ភ្នំពេញៈក្រុមមន្ទីរ( អយក) ខេត្តត្បូងឃ្មុំ និងក្រុមន្ទីរ (អយក) ខេត្តកំពង់ចាម សុទ្ធតែបានបង្ហាញទំនុកចិត្ត ក្នុងការដណ្តើមបានជ័យជម្នះ ដើម្បីអាចក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ខណៈក្រុមទាំង២ ត្រូវវិលមកជួបគ្នាជាថ្មី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចម៉ោង៦ ថ្ងៃទី២៤ វិច្ឆិកា គឺបន្ទាប់ពីការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ រវាងក្រុមសន្តិភាពខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ដែលធ្វើចាប់ពីរសៀលម៉ោង ៣:៣០ តទៅ។
នៅមុនការឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមខេត្តកំពង់ចាម ជាមួយលទ្ធផល១-០ ទាំង២ ជើងដើម្បីទទួលបានលេខ១ ប្រចាំពូល B ខណៈកំពង់ចាមបានលេខ២ ហើយលទ្ធផលនេះ បានជួយឱ្យក្រុមទាំង២ អាចដឹកដៃគ្នាឡើងទៅប្រកួតនៅវគ្គបន្ត។
ជាមួយការធ្វើបានល្អនៅក្នុងវគ្គជម្រុះតាមពូលនេះ ក្រុមខេត្តត្បូងឃ្មុំ បានបន្តទម្លាក់ក្រុមលេខ២ ពូល A ខេត្តព្រះសីហនុ ដោយយកឈ្នះ ៥-៣ សម្រាប់ការប្រកួតទាំង២ជើង រីឯក្រុមខេត្តកំពង់ចាមបានទម្លាក់ក្រុមម្ចាស់ជើងឯក ភ្នំពេញហ្គាឡាក់ស៊ី ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ បន្ទាប់ពីក្រុមទាំង២ បានស្មើគ្នា ១-១ សម្រាប់ការប្រកួតទាំង២ជើង។
ចំណែកការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ ៤-១ នៅលើទឹកដីខ្លួនឯង រួចបានបន្តឈ្នះ ៥-២ នៅជើងទី២ ហើយក្រុមខេត្តកំពង់ចាមបានយកឈ្នះក្រុមសន្តិភាពខេត្តកំពង់ធំ១-០ សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯង មុនពេលក្រុមទាំង២នេះ បានស្មើគ្នា ០-០ សម្រាប់ការប្រកួតជើងទី២ នៅលើទឹកដីខេត្តកំពង់ធំវិញ។
យ៉ាងណាក៏ដោយ សម្រាប់ការជួបគ្នាលើកនេះ លោក អ៊ីវ សារី គ្រូបង្គោលក្រុមខេត្តត្បូងឃ្មុំ បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា៖ «យើងសង្ឃឹមត្រឹម ៦០ ភាគរយទេ គឺមិនហ៊ានសង្ឃឹមលើសពីនេះឡើយ។ ទោះយើងធ្លាប់ឈ្នះក្រុមខេត្តកំពង់ចាម ទាំង២ជើង សម្រាប់ការប្រកួតក្នុងពូលក្តី ប៉ុន្តែបើមើលទៅលើគុណភាពលេង និងការគ្រប់គ្រងបាល់របស់ក្រុមទាំង២ មិនលើសខ្វះគ្នាប៉ុន្មានទេ»។
ជាមួយគ្នានេះ លោក អ៊ីវ សារី បានធ្វើការកត់សម្គាល់ថា ប្រព័ន្ធការពាររបស់ក្រុមខេត្តត្បូងឃ្មុំ រឹងមាំល្អ ចំណែកតំបន់កណ្តាល និងតំបន់ប្រយុទ្ធ មិនជាល្អណាស់ណាទេ ព្រោះនៅរដូវកាលនេះ ក្រុមរបស់លោកបាត់ខ្សែប្រយុទ្ធឆ្នើម ធី ធារ៉ា តែត្បូងឃ្មុំ មានខ្សែប្រយុទ្ធមុតស្រួចផ្សេងៗទៀតផងដែរ ដែលវានៅតែជាចំណុចខ្លាំងរបស់ក្រុមនេះ ចំណែកកំពង់ចាម លេងពីក្រោមទៅបានល្អ ព្រោះខ្សែការពារ និងខ្សែបម្រើរបស់ក្រុមនេះ លេងប្រទាក់ក្រឡាគ្នាបានល្អតាមបែបទម្រង់លេងទប់ ហើយវាយបក។
គ្រូបង្គោលរូបនេះ បានបញ្ជាក់ថា៖ «ពីមុន ត្បូងឃ្មុំ និងកំពង់ចាម ជាខេត្តតែមួយទេ វាប្រៀបដូចជាបង និងប្អូន អ៊ីចឹង នេះជាការប្រកួតដ៏សំខាន់ និងមានភាពតានតឹងខ្លាំងរវាងខេត្តទាំង២ដែរ ព្រោះជាខេត្តជាប់គ្នា ដោយបងប្អូនកីឡាករ ធ្លាប់លេងជាមួយគ្នាច្រើន ប៉ុន្តែជាការរំពឹងទុក គឺយើងមានជំនឿថា យើងនឹងទទួលបានជ័យជម្នះ»។
គួររំឭកថា នេះជាលើកទី៤ ហើយ ដែលក្រុមខេត្តត្បូងឃ្មុំ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ខណៈការឡើងមកដល់វគ្គនេះជាលើកដំបូង កាលពីឆ្នាំ២០១៩ ពួកគេបានយកឈ្នះក្រុមខេត្តសៀមរាប ១-០ ដើម្បីក្លាយជាម្ចាស់ជើងឯក ប៉ុន្តែសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២០ ក្រុមខេត្តត្បូងឃ្មុំបានចាញ់ក្រុមខេត្តព្រៃវែង ហើយនៅឆ្នាំ២០២១ ពួកគេ បានបន្តចាញ់ក្រុមកោះកុងអេហ្វស៊ី ដោយបានត្រឹមជើងឯករង។
យ៉ាងណាក៏ដោយ លោក ងួន បូរី គ្រូបង្វឹកក្រុមខេត្តកំពង់ចាម បាននិយាយថា៖ «យើងបានមើលឃើញពីចំណុចខ្វះខាតរបស់យើងរួចមកហើយកាលពីជួបគ្នានៅក្នុងពូល ហើយការចាញ់របស់យើងនោះ មិនជាអាក្រក់ពេកទេ។ ក្រោយមក យើងបានសិក្សាពីរបៀបលេងរបស់ត្បូងឃ្មុំ ម្តងហើយម្តងទៀត ដោយយើងនឹងដណ្តើមយកជ័យជម្នះឱ្យបានគឺឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយ យើងត្រូវរំពឹងឱ្យខ្ពស់»។
ចំណែកកីឡាករ មីត រ៉ាទី របស់ខេត្តកំពង់ចាមបាននិយាយថា៖ «យើងឃើញថា កីឡាករនាំលេងរបស់ខេត្តត្បូងឃ្មុំ គាត់ធ្វើបានល្អ តែខ្ញុំគិតថា វាមិនជាបញ្ហាអ្វីទេ ព្រោះយើងធ្លាប់លេងជាមួយគ្នា២ លើកហើយ អ៊ីចឹងទាំងខ្សែការពារ បម្រើ និងប្រយុទ្ធ យើងបានដឹងខ្លះៗហើយ ចំណែកការចាញ់ក្រុមត្បូងឃ្មុំកន្លងមក វាអាចមកពីកំហុសបច្ចេកទេសបន្តិចបន្តួចរបស់ក្រុម ប៉ុន្តែការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ យើងសង្ឃឹមថា នឹងធ្វើបានល្អជាងមុន»៕