ភ្នំពេញៈ តាមរយៈជំនួបរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានអង្គការ GAVI ភាគីទាំង២ បានពិភាក្សាគ្នាលើការ ងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរខណៈអង្គការនេះ នឹងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀតទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជា។
កិច្ចពិភាក្សានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក ដែលបានពិភាក្សាគ្នាលើការងារបន្តកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។
ក្នុងជំនួបនោះ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់ អង្គការ GAVI ដែលបានសហការចូលរួមគាំទ្រក្រសួងសុខា ភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជា លើការងារ និងសកម្មភាពផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រសួងសុខាភិបាល។
លោកថ្លែងថា៖ «ការបន្តគាំទ្រក្រសួងសុខាភិបាល ព្រមទាំងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀត ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនេះ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧»។
បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រៅពីការផ្ដល់វ៉ាក់សាំងថ្មីបន្ថែមហើយ កន្លងមកអង្គការ GAVI បានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំជាមួយក្រសួង តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ដោយបានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោកបន្ថែមថា ជាពិសេសបានជួយក្រសួងក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួន ដែលសំដៅបង្កើតឱ្យបានភាពស៊ាំសង្គម និងសេដ្ឋកិច្ច ដែលជាគោលដៅប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ។
ជាមួយគ្នានេះដែរ លោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០០១ មក អង្គការ GAVI បាននិងកំពុង បន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល តាមរយៈគម្រោងសំខាន់ៗ ដូចជាគម្រោងពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី១ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។
គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី២ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ និងគម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចម្រុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ជំហានទី៣។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកាថា វាជារឿងល្អប្រសើរដែលអង្គការ GAVI បានបន្តគាំទ្រក្រសួងសុខាភិបាល លើការងារផ្ដល់វ៉ាក់សាំងថ្មីបន្ថែមទៀតនេះ ដើម្បីជួយបង្ការពីជំងឺផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជា។ លោកបន្តថា ទន្ទឹមនេះដែរ អង្គការ GAVI ក៏ជាដៃគូសហការជាមួយក្រសួងយូរមកហើយ ជាពិសេសជួយគាំទ្រក្រសួង ក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។
លោកបញ្ជាក់ថា៖ «ដូច្នេះវ៉ាក់សាំងថ្មីបន្ថែមហ្នឹងឱ្យតែមានគុណភាព មានការឆ្លងកាត់មន្ទីរពិសោធន៍ត្រឹមត្រូវ ហើយវាមិនបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសវាក៏មិនមែនជាវ៉ាក់សាំងសាកល្បង អាហ្នឹងគឺយើងស្វាគមន៍ និងគាំទ្រ»។
លោកបន្ថែមថា ម្យ៉ាងវិញទៀត ការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជារឿងមួយសំខាន់ដែរ ហេតុនេះរាល់ជំនួយជាវ៉ាក់សាំងដែលបានពីដៃគូអភិវឌ្ឍន៍នានា ក្រសួងត្រូវតែមានត្រួតពិនិត្យពីប្រភពនៃវ៉ាក់សាំងទាំងនោះ ពីព្រោះដើម្បីបង្ការពីការប្រើប្រាស់វ៉ាក់សាំងសាកល្បង ដែលវាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕