ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កងកម្លាំងប្រមាណជា ៥ ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ខណៈមន្ទីរសុខាភិបាលក្រុងក៏បានត្រៀមសេវាសុខាភិបាល និងឡានសង្គ្រោះបន្ទាន់ប្រមាណជា ៧០ គ្រឿង ក្នុងអំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅចុងសប្តាហ៍នេះផងដែរ។
តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដែលដឹកនាំដោយលោកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ចេញផែនការសំខាន់ៗមួយចំនួនដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងពិធីបុណ្យនេះ។
បើតាមរយៈហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែវិច្ឆិកា លោក ជួន ណារិន្ទ បានណែនាំដល់មេបញ្ជាការតាមគោលដៅត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែងដែលត្រូវការពារដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់លើការប្រើកម្លាំង មធ្យោបាយ ភូមិសាស្ត្រ សភាពការណ៍ និងគោលដៅឈរជើងក្នុងការឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។
លោកបានបន្តថា ក្រៅពីនេះ មេបញ្ជាការដឹកនាំតាមគោលដៅត្រូវប្រើប្រាស់កម្លាំងល្បាត ត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពិធីនិងដាក់កម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវការចាំបាច់។
លោក ជួន ណារិន្ទ បានលើកឡើងថា៖ «សូមឱ្យកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាប្រមាណ ៥ ពាន់នាក់ចូលរួមទប់ស្កាត់អំពើលួចដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ និងដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារង់ចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ»។
បើតាមលោក ជួន ណារិន្ទ កងកម្លាំងពាក់ព័ន្ធក៏ត្រូវរៀបចំចំណតរថយន្តសម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្តដើម្បីដោះស្រាយបញ្ហាកកស្ទះនៅក្នុងតំបន់ខាងក្នុងព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅលើតំបន់គោលដៅសំខាន់ៗដែលបានបិទមិនត្រូវអនុញ្ញាតឱ្យមធ្យោបាយណាមួយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ។
ទាក់ទងនឹងពិធីនេះដែរ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានប្រាប់នៅថ្ងៃទី ២២ ខែវិច្ឆិកាដែរថា មន្ទីរសុខាភិបាលបានត្រៀមកម្លាំងសង្គ្រោះរួចរាល់ហើយក្នុងអំឡុងពិធីបុណ្យអុំទូកខាងមុខ។
លោកបានឱ្យដឹងទៀតថា ក្នុងនោះមន្ទីរសុខាភិបាលមានរៀបចំតង់សម្រាប់ព្យាបាលទៅតាមតំបន់គោលដៅសំខាន់ៗដោយមានក្រុមគ្រូពេទ្យនិងឡានសង្គ្រោះបន្ទាន់ផងដែរ។
លោក ងី មានហេង បានបញ្ជាក់ថា៖ «ក្នុងនោះទាំងឡានសង្គ្រោះរបស់មន្ទីរសុខាភិបាល និងរបស់ក្រសួងសុខាភិបាលមានប្រហែល៧០គ្រឿងសម្រាប់ដាក់ក្នុងការឆ្លើយតបសង្គ្រោះអ្នកជំងឺ។យើងក៏មានក្រុមគ្រូពេទ្យ ដើម្បីចុះអប់រំដល់អាជីវករដែលជាអ្នកលក់ដូរចំណីអាហារនៅតាមពិធីបុណ្យឱ្យពួកគាត់ប្រកាន់ខ្ជាប់នូវអនាម័យល្អ គ្របទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវដើម្បីឱ្យអ្នកបរិភោគមានសុវត្ថិភាព»។
ក្រៅពីក្រុមគ្រូពេទ្យចុះអប់រំដល់អ្នកលក់ចំណីអាហារ ក៏មានការអប់រំផ្សព្វផ្សាយទាក់ទងនឹងការបង្ការជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀតផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ងី មានហេង។
ជាមួយគ្នានោះដែរនៅថ្ងៃទី ២២ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ រួមនឹងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញផងដែរ។
ចំណែក រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានចេញសេចក្តីជូនដំណឹងពីការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ ដោយក្រសួងបានណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ដោយមិនកាត់ប្រាក់ឈ្នួលឡើយ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង បន្ទាប់ពីពិធីបុណ្យនេះបានខកខានអស់ពេល ៣ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ១៩៕