ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ២០២៣ បានពិភាក្សាគ្នា ដើម្បីពិនិត្យ និងផ្តល់ការគាំទ្រដល់ការបង្កើតយុទ្ធសាស្ត្រថ្មីក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា ខណៈដែលក្រសួងជាមួយដៃគូអភិវឌ្ឍន៍នឹងបន្តកិច្ចសហប្រតិបត្តិការគ្នាលើការអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីសិក្សា។
កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Dr. Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) និងជាប្រធានក្រុមការងារវិស័យអប់រំ (ESWG) ព្រមទាំងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀតមកពីស្ថាប័ន ADB,EU,JICA, NEP, KOICA, WB,UNESCO និង WFP ដែលជាការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញផងដែរ។ នេះបើយោងតាមការជូនដំណឹងក្រសួងអប់រំ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ក្រសួងអប់រំបញ្ជាក់ថា៖ «កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់ការគាំទ្រ សម្របសម្រួលការអនុវត្តអាទិភាពសកម្មភាពសំខាន់ៗ និងបង្កើតយុទ្ធសាស្ត្រថ្មីដើម្បីប្រើប្រាស់ធនធានឱ្យបានសមស្របត្រូវចំគោលដៅសម្រាប់កែលម្អកម្មវិធីអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង»។
ក្នុងកិច្ចប្រជុំនេះបានពិភាក្សាគ្នាសំខាន់លើលទ្ធផល សកម្មភាព និងផែនការយុទ្ធសាស្ត្រ រួមមាន ចំណុចទី ១ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីថវិកា២០២៣ ចំណុចទី ២ កំណែទម្រង់កម្មវិធីសាលារៀន និងការបង្កើតសាលាគំរូ។ ចំណុចទី ៣ ធ្វើបច្ចុប្បន្នភាពលើការអភិវឌ្ឍផែនការយុទ្ធសាស្ត្រអប់រំថ្មី ២០២៤-២០២៨ ចំណុចទី ៤ វឌ្ឍនភាពនៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ដំបូង ចំណុចទី ៥ យុទ្ធសាស្ត្រពង្រីកការអនុវត្តក្នុងការបណ្តុះបណ្តាល និងបំប៉នឡើងវិញគ្រូបង្រៀនកម្រិតថ្នាក់ដំបូង និងចំណុចទី ៦ របាយការណ៍វឌ្ឍនភាពនៃសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំនេះដែរ លោក ហង់ជួន ណារ៉ុន បានថ្លែងថា៖ «ក្រសួងសូមផ្តល់អនុសាសន៍ជាគន្លឹះៗមួយចំនួន លើការបន្តអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីសិក្សា និងការអប់រំគ្រូបង្រៀន ដោយអនុវត្តផែនការអាទិភាពដោយផ្ដោតលើការរៀបចំគោលនយោបាយផ្អែកលើលទ្ធផលបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យកាន់តែប្រសើរ ឈានឆ្ពោះទៅសម្រេចគោលដៅរួមជាច្រើនទៀតដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា»។
ជុំវិញវិស័យអប់រំនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឱ្យដឹងថា បច្ចុប្បន្ន ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរប៉ុន្មានទេ ដោយសារលោកស្រីមើលឃើញ នៅលើបណ្ដាញសង្គមក្នុង ១ ថ្ងៃៗឃើញ តែការប្រើប្រាស់ពាក្យសម្តីអសុរោះជាហូរហែ ដូចជា ការវាយប្រហារ ការមាក់ងាយ និងការប្រើអំពើហិង្សា កាប់សម្លាប់ជាដើមបានកើតឡើងស្ទើររាល់ថ្ងៃគួរឱ្យមានការបារម្ភ។ លោកស្រីថ្លែងថា៖ «កាលណាសីលធម៌សង្គមយើងធ្លាក់ចុះ នោះវាក៏បណ្ដាលឱ្យប្រព័ន្ធអប់រំកំពុងធ្លាក់ចុះដែរ ដូច្នេះស្ថានភាពបែបនេះ គឺបញ្ជាក់ថា ការអប់រំមិនទាន់ប្រសើរឡើងទេ»។
យ៉ាងណាក្ដី លោកស្រី អ៊ុក ឆាយ៉ាវី បានបញ្ជាក់ថា៖«ចំពោះអ្វីដែលក្រសួងកំពុងតែធ្វើជាមួយដៃគូអភិវឌ្ឍន៍នេះទាក់ទងនឹងការលើកកម្ពស់ប្រព័ន្ធអប់រំគឺវាជារឿងល្អ ហើយលោកស្រីគាំទ្រចំពោះសកម្មភាពទាំងនេះដែរ។ ខ្ញុំសង្ឃឹមថា ការសហការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិនេះនឹងធ្វើឱ្យការអប់រំនៅកម្ពុជាមានភាពល្អប្រសើរឡើង ជាពិសេសគឺលើកកម្ពស់សីលធម៌សង្គម»៕