ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា លោក Martin Vávra បានបញ្ជាក់ថា នឹងបន្តជួយគាំទ្រកម្ពុជាតាមរយៈក្រសួងការងារលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកដូចនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅទីស្តីការក្រសួង កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារស្តីពីជំនួបទ្វេភាគី។
នាឱកាសនោះ លោក Martin Vávra បានថ្លែងថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
ជាមួយគ្នានោះ លោកក៏បានបង្ហាញការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន ២ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ រួមមាន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ និងកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។
ក្នុងជំនួបនោះ លោកហេង សួរ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆែកដែលបានជួយគាំទ្រដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនាពេលកន្លងមក។ លោកថា សាធារណរដ្ឋឆែកជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីប្រទេសឆែកនាពេលកន្លងមក។
លោកបានបន្តថា៖ «កន្លងមកនេះ តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំងជាមួយទីភ្នាក់ងារជាតិ និងមុខរបរ(NEA) រួមនឹងការជួយទាំងផ្នែកឧបករណ៍សម្ភារបច្ចេកទេស គ្រូបង្គោល ជំនាញបច្ចេកទេសជាដើមដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង»។
បន្ថែមពីនេះលោករដ្ឋមន្ត្រីក្រសួងការងារក៏បានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍នៅក្នុងតំបន់រោងចក្រដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខុមាលភាពផងដែរ។
ជុំវិញរឿងនេះដែរ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងថា ការសហការគ្នារបស់ក្រសួងការងារ និងប្រទេសឆែក លើការពង្រីកការគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស គឺជាយន្តការសំខាន់ក្នុងការជួយបំពេញតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំក៏បានស្នើឱ្យក្រសួងពង្រីកកិច្ចសហការជាមួយមជ្ឈដ្ឋានខាងក្រៅឱ្យបានច្រើនថែមទៀត ដើម្បីទាញកំណើនសេដ្ឋកិច្ចលើវិស័យនេះ»។
បើតាមក្រសួងការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំ សុខភាពគឺជាចំណុច អាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នេះដើម្បីធានាបាននូវមូលធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ។
គួរជម្រាបថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក៕