ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំង ២៥ រាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ មានការយល់ដឹង និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកាថា ជាគោលដៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ អាជ្ញាធរមូលដ្ឋាន រួមទាំងសិស្ស-និស្សិត និងគរុសិស្សផងដែរ។ លោកបន្តថា គោលដៅនៃការផ្សព្វផ្សាយនេះ មិនមែនធ្វើឡើងតែរាជធានីភ្នំពេញនោះទេ ពោលគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំឡើងសម្រាប់នៅទូទាំង ២៥ រាជធានី-ខេត្តនៅទូទាំងប្រទេស។
លោកបានឱ្យដឹងទៀតថា ទោះបីជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនមានផែនការកំណត់ចំនួនប្រជាពលរដ្ឋប៉ុន្មានក្នុង ១ ឆ្នាំៗ ដែលត្រូវទទួលបានការអប់រំផ្សព្វផ្សាយនេះក៏ដោយ ប៉ុន្តែនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយម្ដងៗ មានពលរដ្ឋចូលរួមយ៉ាងហោចណាស់ពី ៦០ នាក់ ឡើងទៅ។ ចំណែកការរៀបចំសម្រាប់សិស្សានុសិស្សវិញ អាចមានអ្នកចូលរួមច្រើនចាប់ពី ១០០ នាក់ឡើង។
លោកថ្លែងថា៖ «ដូច្នេះគោលបំណងសំខាន់នៃកម្មវិធីអប់រំផ្សព្វផ្សាយរបស់យើង គឺចង់ឱ្យប្រជាពលរដ្ឋរបស់យើង យល់ដឹងអំពីច្បាប់ផង និងសិទ្ធិមនុស្សផង។ ហើយក៏ចង់ឱ្យគាត់ អាចចេះប្រើប្រាស់សិទ្ធិសេរីភាពឱ្យបានត្រឹមត្រូវ ពីព្រោះរាល់សិទ្ធិសេរីភាពរបស់មនសុ្សសុទ្ធតែមានដែនកំណត់ អ៊ីចឹង!កាលណាគាត់យល់ពីច្បាប់ ពីសិទ្ធិមនុស្សបានត្រឹមត្រូវ នោះសង្គមជាតិយើងប្រាកដជាមានសេចក្ដីសុខហើយ»។
លោកបន្ថែមថា នៅក្នុងការអប់រំផ្សព្វផ្សាយនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកយកច្បាប់ជាតិ សន្ធិសញ្ញា និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស មកបកស្រាយណែនាំទៅដល់ប្រជាពលរដ្ឋទៅតាមគោលដៅ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងដែរថា ការលើកកម្ពស់សិទ្ធិមនុស្ស វាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ពីព្រោះរាជរដ្ឋាភិបាល គឺជាតួអង្គ ដែលបានផ្ដល់សច្ចាប័នទៅលើសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមមានកតិកាសញ្ញា អនុសញ្ញាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិកុមារ។ ដូច្នេះរាជរដ្ឋាភិបាលមានតួនាទី និងកាតព្វកិច្ចក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលបាន និងប្រើប្រាស់បាននូវសិទ្ធិទាំងអស់ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងអង្គការសហប្រជាជាតិដែលរាជរដ្ឋាភិបាលបានផ្ដល់សច្ចាប័ន។
លោកថ្លែងថា៖ «អ៊ីចឹង! គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាផ្នែកមួយរបស់រដ្ឋាភិបាល ដូច្នេះហើយការអប់រំផ្សព្វផ្សាយនេះ មានន័យថា រដ្ឋាភិបាល បានចាប់ផ្ដើមដំណើរការ និងកំពុងបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស»។
លោក នី សុខា ថ្លែងថា ចំពោះការលើកកម្ពស់សិទ្ធិមនុស្សនេះដែរ វាក៏ចាប់ផ្ដើមពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ហើយបើកាលណាប្រជាពលរដ្ឋមិនមានការយល់ដឹងអំពីសិទ្ធិមនុស្សនោះទេ គឺវាពិបាកណាស់ក្នុងការនិយាយអំពីការលើកកម្ពស់សិទ្ធិមនុស្ស ការលើកកម្ពស់សិទ្ធិមនុស្សនេះ ក៏ត្រូវទាមទារឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ផងដែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់តំណាងប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ៕