គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹង​ថា ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះ​សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥ ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើម​ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺ​មានរយៈពេល ១៥ ថ្ងៃ។  
 
មុនកាលបរិច្ឆេទ​មកដល់ គ.ជ.ប បានរៀបចំ​កិច្ចប្រជុំជាមួយ​ភាគីពាក់ព័ន្ធ​នឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយ​អំពីការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះ និងការប្តឹង​តវ៉ា ការដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទងនឹង​ការចុះបញ្ជីគណបក្ស​នយោបាយ សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ​ដឹកនាំដោយ​លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធាន​ក្រុមប្រតិកម្ម​ព័ត៌មាន។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ គ.ជ.ប។ 
 
សេចក្តីប្រកាស​ដដែលឱ្យដឹងថា សម្រាប់ពាក្យ​សុំចុះបញ្ជីគណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះ ត្រូវបានផ្ដល់​ជូនគណបក្ស​នយោបាយ ដោយឥតគិតថ្លៃ នៅទីស្ដីការ  គ.ជ.ប រៀងរាល់​ម៉ោងធ្វើការ ឬអាចទាញយក​ពីគេហទំព័រ​របស់ គ.ជ.ប www.nec.gov.kh»។ 
  
លោក ឌឹម សុវណ្ណារុំ បានថ្លែងទៀត​ថា អនុលោមតាមច្បាប់​ស្ដីពីវិសោធនកម្ម​ច្បាប់​បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្ម​នៃច្បាប់​ស្ដីពីការបោះឆ្នោត​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដី​ពីវិសោធនកម្ម​នៃច្បាប់​ស្ដីពីការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ ប្រជាពលរដ្ឋ​ខ្មែរមានសិទ្ធិ និងមានបំណង​ឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា ត្រូវបំពេញ​លក្ខខណ្ឌ​តាមកំណត់​នៃច្បាប់ ដូចជាមាន​សញ្ជាតិខ្មែរ​ពីកំណើត មាន​អាយុ ៤០  ឆ្នាំឡើង​ទៅ គិតដល់​ថ្ងៃបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងមានឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត។

បេក្ខជនបាន​អនុវត្តសិទ្ធិ​បោះឆ្នោត​ដោយបានបោះឆ្នោត​សម្រាប់ការបោះឆ្នោត​ជាសកល ចំនួន ២  លើកចុងក្រោយ​ជាប់គ្នា ដែលរៀបចំឡើង​ដោយ គ.ជ.ប លើកលែងតែករណី​ដែលការមិនអាច​អនុវត្តសិទ្ធិ​បោះឆ្នោតនេះមានមូលហេតុ​សមស្រប មានលំនៅឋាន ឬទីសំណាក់​នៅកម្ពុជា និងមានការតែងតាំងពីគណបក្ស​នយោបាយ ដែលបានចុះបញ្ជី​ឈរឈ្មោះបោះឆ្នោត។ 
 
បើតាម លោក ឌឹម សុវណ្ណារុំ សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ការអនុវត្ត​សិទ្ធិបោះឆ្នោត​ខាងលើ ត្រូវបានកំណត់​យកត្រឹមការបោះឆ្នោត​ជាសកលមួយ​លើកចុងក្រោយ ដែលរៀបចំ​ឡើងដោយ គ.ជ.ប គឺការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ 

លោក ឌឹម សុវណ្ណារុំ បានថ្លែងថា៖«ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ គណបក្ស​នយោបាយ ត្រូវបំពេញ​ពាក្យសុំ​ចុះបញ្ជីនេះ ចំនួន ២ ច្បាប់ និងមានឯកសារ​ភ្ជាប់មក​ជាមួយ ចំនួន ១០ ច្បាប់»។ 
 
អនុលោមតាមច្បាប់​ស្ដីពីការបោះឆ្នោតជ្រើស​តាំងសមាជិក​ព្រឹទ្ធសភា និងច្បាប់​ស្ដីពីវិសោធនកម្ម​នៃច្បាប់នេះ ច្បាប់ស្ដីពី​វិសោធនកម្មច្បាប់​បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានជូនដំណឹងដល់​គណបក្សនយោបាយ​ដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ​រួចរាល់ហើយ និងមានបំណងសុំ​ចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំ​បែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់​មកជាមួយនូវ​សំណុំឯកសារ ដូចមាន​ចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។ 
 
សេចក្តីជូន​ដំណឹងនេះ បញ្ជាក់ទៀតថា គណបក្ស​នយោបាយ​ត្រូវរៀបចំ​បញ្ជីបេក្ខជន​ឈរឈ្មោះសរុប​ទូទាំងប្រទេស។ បញ្ជីនេះ​ត្រូវមានបេក្ខជន​ពេញសិទ្ធិចំនួន​យ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួន​អាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជន​បម្រុងចំនួន​ស្មើគ្នា​នឹងបេក្ខជន​ពេញសិទ្ធិ ដោយមិនគិត​អាសនៈដែលត្រូវបាន​ចាត់តាំង និងជ្រើសតាំង។

ក្នុងន័យនេះ​ត្រូវកំណត់យកបេក្ខជនពេញ​សិទ្ធិយ៉ាងតិច ១៩  រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជន​បម្រុងចំនួន​ស្មើគ្នា​នឹងបេក្ខជន​ពេញសិទ្ធិ ដោយមិនគិត​អាសនៈដែលត្រូវបាន​ចាត់តាំង និងជ្រើសតាំង។បញ្ជីបេក្ខជន​ឈរឈ្មោះតាមមណ្ឌល​ភូមិភាគ​ត្រូវមានបេក្ខជន​គ្រប់តាម​ចំនួនអាសនៈ និងតាមគំរូ​ដែល គ.ជ.ប ផ្ដល់ជូន។ 
 
សូមបញ្ជាក់​ថា សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី ៥ នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ៕