អ្នកជំនាញបានបង្ហាញក្តីជឿជាក់ថា គោលការណ៍ជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល នឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍ តាមរយៈជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់ថាមពលស្អាត និងជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា។
ការលើកឡើងរបស់អ្នកជំនាញបែបនេះ បានធ្វើឡើង បន្ទាប់ពីក្រសួងរ៉ែ និងថាមពល កាលពីខែមេសា ឆ្នាំ២០២៣ បានដាក់ចេញនូវ«គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា» ខណៈគោលការណ៍នេះ អាចជាឯកសារសំខាន់ជាមូលដ្ឋានក្នុងបទប្បញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញឱ្យអនុវត្តនៅដើមឆ្នាំ ២០២៤ខាងមុខ។
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងអង្គការ WWF ប្រចាំកម្ពុជា បានផ្សាយចេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ផេង វណ្ណា មន្ត្រីគ្រប់គ្រងកម្មវិធីថាមពលនៃអង្គការWWF បានលើកឡើងថា វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាត។
លោកបន្តថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកំណើននៃចំនួនអ្នកទេសចរ គឺបង្ហាញពីឱកាសពិសេសមួយក្នុងការពង្រឹងការអភិវឌ្ឍបៃតងរយៈពេលវែងជំរុញការប្រើប្រាស់ថាមពលស្អាត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មគ្មានផ្សែងមួយនេះ ដើម្បីលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច រួមចំណែកឆ្ពោះទៅរកភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកជំនាញខាងលើបន្តថា៖«គោលការណ៍ ឬបទប្បញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញនាពេលខាងមុខនេះ អាចបង្កើតផ្លូវច្បាស់លាស់មួយជំរុញកាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនឹងអាចកាត់បន្ថយថ្លៃអគ្គិសនី ពង្រឹងស្ថិរភាពការផ្គត់ផ្គង់ថាមពលស្អាត និងកាត់បន្ថយការបញ្ចេញកាបូនផង»។
ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លើកឡើងដែរថា «បទប្បញ្ញត្តិដែលរំពឹងថានឹងដាក់ចេញពេលខាងមុខនេះ គឺជាសញ្ញាណច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះអព្យាក្រឹតភាពកាបូន និងចូលរួមបំផុសគំនិតអភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់ ដោយផ្អែកលើយន្តការលើកទឹកចិត្តការប្រើប្រាស់ថាមពលស្អាត»។
លោកបន្តថា៖«យ៉ាងណាទំនួលខុសត្រូវក្នុងការផ្លាស់ប្តូរ លើសពីចំណារក្នុងក្រដាសមកជាការអនុវត្តជាក់ស្តែង គឺស្ថិតនៅលើបុគ្គលម្នាក់ៗ និងតាមវិស័យរៀងៗខ្លួន ខណៈវិស័យទេសចរណ៍មានសក្តានុពលក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនៅក្នុងការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី មិនថាសណ្ឋាគារ ឬរីសតធំៗ និងផ្ទះស្នាក់អេកូទេសចរណ៍ដែលដឹកនាំដោយសហគមន៍នោះឡើយ»។
បើតាមសេចក្តីថ្លែងការណ៍រួមដដែល បានលើកឡើងថា ទោះជាការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតធំ(សួនសូឡា)ទាក់ទាញការវិនិយោគច្រើនយ៉ាងណា ក៏កម្ពុជានៅមិនទាន់ទាញប្រយោជន៍ជាអតិបរមាពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអស់លទ្ធភាពនៅឡើយទេ។
ក្រសួងរ៉ែ និងថាមពលបានប៉ាន់ប្រមាណថា លទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាអាចនឹងមានប្រមាណ ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០%នៃការផ្គត់ផ្គង់ ថាមពលក្នុងស្រុកសរុបនាឆ្នាំ ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនី ជាង ៤០០ មេហ្គាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិត្យ។
ស្ថាប័នទាំងពីរបន្តថា ស្របនឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗថាចំនួនភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជា បានកើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។
ស្ថាប័នទាំងពីរយល់ថា៖« គោលការណ៍ថ្មីស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនេះ គឺបានកត់សម្គាល់អំពីគុណប្រយោជន៍របស់ថាមពលស្អាត ក្នុងវិស័យទេសចរណ៍»។
ជាងនេះទៀត គោលការណ៍ថ្មីនេះ អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលដែលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេស៕