កំពង់ឆ្នាំងៈ រដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុនបានរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និងប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គីឡូម៉ែត្រផងដែរ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
ពិធីនេះ បានប្រព្រឹត្តឡើងនាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតី លោកនាយករដ្ឋមន្ត្ រីហ៊ុន ម៉ាណែត និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមនឹងមន្ត្រី ប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនាពិធីនោះថា កំណាត់ផ្លូវជាតិលេខ ៥ ដែលកំពុងសម្ពោធឱ្យប្រើប្រាស់នេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលជាមរតកមិនអាចកាត់ថ្លៃបានពីរាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ លោកថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ពីដើមឡើយ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះបែងចែកជា ៣ កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)។ លោកថា៖ «កំណាត់ផ្លូវជាតិលេខ ៥ បានប្រើប្រាស់រយៈពេលសាងសង់សរុបចំនួន ៧ ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន»។
សូមបញ្ជាក់ដែរថា កំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន សែន។ ដោយឡែកកំណាត់ផ្លូវចំនួន ២ ទៀត គឺកំណាត់ផ្លូវភាគខាងត្បូង និងភាគកណ្ដាលនេះបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ ២០២៣ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ២២ ខែវិច្ឆិកា។
លោក ប៉េង ពោធិ៍នា បញ្ជាក់ថា៖ «ចំពោះថវិកាសាងសង់កំណាត់ផ្លូវទាំង ២ នេះបានចំណាយថវិកាសរុបចំនួន ៤០៨,៤៣ លានដុល្លារអាមេរិក ក្នុងនោះកំណាត់ផ្លូវភាគខាងត្បូង ចំណាយថវិកាចំនួន ២៤៦,៥៣ លានដុល្លារ និងកំណាត់ផ្លូវភាគកណ្តាល ចំណាយថវិកាចំនួន ១៦១,៩០ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»។
ឆ្លៀតឱកាសនោះដែរ លោកក៏បញ្ជាក់ដែរថា ចំពោះការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ពីសិរីសោភ័ណទៅប៉ោយប៉ែត មានប្រវែង ៣៥,១៤ គីឡូម៉ែត្រ គឺជាការស្នើសុំបន្ថែម ដើម្បីតភ្ជាប់ផ្លូវជាតិលេខ ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែត និងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។
លោកឱ្យដឹងថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ ខែ និងបញ្ចប់នៅក្នុងអំឡុងខែមីនា ឆ្នាំ ២០២៥ ដោយនឹងប្រើប្រាស់ថវិកាសាងសង់ចំនួន ៥២,៥៦ លានដុល្លារបន្ថែមទៀត ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
នៅក្នុងពិធីនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) បានថ្លែងថា រដ្ឋាភិបាលជប៉ុនមានការប្តេជ្ញាចិត្តជាយូរមកហើយក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់មេគង្គហើយលោកពិតជារីករាយក្រៃលែងដែលបានធ្វើឱ្យបញ្ចប់ដោយជោគជ័យនូវគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៥ នេះ។
ទន្ទឹមនឹងការបញ្ចប់ការសាងសង់ស្ពានត្សឹបាសា ឬស្ពានអ្នកលឿងក្នុងឆ្នាំ ២០១៥ ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ ១ ក្នុងឆ្នាំ ២០១៧ និងការបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងការបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៥ នាពេលនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការតភ្ជាប់ក្នុងតំបន់ជារួម។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងថា៖ «យើងក៏ជឿផងដែរថា វានឹងជួយសម្រួលដល់ការផ្លាស់ប្តូរធនធានមនុស្ស និងសម្ភារ ក៏ដូចជាទំនិញឱ្យកាន់តែរលូនជាមួយនឹងប្រទេសថៃ និងប្រទេសវៀតណាម ហើយនឹងរួមចំណែកជំរុញឱ្យកម្ពុជាក្លាយជាគោលដៅដ៏ស័ក្តិសមដល់ការវិនិយោគឯកជន និងជួយលើកកម្ពស់សេដ្ឋកិច្ច និងកម្រិតរស់នៅនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល»។
នាពិធីសម្ពោធនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងដោយបានចាត់ទុកការដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ជាផ្លូវការនេះ គឺជានិមិត្តរូបនៃការបន្ដការអភិវឌ្ឍ និងពង្រឹងសេដ្ឋកិច្ចរបស់ជាតិនៃរាជរដ្ឋាភិបាលនីតិកាលថ្មី បន្ដពីរាជរដ្ឋាភិបាលនីតិកាលចាស់។
លោកមានប្រសាសន៍ថា៖ «ពិធីសម្ពោធផ្លូវជាតិលេខ ៥ នាពេលនេះ ក៏ជាព្រឹត្តិការណ៍ពិសេសផងដែរ ព្រោះចំខួបរយៈពេល ៣ ខែ នៃថ្ងៃកំណើតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ការជួប និងការសម្ពោធនៅទីនេះ ចំថ្ងៃពិសេសហើយក៏ជានិមិត្តរូបនៃការបន្តការអភិវឌ្ឍ ការពង្រឹងប្រទេសជាតិក្នុងស្ថានភាពសេដ្ឋកិច្ច និងការរីកចម្រើន ដែលកសាងបានពីអាណត្តិមុនៗមក និងការពង្រីកបន្ថែមទៀតផងដែរ»។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់នៅចំពោះមុខលោក អ៊ូអិណុ អាត់ស៊ូស៊ី ផងដែរថា នេះគឺជាសមិទ្ធផលរួមរវាងកម្ពុជា និងជប៉ុនដែលកើតចេញពីទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំង ២ ដែលជាការបង្ហាញនូវការបន្តទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំថែមទៀត។
លោកបន្ថែមថា ផ្លូវជាតិលេខ ៥ នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលផ្លូវនេះប្រៀបដូចជាសរសៃឈាមដែលភ្ជាប់ពីតំបន់ ១ ទៅតំបន់ ១ ពីប្រជុំជន និងប្រទាក់ក្រឡាជាមួយនឹងផ្លូវផ្សេងៗ ទៅតាមបណ្តាខេត្តនានាផងដែរ។
លោកថា៖ «យើងមានផ្លូវច្រើនណាស់ឥឡូវ ដូចពាក្យចាស់ថា មានផ្លូវមានសង្ឃឹម ហើយផ្លូវដែលកសាងហើយនេះបើធ្វើតែសម្រាប់លម្អ មិនឱ្យមានឡានបើក មិនបម្រើដល់សេដ្ឋកិច្ច នោះវានឹងមិនបានផលច្រើនទេ តែផ្លូវនេះធ្វើហើយ ធ្វើឱ្យសរសៃឈាមយើងរត់កាន់តែល្អ បានន័យថា តាមផ្លូវសេដ្ឋកិច្ចកាន់តែល្អ នោះហើយដែលនាំឱ្យមានផលដល់ប្រជាពលរដ្ឋ និងមាននិរន្តរភាព»។
បើតាមលោក ហ៊ុន ម៉ាណែត ទៅថ្ងៃអនាគត អាចនឹងមានការសាងសង់ផ្លូវដែក ១ ខ្សែទៀតដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕