ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយក្នុងនោះមានបេក្ខជនប្រឡងជាប់សរុបចំនួន ៩៨ ៤៦០ នាក់ ត្រូវជាជិត ៧៣ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង ខណៈដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ ។
ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលត្រូវបានប្រកាសកាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ខណៈនៅតាមបណ្តាខេត្តទូទាំងប្រទេសត្រូវបិទប្រកាសនៅថ្ងៃទី ២៤ វិច្ឆិកា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ «ជាលទ្ធផលបេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡងត្រូវជា ៥ ៥៤៣ បន្ទប់។ បេក្ខជនអវត្តមានសរុប ២ ៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១ ៨១៤ នាក់ ស្រី ៧៤៩ នាក់)។
ជាមួយគ្នានេះក្រសួងអប់រំបានជម្រាបជូនប្រធានមន្ទីរអប់រំរាជ-ធានីខេត្ត ឱ្យចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាមន្ទីរសាមី ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌល សំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់អនុគណៈកម្មការបូកសរុបរបាយការណ៍អគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី ៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។
ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួម ពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ ម្យ៉ាងវិញទៀតការបើកនេះ ត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ (០១២៧៣៦ ៧៦៧ ដោយមានបញ្ជាក់ពីស្ថានភាពស្រោមដែលមានបិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួម។
មុនការប្រកាសលទ្ធផលនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រីថ្លែងថា៖ «គ្រប់គណៈកម្មការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
គួរជម្រាបថា លទ្ធផលបេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៣ មានការកើនឡើងជាងឆ្នាំមុន ដោយលទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០២២ មានសិស្សចំនួន ៩០ ៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២,៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២ នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០ នាក់៕