ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សិក្សាស្រាវជ្រាវជាលទ្ធផលដើម្បីជាគន្លឹះចង្អុលទិសប្រមូលធាតុចូលជាមួយរដ្ឋាភិបាលក្នុងការដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលជាទិសដៅជួយប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ការស្នើរបស់ប្រមុខរដ្ឋាភិបាលដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលរៀបចំដោយវិទ្យាស្ថាន CDRI ជាសន្និសីទលើកទី១៥ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត លើកឡើងថា លោកចង់ឃើញលទ្ធផលសិក្សារបស់វិទ្យាស្ថាន CDRI មិនត្រឹមតែជាលទ្ធផលស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលសិក្សាទាំងនោះ ត្រូវតែជាឯកសារចង្អុលទិសគន្លឹះសំខាន់ៗសម្រាប់ផ្តល់ជាធាតុចូលជាមួយរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងជាគោលនយោបាយដោះស្រាយបញ្ហាប្រឈម។
លោកគូសបញ្ជាក់ថា ការប្រមូលធាតុទាំងនេះជាលទ្ធភាពដើម្បីរដ្ឋាភិបាលដោះស្រាយបញ្ហាដែលកំពុងកើតមាន និងជាបន្តបន្ទាប់ទៅទៀត ក្នុងដំណាក់កាលដែលកម្ពុជាឆ្លងកាត់ក្នុងឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខ ហើយដើម្បីអាចឱ្យកម្ពុជាពង្រឹង ពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងពិពិធកម្មដើម្បីភាពធន់នៃសង្គមសេដ្ឋកិច្ចឈានទៅសម្រេចចក្ខុវិស័យខ្លួន។
លោកនាយករដ្ឋមន្ត្រីថ្លែងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា សន្និសីទនៅថ្ងៃនេះនឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ខ្ញុំសូមលើកទឹកចិត្តឱ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលចូលរួមពិភាក្សាឱ្យបានសកម្មនិងផុសផុលដើម្បីសន្និសីទនៅថ្ងៃនេះ បញ្ចប់ទៅដោយផ្លែផ្កា ដែលអាចប្រមូលជាធាតុចូលសំខាន់ៗសម្រាប់ជាការវិភាគ សន្និដ្ឋានរបស់ CDRI លើប្រធានបទសំខាន់ៗ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលមិនដែលបំភ្លេចមហិច្ឆតាប្រែក្លាយប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ឡើយ ទោះបីជួបប្រទះវិបត្តិសកលធំៗក្តី ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចេកោណដំណាក់កាលទី១ ដែលរួមមានគន្លឹះអាទិភាពចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកសង្កត់ធ្ងន់ថា កម្ពុជាត្រូវប្រកាន់យកការធ្វើកំណែទម្រង់ និងធ្វើពិពិធកម្មជានិច្ច ស្របជាមួយស្ថានការណ៍វិវឌ្ឍន៍ឥតឈប់ឈរនៃបរិការណ៍សកល។
លោកលើកឡើងបរិការណ៍ចំនួន ៤ ក្នុងនោះ ទី១ ការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចពីលក្ខណៈឯកប៉ូល ទៅជាប្រព័ន្ធពហុប៉ូល ទី២ ការចាប់ផ្តើមពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចក្នុងតំបន់ដែលមានទំនោរសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ។ ចំណែកបរិការណ៍ទី ៣ ការរីកចម្រើនផ្នែកឌីជីថលជាពិសេសបញ្ញាសិប្បនិម្មិត (AI) ទី៤ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍក្នុងបរិបទរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុ មានទំហំមិនគ្រប់គ្រាន់ និងគ្មានការសម្របសម្រួល។
ជុំវិញបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាទូទៅរដ្ឋាភិបាលប្រទេសណាក្តីដែលផ្តល់តម្លៃលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រសម្រាប់ដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រគេតែងឃើញការរៀបចំគោលនយោបាយបានត្រឹមត្រូវ និងអាចកាត់បន្ថយភាពខុសឆ្គងព្រោះការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាឆ្អឹងខ្នងនាំឱ្យមានការអភិវឌ្ឍ បើមិនដូច្នោះទេ នឹងនាំឱ្យការអភិវឌ្ឍមានការយឺតយ៉ាវនិងគ្មានសណ្តាប់ធ្នាប់។
លោកថា តួយ៉ាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) របស់លោកជាដើមក៏តែងសិក្សាស្រាវជ្រាវផ្តល់ធាតុចូលជាមួយរដ្ឋាភិបាលជារឿយៗផងដែរ និងជាធាតុចូលសម្រាប់សង្គមជាតិទាំងមូល ដោយ RAC ជាគ្រឹះស្ថានសាធារណៈចំណុះរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «វិទ្យាស្ថាន CDRI ជាដៃគូរបស់រដ្ឋាភិបាលជាយូរណាស់មកហើយតាំងពី RAC មិនទាន់បង្កើតមកម្ល៉េះ។ CDRI បានដើរតួនាទីស្រាវជ្រាវសម្រាប់រដ្ឋាភិបាលជាយូរយារណាស់មកហើយ រហូតក្លាយជាដៃគូរបស់រដ្ឋាភិបាល ដែលជួយរដ្ឋាភិបាលជាប្រចាំ។
សម្រាប់លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ជាការចាំបាច់ដែលរដ្ឋាភិបាលត្រូវប្រមូលធាតុចូលពីតួអង្គនានាពីសង្គមស៊ីវិល ពីស្ថាប័នសិក្សាស្រាវជ្រាវពីប្រជាពលរដ្ឋពីវិស័យឯកជនដើម្បីធានាការដាក់ចេញយុទ្ធសាស្ត្រនិងគោលនយោបាយទទួលបានប្រសិទ្ធភាពខ្ពស់។ ការសិក្សាស្រាវជ្រាវនេះទៀតសោតក៏ជួយដល់ការតាមដានការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីវាយតម្លៃផងដែរ។
លោកថ្លែងថា៖ «កិច្ចការទាំងនេះត្រូវមានការចូលរួមពីស្ថាប័នស្រាវជ្រាវ ឬ Think Tank ជាចាំបាច់ តួយ៉ាង CDRI និងស្ថាប័នដទៃទៀតទាំងរបស់រដ្ឋ ឯកជន ឬស្ថាប័នឯករាជ្យ ដើម្បីធានាដល់ការប្រមូលធាតុក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បានប្រមូលគ្រប់សព្វជ្រុងជ្រោយ»។
លោកបានបន្តថា តាមលោកសង្កេតផ្ទាល់ឃើញពីសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI សម្រាប់រដ្ឋាភិបាល ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែបង្កើនការបង្កើតវេទិកាដើម្បីប្រមូលធាតុចូលសំខាន់ៗពីស្ថាប័នសិក្សាស្រាវជ្រាវជាច្រើនទៀត ជាពិសេសពីអង្គការសង្គមស៊ីវិល ពីស្ថាប័នឯករាជ្យជាដើម ហើយដាក់បញ្ចូលធាតុចូលទាំងនេះទៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល៕