ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ ​(National Bank of Cambodia)​ និង​ធនាគារកណ្តាល​ចិន ​(People’s Bank of China) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ដើម្បី​ជំរុញ​នវានុវត្តន៍​ក្នុង​វិស័យ​ធនាគារ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព និង​ប្រសិទ្ធភាព​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​កម្ពុជា និង​ចិន​។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​គ្នា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​ទី​​ក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​អនុស្សរណៈ​យោគយល់​មាន​ចំនួន​ ២ គឺ​ទី​ ១ កិច្ចសហប្រតិបត្តិការ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ទី ​២ ការបង្កើត​កិច្ច​សម្រប​សម្រួល​ក្នុងការ​ទូទាត់ និង​ផាត់ទាត់​នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា ក្រៅពី​ជំរុញ​ការធ្វើ​នវានុវត្តន៍​ក្នុង​វិស័យ​ធនាគារ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ហើយ អនុស្សរណៈ​នេះ​ក៏​នឹង​កសាង​សមត្ថភាព​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ពាណិជ្ជកម្ម ការវិនិយោគ និង​លំហូរ​ហិរញ្ញវត្ថុ​ទ្វេភាគី​រវាង​ប្រទេស​ចិន និង​កម្ពុជា​ផងដែរ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​របស់​ទូរទស្សន៍​ CNBC នៃ​ប្រ​ទេស​សិង្ហ​បុរី កាលពី​ពាក់​កណ្តាលខែ​វិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ លោកស្រី ជា​ សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញវត្ថុ​បានផ្តល់​ផលប្រយោជន៍​ជា​​ច្រើន​ដល់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តាមបែប​ឌីជីថល ដែលមាន​ភាព​ឆាប់រហ័ស ងាយស្រួល និង​តម្លៃ​ទាប​។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏បាន​ធ្វើ​បដិវត្ត​កម្ម​ក្នុង​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ​។​

​លោកស្រី​បាន​បន្ថែមថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើតឡើង​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នក​ប្រើ​​ប្រាស់​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ភ្លាមៗ​តាមរយៈ​ការ​ស្គេ​ន QR Code បាន​យ៉ាង​ងាយស្រួល​។​

​លោកស្រី​ជា សិរី បាន​បញ្ជាក់ថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ អ្នកប្រើប្រាស់​ប្រព័ន្ធ​បាគង​អាចធ្វើ​ការទូទាត់​ជាមួយ​អាជីវករ​ដែលមាន​ប្រព័ន្ធ Alipay​ ចំនួន​៨៣​ លាន​អាជីវករ​នៅ​ទូទាំង​សកលលោក​។ ដូចគ្នានេះដែរ ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​កម្ពុជា​ក៏​អាចធ្វើ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ KHQR ដោយ​ងាយស្រួល និង​ទទួលបាន​បទពិសោធន៍​ក្នុងការ​ទូទាត់​នៅ​កម្ពុជា​ដែល​ល្អ​ជាង​មុន សំដៅ​រួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់​តែ​ប្រសើរឡើង​ថែមទៀត​»​។​

​លោកស្រី បាន​រំឭក​ដល់​អាជីវករកម្ពុជា​ផងដែរ​ថា ត្រូវមាន​គណនី​ជា​ប្រាក់រៀល និង​ទទួលយក​ប្រាក់រៀល និង​បាន​ស្នើឱ្យ​គ្រឹះស្ថាន​ធនាគារ​ទាំង​អស់​លើកទឹកចិត្ត​អាជីវករ​របស់ខ្លួន​ឱ្យ​បើក​គណនី​ជា​ប្រាក់រៀល និង​ធ្វើការ​ទូទាត់​ជា​រៀល​ដើម្បី​ទទួលបាន​អត្ថ​​ប្រយោជន៍​ដ៏​ច្រើន​ពី​ប្រព័ន្ធ​នេះ​។​

​លោក​អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា នៅ​ថ្ងៃទី​​ ២២ ខែវិច្ឆិកា  ​បានបង្ហាញ​ការយល់ឃើញថា ការចុះ​អនុស្សរណៈ​រវាង​ធនាគារជាតិ នៃ​កម្ពុជា និង​ធនាគារកណ្តាល​ចិន មាន​សារៈសំខាន់​ខ្លាំងណាស់​និង​ជាការ​បើកផ្លូវ​មួយ​សម្រាប់​ធនាគារពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ក្នុងការ​ជំរុញ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​រវាង​ប្រទេស​ទាំង ​២​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​ចាំ កាលពី​អំឡុង​ឆ្នាំ​ ២០១០ អេស៊ីលីដា​ក៏​ធ្លាប់​ចុះ​កិច្ច​ព្រម​​ព្រៀង​ជាមួយ​ UPI (Union Pay International)​ ដើម្បី​សម្រួល​ការទូទាត់​ជា​ទម្រង់​កាត​។​យើង​មាន​គោលដៅ​ធំ​ដើម្បី​ពង្រីក​ការទូទាត់​ទៅកាន់​គោលដៅ​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភព​​លោក​។ និយាយ​រួម​កន្លែង​ណាក៏ដោយ​ឱ្យតែ​ធនាគារ កណ្តាល​របស់​យើង​ (NBC)​ គាត់​ត្រួស​​ត្រាយផ្លូវ​មុន បើកផ្លូវ​ឱ្យ​មុន យើង​នឹង​អនុវត្តតាម​ក្រោយ​»​។​

​សូម​រំឭកថា នៅក្នុង​ឆ្នាំ ២០២៣ ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចុះ ​MoU ជាមួយ​ធនាគារ និង​ប្រព័ន្ធ​ទូទាត់​របស់​ចិន​ចំនួន​ ៣​ ហើយ រួមមាន ជាមួយ​ក្រុមហ៊ុន UnionPay International,​ ក្រុមហ៊ុន AliPay Connect Pte. Ltd. និង​ធនាគារកណ្តាល​ចិន ​(People’s Bank of China)​ ដើម្បី​ជំរុញ​ការទូទាត់​តាម​ឌីជីថល​ដោយ​ប្រើប្រាស់​ប្រាក់រៀល​របស់​កម្ពុជា និង​ប្រាក់​យន់​របស់​ចិន​ឱ្យមាន​លក្ខណៈ​ទូលំទូលាយ​បន្ថែមទៀត​នៅក្នុង​ប្រទេស​ទាំង​ ២៕