ភ្នំពេញៈព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបង្កើតក្រុមមេធាវីរាជរដ្ឋាភិបាលដែលសរសេរជាអក្សរកាត់ថា (ក.ម.រ) ដែលជាអង្គភាពអមទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជួយដល់កិច្ចការច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
យោងព្រះរាជក្រឹត្យរបស់ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមមេធាវីរាជរដ្ឋាភិបាល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមមេធាវីរាជរដ្ឋាភិបាលមានប្រធាន ១ រូប សមាជិកមួយចំនួនតាមការចាំបាច់ និងអាចជួលទីប្រឹក្សាតាមការចាំបាច់ដែលក្រុមមេធាវីនេះនឹងត្រូវប្រើ
ថវិកាជាតិដើម្បីផ្តត់ផ្គង់ទាំងស្រុងផងដែរ ។
ព្រះរាជក្រឹត្យបញ្ជាក់ថា៖«ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលនេះក៏មានដែរតួនាទីនិងភារកិច្ចជាតំណាងស្របច្បាប់ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍ជូនថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នចំណុះមុខយុត្តាធិការជាតិ អន្តរជាតិ។ចូលរួមអនុវត្តគោលនយោបាយជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា» ។
ក.ម.រ ក៏ទទួលពិនិត្យលើកសំណើនិងផ្តល់យោបល់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់រាជរដ្ឋាភិបាលជូននាយក
រដ្ឋមន្ត្រីនិងចូលរួមពិនិត្យនិងផ្តល់យោបល់លើកិច្ចសន្យារដ្ឋបាលនិងកិច្ចព្រមព្រៀងផ្សេងៗរបស់រាជរដ្ឋាភិបាលក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងសហគ្រាសសាធារណៈ ។
ក្រុមមេធាវីរាជរដ្ឋាភិបាលអាចធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីអំពើសកម្មភាពការងាររបស់ក.ម.រ ជូននាយករដ្ឋមន្ត្រី និងទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រីផងដែរ ។
បើតាមព្រះរាជក្រឹត្យដដែល សមាសភាពរបស់ក្រុមមេធាវីត្រូវតែងតាំងនិងបញ្ចប់មុខតំណែងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ។
ដោយឡែកមេធាវីដែលអាចត្រូវបានជ្រើសតាំងឱ្យបំពេញមុខងារជាប្រធាននិងជាសមាជិក ក.ម.រ នេះត្រូវមានលក្ខណសម្បត្តិដូចជា ប្រធាន ក.ម.រ ត្រូវតែជាមេធាវីពេញសិទ្ធិ ដែលបានប្រកបវិជ្ជាជីវៈ យ៉ាងតិច១០ឆ្នាំ ហើយសមាជិកវិញត្រូវតែជាមេធាវីពេញសិទ្ធិដូចគ្នា ដែលបានប្រកបវិជ្ជាជីវៈយ៉ាងតិច ៥ ឆ្នាំ ។ សមាសភាពទាំងអស់ត្រូវមានសមត្ថភាព ចំណេះដឹងទូលំទូលាយ និងបទពិសោធន៍ការងារ ព្រមទាំងមានសីលធម៌ល្អ ។
ក.ម.រ មានប្រភពធនធានផ្គត់ផ្គង់ដោយថវិការជាតិ ដែលជាកញ្ចប់ថវិកាដោយឡែក នៅក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយឡែក លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ក្រុមមេធាវីរាជរដ្ឋាភិបាលខាងលើនេះ មិនត្រឹមតែការពារផ្នែកច្បាប់ជូនថ្នាក់ដឹកនាំជាតិទេ ក៏ការពារសិទ្ធិជូនពលរដ្ឋក្រីក្រផងដែរ។លោកថា នេះគឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្នុងការបន្តផ្តល់សេវាកម្មមេធាវីដោយឥតបង់ថ្លៃរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពជួលមេធាវីការពាររឿងក្តីក្តាំរបស់ពួកគេ ។
លោកថា៖«ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើតគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ហើយលើសពីនេះនៅមានការបង្កើតក្រុមមេធាវីរាជរដ្ឋាភិបាលទៀត ដែលទាំងនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជូនបងប្អូនពលរដ្ឋនិងថ្នាក់ដឹកតាមផ្លូវច្បាប់ » ។
លោកបបន្ថែមថា ចំណែកគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការវិញគឺជាយន្តការដោះស្រាយរឿងក្តីជូនពលរដ្ឋដោយមិនចាំបាច់ទៅតុលាការ រីឯក្រុមមេធាវីរាជរដ្ឋាភិបាលក៏ផ្តល់ជូនសេវាការពាររឿងក្តីដោយមិនបង់ថ្លៃ ។
លោកបានបញ្ជាក់ថា៖«ទាំងនេះពុំមែនជាការខ្ជះខ្ជាយថវិកាជាតិនោះទេ តែដើម្បីបម្រើពលរដ្ឋដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មីគឺបន្តអ្វីដែលមានពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយក្រុមមេធាវីនេះមានតាំងតែពីជំនាន់សម្តេចតេជោ»៕
វង្ស ដារាវ៉ាឌី