​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​​ ម៉ា​ណែ​ត បាន​អះអាងថា កំពង់ផែ​ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ផែ​មួយ​ដែលមាន​សក្តានុពល​ធំ​ដើម្បី​បម្រើ​សេដ្ឋកិច្ចជាតិ​ដែល​មិន​ត្រឹមតែ​អ្នក​ខេត្ត​ព្រះសីហនុ​ទេ តែ​សម្រាប់​បម្រើ​ទូទាំងប្រទេស ខណៈ​លោក​កំពុង​ជំរុញ​ឱ្យ​មន្ត្រី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ការងារ​នេះ ព​ន្លឿ​ន​ការពង្រីក​កំពង់ផែ​ដំណាក់កាល​ទី​​១​ ឱ្យបាន​មុន​ដំណាច់ឆ្នាំ ២០២៣ នេះ​។​

​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ ៥ នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា កំពង់ផែ​ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចកណ្ដាល​នៃ​ការឆ្លងកាត់​របស់​នាវា​ដឹកទំនិញ​នៃ​ប្រទេស​នានា​ក្នុង​តំបន់ នឹង​ក្លាយជា​កំពង់ផែ​ដ៏​មាន​សក្ដានុពល​មួយ​នៅពេល​ខាងមុខ ក្រោយ​ការសាងសង់​ពង្រីក​ជា​កំពង់​​ផែ​ទឹក​ជ្រៅ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ​ឯកអគ្គរដ្ឋទូត​ជប៉ុន​អំបាញ់មិញ គឺ​កំពង់ផែ​ព្រះសីហនុ ជា​កំពង់ផែ​ប្រវត្តិសាស្ត្រ ហើយ​លក្ខណៈ​ភូមិសាស្ត្រ​របស់​កម្ពុជា​គឺ​នៅ​កណ្តាល រវាង​កំពង់ផែ​ថៃ​ឡាំ​ចា​បាំង ​(LaemChabang)​ និង​កំពង់ផែ​នៅ​ប្រទេស​វៀតណាម​។​អ៊ីចឹង​កន្លែង​នេះ​ជា​កន្លែង​ដែល​សំខាន់​ណាស់ សម្រាប់​ទំនិញ​ឆ្លងកាត់​»​។​

​លោកនាយក​រដ្ឋមន្ត្រីបាន​បន្តថា៖ «​បច្ចុប្បន្ន​យើង​មាន​បញ្ហា​ប្រឈម​មួយ​គឺ​ជម្រៅ​ទឹក​និង​សមត្ថភាព​គឺមាន​ជម្រៅ​ទើបតែ​ជាង​ ៨ ​ម៉ែត្រ​ទេ​។​កប៉ាល់​ទំនិញ​ដែល​ដឹកទំនិញ​ចូលមក​យើង​គឺ​បានត្រឹមតែ ១៨ ភាគរយ​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​គឺ​សាង​បន្ត​ពី​គេ​ជាង ​៨០ ​ភាគរយ​ទៀត​។ អ៊ីចឹង​វា​អស់ថ្លៃ​ច្រើន​ដឹក​ចេញ ដឹក​ចូល​។ ឥឡូវ​ជាមួយនឹង​គម្រោង​ឥណទាន​របស់​ជប៉ុន​យើង​បាន​ហើយ អរគុណ​ណាស់​រដ្ឋាភិបាល​ជប៉ុន ដែល​យកចិត្តទុកដាក់​នៅក្នុង​ការជួយ​ពង្រឹង​នូវ​កំពង់ផែ​យុទ្ធសាស្ត្រ​នេះ​»​។​

​ទោះជា​យ៉ាងណា បើតាម​លោក ហ៊ុន ម៉ា​ណែ​ត គម្រោង​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ដំណាក់កាល​ទី​១ ​នេះ មិន​រួចរាល់​នៅឡើយ​ទេ ព្រោះ​បើតាម​របាយ​​ការណ៍​ពី​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅមាន​បញ្ហា​មួយចំនួន​ដែលជា​ឧបសគ្គ​។​

​ទោះជា​បែបនេះ​ក្តី លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា​៖ «​ដោយសារ​នៅជាប់​មាន​បញ្ហា​មួយចំនួន​ទើប​ខ្ញុំ​សុំឱ្យ​ឯកឧត្តម​ស៊ុន ចាន់ថុល ធ្វើ​ម៉េច​ធ្វើឱ្យបាន​មុន​ដំណាច់ឆ្នាំ​ ២០២៣​ ឱ្យ​ខ្ញុំ ដើម្បី​យើង​សម្ពោធ​បុកគ្រឹះ ដើម្បី​ចាប់​ផ្តើមធ្វើ​តែម្តង ព្រោះ​ឆ្នាំ​ ២០២៣ គឺ​ខួប​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន អ៊ីចឹង​នេះ​ជា​និមិត្តរូប​ដែល​យើង​សម្ពោធ​ផ្លូវ​ហើយ យើង​សម្ពោធ​កំពង់​ផែ​ទៀត​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២៣ ​កន្លងទៅ លោក លូ គឹម​ឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កំពុង​មមាញឹក​ក្នុងការ​អភិវឌ្ឍ​ទីតាំង​ចំណត ទីតាំង​ផ្ទុក​កុងតឺន័រ បង្កើន​ជម្រៅ​ផ្លូវទឹក​ឱ្យ​កាន់តែ​ជ្រៅ​ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ការដឹកជញ្ជូន និង​ការសម្រេច​ឱ្យបាន​តាម​ផែនការ​អនុញ្ញាតឱ្យ​នាវា​ដឹកទំនិញ​គ្រប់​ធុន​ចូល​ចត​បាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២៦ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹងមាន​សមត្ថភាព​ប្រហាក់​ប្រហែលជា​មួយ​កំពង់ផែ​ប្រទេស​ដទៃ​ក្នុង​តំបន់​និង​អាចឱ្យ​នាវា​ដឹកទំនិញ​ក្នុង​តំបន់​ប្រមាណ​ ៩៣ ​ភាគរយ​ អាច​ចូល​ចត​បាន​ដែល​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ថយចុះ​ប្រ​មាណ​ ២០០ ​ដុល្លារ ​ក្នុង​ ១ ​កុងតឺន័រ ព្រម​ទាំង​ធ្វើឱ្យ​ភាព​ប្រកួតប្រជែង​ពាណិជ្ជ​​កម្ម​ជាតិ​មានការ​កើនឡើង​បន្ថែមទៀត ហើយក៏​អាច​ទាក់ទាញ​វិនិយោគ​មក​ប្រទេស​កម្ពុ​ជាច្រើន​បន្ថែមទៀត​ដែរ​»​។​

​លោក​ លូ គឹមឈន់ មាន​សុ​ទិដ្ឋិ​និ​​យម​ថា នៅពេល​នាវា​ដឹកទំនិញ​គ្រប់​ធុន អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ហើយ នោះ​នឹង​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ធ្លាក់ចុះ​ជាង​បច្ចុប្បន្ន ដែលជា​ហេតុ​នាំទៅដល់​ការបង្កើន​ភាព​ប្រកួតប្រជែង​ធំ​មួយ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ បង្កើន​ផលចំណេញ​ដល់​ផ្នែក​សេដ្ឋកិច្ច​រាប់រយ​លាន​ដុល្លារ​។ លោក​បញ្ជាក់ថា បើតាម​ការសិក្សា​គឺ​រហូតដល់​ជាង ៣៥០ ​លាន​ដុល្លារ ​ក្នុង​ ១​ ឆ្នាំ​។​

​ជាមួយគ្នានេះ លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ថា ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក កំពង់ផែ​ព្រះសីហនុ​គ្រប​ដណ្តប់​ប្រមាណ​ជិត​ ៧០​ ភាគរយ​ហើយ ដែល​នេះ​អាច​បញ្ជាក់បាន​ថា កំពង់ផែ​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា​ក្នុងការ​ដោះដូរ​ពាណិជ្ជក​ម្ម​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។​

​លោក​បាន​បន្ថែមថា ដោយសារ​បច្ចុប្បន្នកំពង់​ផែ​ព្រះសីហនុ ជា​កំពង់​​ផែ​ទឹក​រាក់ ដូចនេះ ការចូល​ចត​របស់​នាវា​ធំៗ​មួយចំនួនធំ​ គឺ​មិនអាច​ធ្វើទៅបាន​ត្រូវ​ទៅប្រើ​ផែ​ប្រទេសជិតខាង​វិញ​។​ដូច្នេះ ក្រោយ​មាន​ផែ​ទឹក​ជ្រៅ​អាច​នឹង​សម្រួល​បាន​ច្រើនជាង​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រាកដ​ណាស់ យើង​រំពឹង ការអភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​កំពង់ផែ​ជា​បន្តបន្ទាប់ ដែល​នឹង​រួចរាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​នឹងធ្វើ​ឱ្យ​ការដោះដូរ​ពាណិជ្ជ​កម្ម​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា កាន់តែ​សកម្ម​ជាងនេះទៀត​»​។​

​បើតាម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចំណត​កុងតឺន័រ​ថ្មី​ដំណាក់កាល​ទី​១ (​កំពង់ផែ​ទឹក​ជ្រៅ​)​ មានតម្លៃ​គម្រោង​ ២០៣​ លាន​ដុល្លារ​អាមេរិក ​ដែលមាន​ប្រវែង ៣៥០ ​ម៉ែត្រ និង​ជម្រៅ​ ១៤,៥ ​ម៉ែត្រ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នាវា​កុងតឺន័រ​ដែលមាន​សម​ត្ថ​ភាព​ផ្ទុក ៤ ០០០ TEUs (៦០ ០០០ DWT )​ចូល​កំពង់ផែ​ក្រុងព្រះសីហនុ​បាន​។​

​ចំណត​នេះ អាច​នឹងត្រូវ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៦ ដែល​ធ្វើឱ្យ​ការដឹកជញ្ជូន​តាម​សមុទ្រ​របស់​កម្ពុជា​អាច​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​បាន​ដោយ​សមត្ថភាព​របស់​វា​អាចឱ្យ​កុងតឺន័រ ៤៥០ ០០០ TEUs ក្នុង​ ១​ ឆ្នាំ​៕