ភ្នំពេញៈ ក្រសួងបរិស្ថាន រួមជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថាន។
ទិវានេះត្រូវបានរៀបចំឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តីក្រសួង អាជ្ញាធរខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា៥០០នាក់។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ ថែរក្សាបរិស្ថាន និងជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភណភាព រាជធានី-ខេត្តទូទាំងប្រទេស។
លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យកាលពីឆ្នាំ១៩៩៥ ស្តីពីការបង្កើត ទិវាអនាម័យបរិស្ថានជាតិ ដោយកំណត់យកថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវានេះ។
លោកបានបន្តថា ចាប់ពីឆ្នាំ១៩៩៥ រហូតមក ក្រសួងបរិស្ថានដែលជាសេនាធិការបច្ចេកទេសនៃរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត និងរៀបចំទិវាដ៏មានសារៈសំខាន់នេះ ហើយនៅឆ្នាំនេះទិវានេះត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប។
លោក កែន សេរីរដ្ឋា បានមានប្រសាសន៍ថា ៖ «ទិវានេះធ្វើឡើងក្នុងគោលបំណងបំផុសចលនាស្មារតីដើម្បីធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើង ពលរដ្ឋកម្ពុជាយើងផ្លាស់ប្តូរផ្នត់គំនិតក្នុងការគិត ចូលរួម ស្រឡាញ់ ថែរក្សាបរិស្ថាន និងជាពិសេសត្រូវគិតគូរពីការសម្អាតអនាម័យបរិស្ថាន ដែលទាំងនេះជាកិច្ចការមួយដ៏មានសារៈសំខាន់»។
លោកបានបញ្ជាក់ដែរថា ក្នុងអាណតិ្តទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, ក្រសួងបរិស្ថាន បានតាំងចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចឈរលើស្មារតីបុរេសកម្មដើម្បីធ្វើយ៉ាងណាឱ្យមានការឆ្លើយឆ្លង មានទំនាក់ទំនងគ្នាដោយផ្តោតលើឆន្ទៈរួម និងមហិច្ឆតា ហើយក្រសួងនឹងចាត់វិធានការដោយមិនលើកលែងលើបុគ្គលទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិនេះ។
នាទិវាអនាម័យបរិស្ថានជាតិនេះដែរ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានចេញលិខិតអបអរសាទរផងដែរនៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយបានលើកឡើងថា ប្រទេសមានសុខសន្តិភាពពេញលេញ ជាឱកាសនៃការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ប្រជាជនកម្ពុជា។
សមាគមនេះបានឱ្យដឹងថា នៅពេលកម្ពុជាមានសុខសន្តិភាពនេះហើយ គឺបំផុសឱ្យប្រជាពលរដ្ឋ បានយល់ពីសក្តានុពល តម្លៃ និងសម្រស់នៃធនធានធម្មជាតិរបស់កម្ពុជា និងមានឱកាសរីករាយផ្សារភ្ជាប់នឹងធម្មជាតិ។ ប្រភពដដែលបន្តថា៖ «ការជំរុញលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ រួមចំណែកសំខាន់ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិឱ្យកាន់តែរឹងមាំផងដែរ។ ចំពោះការលះបង់របស់យើងទាំងអស់ដែលបានបង្ហាញពីទឹកចិត្តស្រឡាញ់ទឹកដី ស្រឡាញ់សន្តិភាព និងបានចូលរួមផ្សព្វផ្សាយបរិស្ថានពីធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជាទៅកាន់ពិភពលោក»។
សូមជម្រាបដែរថា នាពិធីនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នោះដែរ អ្នកចូលរួមក៏បានស្រែកជ័យឃោស ដើម្បីផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើពាក្យស្លោកថា៖«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ», «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា», «លាហើយប្លាស្ទិក»។
ដោយឡែក បើតាមក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន និងវិទ្យាល័យហ៊ុន សែន ស្វាយធំ បានដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ជានិមិត្តរូប រួមនឹងការរៀបចំកម្មវិធីសំណួរចម្លើយយ៉ាងផុសផុលពីសិស្សានុសិស្សទាក់ទងនឹងការគ្រប់គ្រងសំណល់ និងធនធានធម្មជាតិ ផងដែរ៕