រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន បានបង្ហាញឆន្ទៈថា នឹងរួមសហការគ្នាពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គម សំដៅឈានទៅកាត់បន្ថយភាពក្រីក្រនៅប្រទេសរបស់ខ្លួន ពិសេសនៅក្នុងកម្រិតតំបន់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រអាស៊ានលើកទី១៣ ដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ានលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ» កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋសិង្ហបុរី។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកក្រោមការដឹកនាំប្រកបដោយឈ្លាសវៃអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងនិរន្តរភាព ដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជាង ៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
ជាមួយនឹងការកាត់បន្ថយវិសមភាពសង្គមឱ្យកាន់តែរួមតូច អត្រានៃភាពក្រីក្ររបស់ប្រទេសបានថយចុះមកនៅត្រឹមក្រោម ១០% ហើយត្រៀមខ្លួនដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។
ជាមួយគ្នានេះលោកបានបញ្ជាក់អំពីការប្ដេជ្ញាចិត្ត ក្នុងការអភិវឌ្ឍសហគមន៍ជនបទកម្ពុជា សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
តាមរយៈកិច្ចប្រជុំខាងលើ បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការបន្តការអភិវឌ្ឍជនបទ និងសហគមន៍ ដើម្បីកាត់បន្ថយភាពក្រីក្រឆ្ពោះទៅកាន់ការកែលម្អស្ថានភាពសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌតំបន់ដោយដាក់ចេញនូវចក្ខុវិស័យសហគមន៍អាស៊ាន។
ជារួមកិច្ចប្រជុំនោះ រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន បានប្តេជ្ញាជំរុញលើកទឹកចិត្តរដ្ឋសមាជិកទាំងអស់ឱ្យពិនិត្យឡើងវិញ និងធ្វើសមាហរណកម្មគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនៅថ្នាក់ជាតិលើការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ និងការគាំពារសង្គម រួមទាំងសុខុមាលភាព ដោយយកចិត្តទុកដាក់លើបទពិសោធន៍ដែលទទួលបានពីជំងឺរាតត្បាតកូវីដ១៩ ដោយបន្តវិនិយោគលើការគាំពារសង្គម។
ជាមួយគ្នានេះ រដ្ឋមន្រ្តីជនបទអាស៊ាន ក៏បានប្តេជ្ញារួមគ្នា ស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដោយផ្តោតលើការដោះស្រាយ បញ្ហាធំៗ ដែលជះឥទ្ធិពលដល់ប្រព័ន្ធគាំពារសង្គមដោយផ្អែកលើអភិក្រមមិនបោះបង់ចោលប្រជាជនណាម្នាក់ឡើយ។
ជាងនេះទៀត ការពង្រឹងតាមសហគមន៍មូលដ្ឋាននៅជនបទ និងទីក្រុងក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត និងការវាយតម្លៃវិធានការគាំពារសង្គមដែលកំណត់គោលដៅជនក្រីក្រ និងងាយរងគ្រោះ ព្រមទាំងវិធានការផ្តល់សិទ្ធិអំណាចដល់ការអភិវឌ្ឍសហគ្រាសមូលដ្ឋាននៅក្នុងតំបន់ជនបទនិងទីក្រុងផងដែរ៕