ភ្នំពេញៈក្រសួងការពារជាតិកម្ពុជា និងចិន បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារួមគ្នាជាពិសេសការអនុវត្តម៉ឺងម៉ាត់អនុស្សរណៈយោគយល់ (MOU) និងពិធីសារនានា ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាកម្រិតខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ចដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ប្រឆាំងក្រុមជ្រុលនិយមនិងឧក្រិដ្ឋកម្មនានា។
ការប្តេជ្ញាចិត្តរវាងក្រសួងការពារជាតិទាំង២ ធ្វើឡើងតាមរយៈជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកលីវ ជេន លិក ប្រធានសេនាធិការចម្រុះគណៈកម្មាធិការយោធាមជ្ឈិមចិន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តក្វាងតុង ប្រទេសចិន ក្នុងអំឡុងគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមពិធីបិទសមយុទ្ធពហុសាសន៍«សន្តិភាព មិត្តភាព-ឆ្នាំ២០២៣» ដែលរៀបចំដោយចិន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២២ ខែវិច្ឆិកា។
ប្រភពដដែលបានឱ្យដឹងថា លោកវង្ស ពិសេន បានប្រាប់ភាគីចិនថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសចិនចូលរួមទស្សនាការសម្តែងសមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព-២០២៣» នេះ នឹងនាំមកនូវការពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំង២។
លោកថ្លែងថា៖«ក្នុងនាមក្រសួងការពារជាតិនិងអគ្គបញ្ជាការ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងទ័ពរំដោះប្រជាជនចិន ដែលបានផ្តួចផ្តើមគំនិតក្នុងការធ្វើជាម្ចាស់ផ្ទះសមយុទ្ធពហុសាសន៍ ៦ ប្រទេសនេះឡើង។ ជាពិសេសមិត្តចិនដែលបានជួយសម្របសម្រួល និងឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ រួមចំណែកដល់ការពង្រឹងឯករាជ្យម្ចាស់ការរបស់កម្ពុជា និងលើកមុខមាត់កម្ពុជានៅក្នុងតំបន់ និងពិភពលោក»។
លើសពីនេះ លោកអគ្គមេបញ្ជាការបានបង្ហាញការប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាតនូវ MOU និងពិធីសារជាមួយកិច្ចព្រមព្រៀងនានារវាងក្រសួងការពារជាតិនៃប្រទេសទាំង២ ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានចារកិច្ចក្នុងទិសដៅប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ការទប់ស្កាត់បដិវត្តន៍ពណ៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ។
រីឯលោក លីវ ជេន លិក បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជានិងចិនលើគ្រប់វិស័យ ក៏ដូចជាគោលដៅកសាងសហគមន៍រួមកម្ពុជា-ចិននៅយុគសម័យថ្មីពីឆ្នាំ២០២៤-២០២៨ដែលលោកចាត់ទុកជាផែនការដ៏សំខាន់។
ចំពោះទំនាក់ទំនងវិស័យកងទ័ពវិញ លោកបានបញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតនិងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើនលូតលាស់ទៅមុខទទួលបានលទ្ធផលផ្លែផ្កាជាច្រើន»។
ជាមួយគ្នានេះដែរ លោក លីវ ជេន លិក បង្ហាញក្តីរំពឹងថា ចំណងកិច្ចសហប្រតិបត្តិរវាងកងទ័ពនៃប្រទេសទាំង២ នៅថ្ងៃខាងមុខ នឹងរឹតតែរឹងមាំថែមទៀត ដោយការជឿទុកចិត្តគ្នា និងការគោរពគ្នា ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន»។
ពាក់ព័ន្ធរឿងនេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាបានថ្លែងថា ការប្តេជ្ញាចិត្តរវាងកងទ័ព ក៏ដូចជាក្រសួងការពារជាតិនៃប្រទេសទាំង២ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការក្នុងទម្រង់ទាំងទ្វេភាគី និងពហុភាគី ដែលកន្លងមកថ្នាក់ដឹកនាំប្រទេសទាំង២ ក៏តែងបង្ហាញការប្តេជ្ញាចិត្តផងដែរ។
លោកបានបញ្ជាក់ថា៖«កន្លងមកមានការរិះគន់ពីចំណោមបស្ចិមលោកពាក់ព័ន្ធការពង្រឹងទំនាក់ទំនងវិស័យយោធារវាងកម្ពុជានិងចិន ប៉ុន្តែអ្វីដែលប្រទេសទាំង២ កំពុងធ្វើនេះ គឺសំដៅលើសន្តិភាព ស្ថិរភាព សន្តិសុខ ប្រទេសរៀងៗខ្លួននិងក្របខ័ណ្ឌតំបន់តែប៉ុណ្ណោះ»។
លោកបានបន្តថាកន្លងមក ដើម្បីឆ្លើយតបនឹងការបារម្ភនិងការរិះគន់ពីបស្ចិមប្រទស រដ្ឋាភិបាលកម្ពុជាបានបកស្រាយពីគោលដៅក្នុងការពង្រឹងទំនាក់ទំនងយោធាទាំងនេះ តាមរយៈគោលនយោបាយការបរទេសខ្លួន និងរដ្ឋធម្មនុញ្ញ ដែលកម្ពុជាមិនយកអធិបតេយ្យរបស់ខ្លួនទៅដូរនឹងផលប្រយោជន៍ណាមួយឡើយ។
គួរជម្រាបជូនថា សមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព-ឆ្នាំ២០២៣»រយៈពេល ១០ ថ្ងៃ ដែលរៀបចំដោយចិនទទួលការគាំទ្រពីអង្គការសហប្រជាជាតិ នៅខេត្តក្វាងតុង ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី២២ ខែវិច្ឆិកា ក្រោមអធិបតីភាពមេបញ្ជាការជាន់ខ្ពស់នៃបណ្តាប្រទេសចូលរួមទាំង៦ ដែលចូលរួមដូចជា ចិន កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងវៀតណាម៕