បាត់ដំបង : ហ្វារពន្លឺសិល្បៈ ទទួលបានជយលាភីពីកម្មវិធី Shorty Impact Awards ប្រចាំឆ្នាំលើកទី៨ ក្នុងប្រភេទ «Contest & Challenges» ដោយធ្វើការប្រកួតប្រជែងក្នុងការបង្កើតកំណត់ត្រាពិភពលោកហ្គីនណេសតាមរយៈការសម្ដែងសៀករយៈពេលវែងបំផុត ២៤ ម៉ោង ៣០នាទី និង ១០វិនាទី បំណងកៀរគរមូលនិធិដ៏សំខាន់សម្រាប់ការរស់រានក្នុងអំឡុងពេលជួបវិបត្តិជំងឺឆ្លងរាតត្បាតសកល។
ពានរង្វាន់អន្តរជាតិរបស់កម្មវិធី Shorty Impact Awards ផ្តល់កិត្តិយសដល់ប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្អបំផុត ទៅកាន់អង្គការឬស្ថាប័នណាមួយដែលធ្វើការដើម្បីធ្វើឱ្យពិភពលោកក្លាយទៅជាកន្លែងដ៏ល្អប្រសើរជាងមុន។
លោក អូស្មាន់ ខាវ៉ាចា នាយកប្រតិបត្តិនៃសមាគមហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា៖ «យើងពិតជាមានក្តីរំភើបជាខ្លាំងដែល ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិ Shorty Impact Awards ដែលបញ្ជាក់ និងជាកម្លាំងជំរុញឱ្យឃើញថាកំណត់ត្រាពិភពលោកសៀករយៈពេល២៤ម៉ោងរបស់សមាគមហ្វារពន្លឺសិល្បៈបានជួយដល់ការដាក់បញ្ចូលខេត្តបាត់ដំបង និងប្រទេសកម្ពុជានៅលើទិសដៅសិល្បៈ និងវប្បធម៌»។
ហ្វារពន្លឺសិល្បៈគឺជាស្ថាប័នតែ១គត់នៅកម្ពុជាដែលត្រូវបានទទួលស្គាល់ចំពោះសមិទ្ធផលក្នុងការកៀរគរមូលនិធិ និងការលើកស្ទួយសិល្បៈ វប្បធម៌ ក៏ដូចជាភាពច្នៃប្រឌិតដោយបានយកឈ្នះម៉ាកយីហោធំៗដ៏ល្បីផ្សេងទៀតដូចជា៖ M&M's និង RuPaul's Drag Race ដែលបានចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសាដូចគ្នានោះផងដែរ។
អង្គការ និងស្ថាប័នជាច្រើនប្រទេសមកពីជុំវិញពិភពលោកបានចូលរួមប្រកួតប្រជែង Shorty Impact Awards រួមមាន សហរដ្ឋអាមេរិក កាណាដា ឥណ្ឌា អ៊ុយក្រែន អង់គ្លេស ប៉ាឡេស្ទីន និងហ្វីលីពីនជាដើម។ ម្ចាស់ជយលាភី មានដូចជា Barbie, UNICEF, Elton John, Facebook, Amazon, Al-Jazeera, Mercedes និង Dwayne "The Rock" Johnson។
យោងតាមនាយកប្រតិបត្តិនៃសមាគមហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា អ្នកឈ្នះពានរង្វាន់ជយលាភី Shorty Impact Awards ប្រចាំឆ្នាំលើកទី៨ ត្រូវបានប្រកាសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅក្នុងពិធីដោយផ្ទាល់នៅក្នុងសាល The Belasco ទីក្រុង Los Angeles។ កម្មវិធីនេះមានអ្នកចូលរួមជាង ២០០ នាក់មកពីជុំវិញពិភពលោក និងសមាជិក Real Time Academy ល្បីៗមួយចំនួន។
លោកបានឱ្យដឹងថា អ្នកឈ្នះពានរង្វាន់ Shorty Impact Award ត្រូវបានជ្រើសរើសដោយ Real Time Academy (RTA) ជាអ្នកជំនាញ និងអ្នកដឹកនាំលេចធ្លោក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញសង្គម ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ ផ្អែកលើចំណេះដឹងដ៏ជ្រៅជ្រះក្នុងឧស្សាហកម្ម កេរ្តិ៍ឈ្មោះវិជ្ជាជីវៈ និងសមិទ្ធផលឆ្នើម រួមទាំងស្នាដៃ shorty ពីមុនៗផងដែរ។
រត់ ឬជិះកង់តាមដងស្ទឹងសង្កែ ចម្ងាយ៣០គីឡូម៉ែត្រ ដើម្បីអបអរសាទរខួប៣០ឆ្នាំ
ដើម្បីអបអរខួបឆ្នាំទី ៣០ នៃការបង្កើតអង្គការសមាគមហ្វារពន្លឺសិល្បៈ ព្រឹត្តិការណ៍រត់ ឬជិះកង់ ៣០ គីឡូម៉ែត្រតាមដងស្ទឹងសង្កែ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំឭកអំពីបេសកកម្មផ្លាស់ប្តូរជីវិតតាមរយៈសិល្បៈ។
លោក ខាវ៉ាចា បានបន្ដថា៖ «ដោយសមាគមហ្វារពន្លឺសិល្បៈនឹងត្រៀមរៀបចំប្រារព្ធខួបលើកទី៣០ឆ្នាំរបស់ខ្លួនក្នុងការផ្លាស់ប្តូរជីវិតតាមរយៈសិល្បៈ វាដល់ពេលដែលអ្នកត្រូវបង្វែរចំណាប់អារម្មណ៍មកលើព្រឹត្តិការណ៍ប្រកួតប្រជែងដ៏រំភើបរីករាយជាបន្ទាប់ទៀតរបស់យើងគឺ ព្រឹត្តិការណ៍រត់តាមដងស្ទឹងសង្កែចម្ងាយ ៣០គីឡូម៉ែត្រ»។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ បន្ថែមទៀតនោះសមាគមក៏កំពុងអំពាវនាវទៅកាន់អ្នករត់ប្រណាំង អ្នកជិះកង់ និងអ្នកឧបត្ថម្ភនានា ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឱ្យបានច្រើនកុះករផងដែរ។
លោក យួន ចន្ទរស្មី ជានាយកគម្រោងនៃសមាគមហ្វារពន្លឺសិល្បៈ និងជាអ្នកសហការរៀបចំព្រឹត្តិការណ៍នេះបានលើកឡើងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញថា នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើការរត់ និងជិះកង់។ ដូច្នេះហើយយើងបានបង្កើតព្រឹត្តិការណ៍ពិសេសមួយនេះឡើងសម្រាប់អត្តពលិកចូលរួមដែលមកពីតាមបណ្តាប្រទេសនៅជុំវិញពិភពលោក»។
លោកបានបន្តថា៖ «ព្រឹត្តិការណ៍នេះប្រារឰឡើងនៅលើដងវិថីដ៏ស្រស់ស្អាត តាមបណ្តោយដងស្ទឹងសង្កែ ដែលជាស្ទឹងដ៏មានប្រជាប្រិយភាពក្នុងខេត្តបាត់ដំបង ហើយយើងសូមអញ្ជើញអត្តពលិកទាំងអស់ជាពិសេស ក្នុងការប្រកួតចម្ងាយ ៣០គីឡូម៉ែត្រនេះ។ សូមអញ្ជើញចូលរួមដោយសេរី បើទោះបីជាយើងស្នើឱ្យអ្នកចូលរួមក្នុងព្រឹត្តិការណ៍ ធ្វើការកៀរគរមូលនិធិសម្រាប់ទ្រទ្រង់កម្មវិធីសិល្បៈ និងអប់រំ យុវជនរបស់សមាគមហ្វារពន្លឺសិល្បៈក៏ដោយ»។
លោកបានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះក៏នឹងដើរតួនាទីជាកម្មវិធីកៀរគរថវិកាសម្រាប់ដំណើរការកម្មវិធីអបរំសិល្បៈដល់យុវជន ក្នុងខេត្តបាត់ដំបង ជាមួយនឹងគោលដៅកៀរគរមូលនិធិសរុបចំនួន ៣០ម៉ឺនដុល្លារអាមេរិក។
ព្រឹត្តិការណ៍រត់ ៣០គីឡូម៉ែត្ររំឭកខួប ៣០ឆ្នាំនេះ បានទាក់ទាញអ្នកចូលរួមជាង១០ប្រទេសផ្សេងៗគ្នា ដូចជា វៀតណាម សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ បែលហ្សិក បារាំង សហរដ្ឋអាមេរិក និងកម្ពុជាផ្ទាល់។ អ្នករៀបចំកម្មវិធីក៏រំពឹងថានឹងទទួលបានការចុះឈ្មោះកាន់តែច្រើនបន្ថែមទៀតក្នុងរយៈពេលប្រហែល២ខែខាងមុខ។
ការរត់ ឬជិះកង់នឹងចាប់ផ្ដើមនៅទីតាំងជើងភ្នំបាណន់ ជាភ្នំដ៏ស្រស់ស្អាតនិងស័ក្តិសិទ្ធិមួយនៅជាយក្រុងបាត់ដំបង ដែលប្រាសាទនេះកសាងដើម្បីឧទ្ទិសថ្វាយហិណ្ឌ និងពុទ្ធសាសនា នាសតវត្សរ៍ទី១១។ ផ្លូវពីទីនោះ មានខ្យល់បរិសុទ្ធ និងជាប់ដងស្ទឹងសង្កែ កាត់វាលស្រែ លើស្ពានចំណាស់ និងកាត់ក្រុងបាត់ដំបង ដែលជាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលលបច្ចុប្បន្ននេះ។ អ្នកចូលរួមនឹងបញ្ចប់ការប្រណាំងនៅទីតាំងបរិវេណសមាគមនហ្វារពន្លឺសិល្បៈ។
លោក ចន្ទរស្មី បានលើកឡើងថា៖ «មហិច្ឆតារបស់យើងក្នុងការបង្កើត និងរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយនេះឡើង មិនមែនគ្រាន់តែដើម្បីកៀរគរថវិកាសម្រាប់តែសាលាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីអភិវឌ្ឍខេត្តបាត់ដំបងឱ្យក្លាយជាគោលដៅសម្រាប់អ្នកទេសចរផងដែរ»។
លោកបានបញ្ជាក់ថា៖ «នៅប៉ុន្មានឆ្នាំទៅមុខទៀត យើងសង្ឃឹមថា ព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែមួយនេះនឹងអាចក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់ក្រុង និងខេត្តបាត់ដំបងដើម្បីពង្រឹងតួនាទីរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌នៃកម្ពុជា»៕