ក្រសួងសុខាភិបាល ត្រៀមរៀបចំសកម្មភាពចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍រហ័ស ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
មុនពិធីបុណ្យអុំទូកមកដល់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ស៊ឹម ស៊ូយេង រួមជាមួយ លោក មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីត្រៀមរៀបចំសកម្មភាពចុះអប់រំផ្សព្វផ្សាយអំពីអេដស៍ និងផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍រហ័ស ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យអុំទូក កាលពីថ្ងៃទី ២២ខែវិច្ឆិកា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកសាស្រ្តាចារ្យជំនួយ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំង លោក លោកស្រី នៃមជ្ឈមណ្ឌលជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ (KHANA, MHC, CWPD) សរុបចំនួន ១៩ នាក់។ នេះបើតាមក្រសួងសុខាភិបាល។
កិច្ចប្រជុំបានពិភាក្សាល្អិតល្អន់ ដោយបានកំណត់នូវការរៀបចំមួយចំនួន រួមមានដាក់ស្តង់ចំនួនពីរកន្លែងបន្ថែមទៀតនៅថ្ងៃទី២៥ ខែវិច្ឆិកា នៅម្តុំទីក្រុងរណបជ្រោយចង្វារ (OCIC) ដែលជាកន្លែងកីឡាករស្នាក់នៅ ដើម្បីផ្សព្វផ្សាយអប់រំសុខភាពស្តីពីមេរោគអេដស៍ និងចែកស្រោមអនាម័យជូនពួកគាត់។
ស្តង់ចំនួនពីរកន្លែងនៅម្តុំរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ (កែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) ដោយនឹងអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំសុខភាពស្តីពីមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សកម្មភាពចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងចែកស្រោមអនាម័យ សម្ភារអប់រំ ចាប់ពីម៉ោង ៨ ព្រឹកដលម៉ោង ៩ យប់។
ក្នុងយុទ្ធនាការនេះដែរ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នឹងប្រើប្រាស់
សម្ភារអប់រំផ្សព្វផ្សាយរួមមាន ស្រោមអនាម័យចំនួន ៨០០០០ ស្រោម ទឹករំអិល ២០០០០ កញ្ចប់ អាវយឺតអេដស៍ចំនួន ៦០០ អាវ ខិត្តប័ណ្ណ តេស្តរហ័ស និងប្រតិករសម្រាប់ធ្វើតេស្តរកមេរោគអេដស៍។
ពាក់ព័ន្ធបញ្ហាអេដស៍នេះដែរ លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី២៣ខែវិច្ឆិកា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាជាតិស្តីពីការផ្តល់សុពលភាពលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨)។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកបានសង្កត់ធ្ងន់ថា ការបញ្ចប់ជំងឺអេដស៍តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។
នៅចន្លោះឆ្នាំ២០១១ ដល់ ២០១៧ កម្ពុជាបានទទួលពានរង្វាន់អង្គការសហប្រជាជាតិចំនួន ២ ហើយត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ១០ នៅលើពិភពលោក ដែលសម្រេចបាននូវគោលដៅជាសកលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ការប្តេជ្ញាចិត្តរួមរបស់យើងនៅថ្ងៃនេះ និងឆ្នាំខាងមុខនឹងធ្វើឱ្យបេសកកម្មរបស់ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើទៅបានពិតប្រាកដ។
ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្ពុជាយើងនឹងអាចធានាថាការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យមានការសម្របសម្រួលយ៉ាងល្អ មានបរិយាបន្ន មានសហគមន៍ដែលម្ចាស់ការ មានការអនុវត្តអភិក្រមដែលយកប្រជាជនជាធំ មានភាពធន់ និងធានាបានចីរភាព ក្នុងការបញ្ចប់ជំងឺអេដស៍។ នេះបើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕