ភ្នំពេញៈ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា ជប៉ុននឹងបន្តពង្រីកកិច្ចសហប្រត្តិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគបន្ថែមទៀត។
ការលើកឡើងរបស់ភាគីជប៉ុន បានធ្វើនៅក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាលោក Takahashi Fumiaki ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត កាលពីថ្ងៃទី ២២ ខែវិច្ឆិកា។
ក្នុងជំនួបនោះ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki)បានជម្រាបជូនថា បច្ចុប្បន្នសមាគមជប៉ុន-កម្ពុជា កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលមាន វិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួល ដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។
លោកថា៖ «ការិយាល័យនេះនឹងលេចចេញជារូបរាងនៅឆ្នាំ ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាលក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុននិងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា»។
លោក ជា វ៉ាន់ដេត បានស្នើដល់ក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា ឱ្យសិក្សាបង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលឬក្រុមហ៊ុនអាចបើកសាលាបណ្តុះបណ្តាលខ្លួនឯង ដើម្បីអាចធ្វើឱ្យសិស្សមានលទ្ធភាពទទួលបានជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ក្នុងជំនួបនៅថ្ងៃដដែលនោះ លោក ស សុខា ក៏បានអរគុណសមាគមជប៉ុន-កម្ពុជាដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះលោក ស សុខា បានគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងអរគុណវិនិយោគិនជប៉ុន ដែលបានបង្ហាញការចាប់ អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា។
គួររំឭកថា ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក តាកាហាស៊ី ហ្វូមីអាគី កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ភាគីជប៉ុនលើកឡើងថា សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុនមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនជាអាទិ៍ការបោសសម្អាតមីន គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាកជាដើម។
លោក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន ព្រមទាំងបានជម្រាបជូនគណៈប្រតិភូជប៉ុនអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបានភាពប្រាកដនិយមចំពោះបរិយាកាស វិនិយោគនៅកម្ពុជា៕