ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា កម្លាំងនគរបាលជាង ១ ម៉ឺននាក់ ត្រូវបានត្រៀមសម្រាប់រក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ព្រមទាំងអំពាវនាវដល់អ្នកបើកបរទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលធ្វើដំណើរទៅតាមទិសដៅនានា។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យនេះ។
ប្រភពដដែលបានឱ្យដឹងថា លោក នេត សាវឿន បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាចរាចរណ៍ ការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ហាក្មេងទំនើង បញ្ហាចោរកម្ម និងការងារសន្ដិសុខ ជាការងារដែលកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងពិធីបុណ្យជាតិប្រពៃណីនេះ។
លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងសុវត្ថិភាព បញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រប់គ្រងនូវមុខសញ្ញាល្មើសឱ្យបានច្បាស់លាស់ រួមទាំងតាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បានចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យអុំទូក ដោយបានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតែងមានកំណើនខ្ពស់រាល់ឱកាសពិធីបុណ្យផ្សេងៗ បានបណ្ដាលឱ្យមានកំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។
សេចក្តីអំពាវនាវបញ្ជាក់ថាភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម ។ល។
ក្នុងន័យនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការមួយចំនួន។ វិធានការទាំងនោះរួមមានមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងមិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកមិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។
ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល កុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ ប្រកាន់ស្តាំជានិច្ច និងត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។
ចំណែករដ្ឋបាលរាជធានីភ្នំពេញវិញ បានត្រៀមរួចជាស្រេចជាមួយស្ថាប័ននានា ដោយបានរៀបចំកម្មវិធីសប្បាយៗនៅតាមទីតាំងមួយចំនួន ដោយមានកម្មវីធប្រគំតន្ត្រី កម្មវិធីប្រដាល់គុនខ្មែរ កម្មវិធី ទីជលគុណ និងការរៀបចំស្តង់តាំងលក់ផលិតផលជាដើម៕