កំពង់ស្ពឺៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ ដែលមានការចូលរួមពីតំណាងរោងចក្រ សហគ្រាសចំនួន ៤០ នាក់ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់គ្រោះថ្នាក់ចេញពីវិស័យឧស្សាហកម្មឱ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពបរិស្ថាន នាថ្ងៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ ២០២៣ ក្នុងក្រុងច្បារមន។ នេះបើយោងតាមក្រសួងបរិស្ថានកាលពីថ្ងៃទី ២៥ ខែវិច្ឆិកានេះ។
ក្រសួងបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកទទួលខុសត្រូវផ្នែកបរិស្ថានក្នុងរោងចក្រ សហគ្រាសអំពីផលប៉ះពាល់លើបរិស្ថាន និងសុខភាពសាធារណៈដែលបង្កពីការទុកដាក់មិនបានត្រឹមត្រូវនូវសំណល់គ្រោះថ្នាក់ចេញវិស័យឧស្សាហកម្ម, ពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងពីការប្រើប្រាស់បច្ចេកវិទ្យា ខូប្រូសេសស៊ីង សម្រាប់ធ្វើប្រព្រឹត្តិកម្មសំណល់គ្រោះថ្នាក់ចេញវិស័យឧស្សាហកម្មប្រកបដោយសុវត្ថិភាពបរិស្ថាន។
លោករដ្ឋលេខាធិការបានលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនោះ ពីការទុកដាក់សំណល់គ្រោះថ្នាក់ និងការប្រើប្រាស់សេវាគ្រប់គ្រងសំណល់គ្រោះថ្នាក់ដែលមានបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពបរិស្ថាន មានសារៈសំខាន់ណាស់ដែលអាចទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈ និងបរិស្ថាន។
លោករដ្ឋលេខាធិការក៏បានជំរុញឱ្យរោងចក្រ សហគ្រាស ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តនៅតាមវិស័យអប់រំ វិស័យឧស្សាហកម្ម និងវិស័យឯកជនដទៃទៀត។
លោក សាបូ អូហ្សាណូ បានលើកឡើងថា បច្ចុប្បន្នមានមនុស្សប្រមាណចំនួន៣លាននាក់បាននិងកំពុងតែចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៕