បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំផែនការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ ទៅដល់ប្រជាពលរដ្ឋជាង ១ លាននាក់ ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការក្លាយជាសមាជិក ប.ស.ស.។
បុគ្គលស្វ័យនិយោជន៍ សំដៅដល់បុគ្គលដែលប្រកបការងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្ដល់ដោយនិយោជក ឬក៏រដ្ឋ តាមកិច្ចសន្យាការងារ។
នាពិធីផ្សព្វផ្សាយស្តីពី របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី២២ខែវិច្ឆិកានេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ជាការពង្រីកវិសាលភាពបន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់ប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជន៍។
លោកបន្តថា ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជននិងកម្មករនិយោជិត ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ ជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុត ទៅដល់សុខុមាលភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ ដែលនេះជាការគ្របដណ្ដប់ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល»។
តាមរយៈពិធីផ្សព្វផ្សាយនេះដែរ លោក ហេង សួរ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីអាចផ្សព្វផ្សាយបន្ត អំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ឱ្យបានដល់កម្មករនិយោជិត អ្នកនៅក្នុងបន្ទុក និងអាជីវករ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់។
ជាមួយគ្នានេះលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានថ្លែងថា តាមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីក្រសួងការងារ បេឡាជាតិសន្តិសុខសង្គម បានរៀបចំផែនការផ្សព្វផ្សាយចំនួន ៤ ០០០ លើក ទៅកាន់ក្រុមគោលដៅសរុបប្រមាណ ១ លាន ២០ ម៉ឺននាក់។
លោកថ្លែងថា៖ «ការផ្សព្វផ្សាយទៅដល់ក្រុមគោលដៅទាំងនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងមកនេះ»។
លោកបន្ថែមថា ជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ បានផ្សព្វផ្សាយសរុបចំនួន ១ ០៤៩ លើក ដែលមានអ្នកចូលរួមចំនួន ៣៥៣ ០៥៧ នាក់ ស្មើនឹង ៣០%នៃផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ន្លងទៅនេះ៕