អង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា (អ.វ.ត.ក.) កាលពី​ថ្ងៃទី២៣​ខែវិច្ឆិកា​នេះ បានចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា​ជាមួយ​កម្មវិធី​សេវាសន្តិភាព​ស៊ីវិល (GIZ-CPS) សម្រាប់​ការបញ្ជូន​ទីប្រឹក្សា​ផ្នែកកសាង​សន្តិភា​ពដើម្បី​គាំទ្រ​ដល់ អ.វ.ត.ក. ក្នុងការអនុវត្ត​សកម្មភាព ដែលផ្តោតលើ​ការបង្កើន​ការយល់ដឹង​ដល់​ជនរងគ្រោះ។

 លោក ក្រាញ់ តូនី ប្រធានរដ្ឋបាល​ស្តីទី​នៃ អ.វ.ត.ក. បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពីការ​ចុះ MoU នេះ ថា៖ «វាជាកិត្តិយស​ដ៏ឧត្តុងឧត្តម​ក្នុងការចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នា​ជាមួយ​កម្មវិធី​សេវាសន្តិភាព​ស៊ីវិល។ អង្គភាព​ផ្នែកគាំទ្រ​ជនរងគ្រោះ (VSS) គឺជាចំណុច​ទំនាក់ទំនង កណ្តាល​រវាង អ.វ.ត.ក. ជនរងគ្រោះ និងតំណាង​របស់​ពួកគេ»។

លោកបន្ត​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ការបញ្ជូន​ទីប្រឹក្សា​ផ្នែក​កសាងសន្តិភាព​នេះ នឹងគាំទ្រដល់ អ.វ.ត.ក. និង អង្គភាព​ផ្នែកគាំទ្រ​ជនរងគ្រោះ ដើម្បី​បង្កើត​ក្របខ័ណ្ឌ​ទូលំទូលាយ និងផែនការ​ការងារ​លម្អិត ដែលសម្របសម្រួល​ដល់ការបង្កើន​ការយល់ដឹង​ដល់​ជនរងគ្រោះ និងអ្នករស់រាន​មានជីវិត​ពីរបប​ខ្មែរក្រហម ក្នុងអំឡុង​ដំណាក់កាល​សេសសល់​របស់ អ.វ.ត.ក.»។

ជាមួយគ្នានេះ​ លោក Martin Hennings អ្នកសម្របសម្រួល​កម្មវិធី​នៃសេវាសន្តិភាព​ស៊ីវិល (GIZ-CPS) ប្រចាំប្រទេស​កម្ពុជា មានប្រសាសន៍​ថា៖ «យើង​រំភើប​និងមោទនភាព​ក្នុងការបន្ត​ទំនាក់ទំនង​យូរអង្វែង​និងមិត្តភាព​ប្រកបដោយ​ផ្លែផ្កា​ជាមួយអ.វ.ត.ក.។ រួមគ្នា យើងនឹង​អាចពង្រឹង​កេរដំណែល​របស់​សាលាក្តី និងធានាថា ការសិក្សា​និងឥទ្ធិពល​នេះ នឹងត្រូវបាន​បញ្ចូលនៅក្នុង​សង្គម​កម្ពុជា​សម្រាប់មនុស្ស​ជំនាន់ក្រោយ។ ការផ្តោតលើ​អ្នករស់រាន​មានជីវិត និងក្មេង​ជំនាន់ក្រោយ បង្កើតជាមូលដ្ឋាន​ដែលបទពិសោធ​ពីអតីតកាល​ត្រូវបាន​ដោះស្រាយ​ក្នុងលក្ខណៈ​បរិយាបន្ន​និងរួមបញ្ចូលគ្នា»។

គួរជម្រាប​ថា អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) គឺជាស្ថាប័ន​តុលាការ​ក្នុង​​ស្រុកមួយ ដែលត្រូវបាន​បង្កើតឡើង​ស្របតាម​ច្បាប់​ប្រទេស​កម្ពុជា។ 

អ.វ.ត.ក. មានយុត្តាធិការ​ក្នុងការជំនុំ​ជម្រះក្តី​មេដឹកនាំ​ជាន់ខ្ពស់​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ និង​អ្នកដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​លើ​ឧក្រិដ្ឋកម្ម និងការរំលោភ​ធ្ងន់ធ្ងរ​ នៃក្រមព្រហ្មទណ្ឌ​កម្ពុជា ច្បាប់​មនុស្សធម៌​អន្តរជាតិ និងច្បាប់​ទំនៀមទម្លាប់​អន្តរជាតិ ដែលបាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។  

បន្ទាប់ពី​បញ្ចប់​ដំណើរការ​កាត់ក្តី​របស់​ខ្លួន អ.វ.ត.ក. បានចាប់ផ្តើម​នៅខែ​មករា ឆ្នាំ២០២៣ ដើម្បីអនុវត្ត​លើមុខងារ​ដែលនៅ​សេសសល់​សម្រាប់​រយៈពេល ៣ ឆ្នាំ​ដំបូង ស្របតាម​កិច្ចព្រមព្រៀង​បន្ថែម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងអង្គការ​សហប្រជាជាតិ។ 

ចំណែក​កម្មវិធី​នៃសេវាសន្តិភាព​ស៊ីវិល (GIZ-CPS) គឺជា​កម្មវិធី ដែលធ្វើ​ការងារ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​នៅក្នុងតំបន់​ដែលរងផល​ប៉ះពាល់​ដោយ​ជម្លោះ​និងវិបត្តិ និងដើម្បី​លើកកម្ពស់​សន្តិភាព។ 

 កម្មវិធីនេះ តស៊ូ​មតិ​សម្រាប់​ពិភពលោក ដែលដោះស្រាយ​ជម្លោះដោយ​គ្មាន​អំពើហិង្សា ហើយ ប្រធានបទ​របស់ សេវាសន្តិភាព​ស៊ីវិល រួមមាន​ការសម្រុះសម្រួល និងការសន្ទនា ការដោះស្រាយ​អតីតកាល ជំនួយ​ផ្លូវចិត្ត និងការងារ​ប្រព័ន្ធផ្សព្វផ្សាយ​ដែលងាយ​នឹងប៉ះទង្គិច៕