អគ្គស្នងការនគរបាលជាតិលោក ស ថេត បានជំរុញឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំដល់អ្នកបើកបរខ្លួន ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមានសុជីវធម៌ក្នុងការបើកបរ ដើម្បីចូលរួមកាត់បន្ថយអត្រាការស្លាប់ និងគ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ស ថេត បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបានលើកឡើងថា ស្របពេលដែលការដឹកជញ្ជូនទំនិញផ្សេងៗ និងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើង ហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ នៅមានកម្រិតនៅឡើយ ដូច្នេះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនៅក្នុងរាជធានីភ្នំពេញ ត្រូវធ្វើការណែនាំដល់អ្នកបើកបររបស់ខ្លួនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍។
លោកបញ្ជាក់ថា៖«ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងកុំបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង»។
បើតាមលោក ស ថេត បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ លោកនឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់៣ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ឱ្យកាន់មានតែប្រសិទ្ធភាពបន្ថែមទៀតនោះ លោក ស ថេត ក៏បានផ្តល់ការណែនាំដល់ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងបានឯកភាពនូវចំណុចមួយចំនួនផងដែរ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកិច្ចប្រជុំនោះ បានឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឱ្យរៀបចំឯកសារគោលមួយដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដាមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ។
បន្ទាប់ពីស្តាប់ការណែនាំនេះ ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដែលបានចូលរួមនោះ បានប្តេជ្ញាចិត្តថានឹងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរដឹកទំនិញរបស់ខ្លួនឱ្យបានល្អ ហើយនឹងកំណត់រយៈពេលទៀងទាត់ ក្នុងការអប់រំសីលធម៌ សុជីវធម៌ និងគោលការណ៍ផ្សេងៗដល់អ្នកបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន ៤៩២ គ្រឿង ហើយកំណើនអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរាជធានីភ្នំពេញ ដោយអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងរហូតដល់ ២ លាន ២ សែនគ្រឿង ហើយរថយន្ត មានជាង ៧០ ម៉ឺនគ្រឿង៕