តិរបស់រាជរដ្ឋាភិបាល ហើយជេរស្តីថា ក្នុងរយៈពេល ៣ ខែមកនេះ រាជរដ្ឋាភិបាលគ្មានធ្វើអ្វីក្រៅពីដើរខ្ចីលុយគេ។
លោកបញ្ជាក់ថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺប្រើប្រាស់ធនធានឯកជនតាមរយៈ BOT ផ្សេងៗ ជាក់ស្តែងការសម្ពោធដាក់ឱ្យប្រើប្រាស់ ព្រលានយន្តហោះនៅខេត្តសៀមរាបមានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារជាថវិកា BOT។
លោកថ្លែងថា៖ «ការទាញអ្នកវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច»។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោកហ៊ុន ម៉ាណែត បានជួបជាមួយនឹងអ្នកវិនិយោគជប៉ុនជាច្រើនរូប ដែលមានគម្រោងនៅក្នុងការពង្រីកការវិនិយោគលើវិស័យជាច្រើនដូចជា ការបណ្តុះបណ្តាល និងផ្នែកព័ត៌មានវិទ្យាផ្សេងៗ។
ក្នុងរយៈពេល ៣ ខែនេះដែរ លោកក៏បានធ្វើការទំនាក់ទំនង ដើម្បីបើកច្រកប្រទេសសំដៅទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។
លោកថា៖ «ក្នុងរយៈពេល ៣ ខែនេះ រដ្ឋាភិបាលមិនបានដក ហើយក៏មិនបានចេះតែដើរខ្ចីលុយគេនោះទេ ប៉ុន្តែយើងទាញនៅក្នុងផលិតផលគ្រប់រូបភាពទាំងអស់ដើម្បីបម្រើប្រជាពលរដ្ឋ ហើយជាពិសេសវិស័យឯកជន គឺជាដង្ហើមធំណាស់»។
នៅក្នុងបទអន្តរាគមន៍ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសមិទ្ធផល ៣ ខែដំបូងរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២២ វិច្ឆិកា មានរយៈពេល ៣ ខែគត់ នៃការចាប់ផ្តើមបំពេញការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោករដ្ឋមន្ត្រីបានលើកឡើងថា រយៈពេល ៣ ខែនៃអាណត្តិ ៥ ឆ្នាំ ពិតជាខ្លីណាស់ ប៉ុន្តែ បើនិយាយពីសមិទ្ធផលដែលសម្រេចបានគឺធំធេងហួសពីការស្មាន ពីព្រោះក្រោយពីរាជរដ្ឋាភិបាលកើតភ្លាម ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យ។ ក្នុងរយៈពេល ៣ ខែមកនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗចំនួន៦ រួមមាន ទី១ គឺ ការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រក្រតី នៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុនម៉ាណែត បានធានានូវអ្វីៗគ្រប់យ៉ាងដែលសាងឡើងដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ គឺអត់មានធ្វើឱ្យមានការប្រែប្រួលត្រង់ចំណុចណាទៅជាអវិជ្ជមានទេ»។
សមិទ្ធផលធំទី២ របស់អ្នកដឹកនាំជំនាន់ថ្មី ៣ ខែនេះគឺជាយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូងកាលពីថ្ងៃទី ២៤ សីហា លោកហ៊ុន ម៉ាណែត បានប្រកាសគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដោយមានមុំ ៥ គឺការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ ដើម្បីផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសកល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ ព្រមទាំងពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មនៅតាមឃុំសង្កាត់។
បន្ថែមលើនេះសមិទ្ធផលធំទី៣ របស់រាជរដ្ឋាភិបាលគឺការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលពេលនេះក្រសួងយុត្តិធម៌កំពុងរៀបចំបែបបទនីតិវិធីក្រមប្រតិបត្តិ និងក្រមសីលធម៌ដើម្បីផ្សព្វផ្សាយ និងអនុវត្ត។ សមិទ្ធផលទី៤ គឺក្នុងរយៈពេល ៣ ខែ លោកនាយករដ្ឋមន្ត្រីបានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស ក្នុងរាជធានី ខេត្តចំនួន ១០ លើក សរុបអ្នកចូលរួមជិត ២០ ម៉ឺននាក់។
ក្នុងជំនួបទាំងនោះលោកនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាច្រើនយ៉ាងជូនកម្មករ-កម្មការិនី មានជាអាទិ៍ ការដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ ២០២៤ ឡើងដល់ ២០៤ ដុល្លារក្នុង ១ ខែ ជំរុញដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងសម្របសម្រួលឱ្យមានកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១ លាន ៥ សែននាក់ ជាដើម។
រីឯសមិទ្ធផលទី៥ គឺកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំនួន ៣ លើក បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនជាង ១០ ក្នុងនោះមានការពិនិត្យនិងសម្រេចសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈជាដើម។ បន្ថែមលើនេះសមិទ្ធផលទី ៦ គឺវេទិការាជរដ្ឋាភិបាលជាមួយផ្នែកឯកជន។
លោក យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា (RAC) ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនៅមិនទាន់សម្រេចបានលទ្ធផលជាដុំកំភួននៅឡើយទេ ព្រោះមាននយោបាយបន្តពីនីតិកាលមុនច្រើន ទោះបីជារយៈពេល ៣ ខែមកនេះ រាជរដ្ឋាភិបាល បានធានាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ និងការអភិវឌ្ឍ ក៏ដោយប៉ុន្តែគោលនយោបាយផ្សេងទៀត ដូចជាការផ្តល់ជំនាញវិជ្ជាជីវៈដល់យុវជន ១ លាន ៥ សែននាក់ និងការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំសង្កាត់ជាដើម សុទ្ធតែទើបចាប់ផ្តើមធ្វើ។
លោកថ្លែងថា៖ «កាលណាទើបចាប់ផ្តើមធ្វើ ដូច្នេះលទ្ធផលមិនទាន់មើលឃើញទេ អ៊ីចឹងយើងត្រូវរង់ចាំបន្តទៀត រីឯបញ្ហាផ្សេងទៀត គឺបានធានាស្ថិរភាព សុខសុវត្ថិភាពសង្គម គឺជាសមិទ្ធផលមួយចំណែកកិច្ចការអន្តរជាតិធំៗមួយចំនួនដែលរាជរដ្ឋាភិបាលបានចូលរួមមាន មហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ាន»៕