លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ប្រទេសកម្ពុជាបានប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យធ្លាក់ដល់កម្រិតទាបបំផុតនៅឆ្នាំ ២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងប្រទេសជាង ១៨០ ប្រទេសបានធ្វើការប្តេជ្ញាចិត្ត នៅឯសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីចុងឆ្នាំ ២០១៩។
លោកស្រីបានថ្លែងបែបនេះ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» នៅវិទ្យាល័យកំបូល ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងបញ្ជាក់ថា ៖ «ការប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យធ្លាក់ដល់កម្រិតទាបបំផុតនៅឆ្នាំ ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងប្រទេសជាង ១៨០ គឺប្តេជ្ញាសម្រេចឱ្យបានសូន្យចំនួនបីនៅឆ្នាំ ២០៣០ គឺ ទី១.ការលុបបំបាត់អត្រាមរណភាពមាតាដែលអាចការពារ, ទី២.ការលុបបំបាត់នូវតម្រូវការមធ្យោបាយពន្យារកំណើតដែលមិនបានសម្រេច និងទី៣. ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»។
លោកស្រីបានបន្ថែមថា ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានយន្តការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រគ្រប់កម្រិត និងបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីជាច្រើន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពអ្នកផ្តល់សេវាក្នុងការឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ។
«ម្យ៉ាងវិញទៀត ក៏ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាឆ្លើយតប និងកិច្ចអន្តរាគមន៍ជួយជនរងគ្រោះឱ្យទទួលបានយុត្តិធម៌ សំដៅឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្ត ចូលរួម អនុវត្តរបស់ប្រតិបត្តិករយើងទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួងកិច្ចការនារី ដើម្បីរួមគ្នាក្នុងបេសកកម្មលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី លោក អ៊ឹង កន្ថាផាវី។
ទាក់ទងនឹងការប្តេជ្ញារបស់ក្រសួងកិច្ចការនារីនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យធ្លាក់ដល់កម្រិតទាបបំផុតនៅឆ្នាំ ២០៣០ នេះ អាចសម្រេចទៅបាន វាអាស្រ័យលើឆន្ទៈ និងការធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។
លោកបានប្រាប់ឱ្យដឹងថា ៖ «យោងមាត្រា ២៦ នៃច្បាប់នេះបានចែងថា ចំពោះបទល្មើសដែលជាអំពីហិង្សាប៉ះពាល់ខាងផ្លូវចិត្ត ឬផ្លូវជីវភាពសេដ្ឋកិច្ច និងបទល្មើសមជ្ឈិមស្រាល ឬការផ្សះផ្សា ឬសម្រុះសម្រួលអាចធ្វើទៅបានតាមការយល់ព្រមពីភាគីទាំងសងខាង។ ក្នុងនាមយើងជាសង្គមស៊ីវិល មិនយល់ស្របចំពោះមាត្រានេះ នឹងស្នើឱ្យរាជរដ្ឋាភិបាលពិចារណាធ្វើវិសោធកម្ម។ ម្យ៉ាងវិញគួររៀបចំគោលនយោបាយបន្ថែមទៀត ដែលការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ»។
សូមជម្រាបថា យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលពិភពលោក ក៏ដូចជាកម្ពុជាតែងតែរៀបចំជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១០ ខែធ្នូ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
យុទ្ធនាការ ១៦ ថ្ងៃនេះបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម ដែលជាសកម្មភាពអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមសកម្មភាពអាទិភាពជាច្រើនដែលត្រូវចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគ្រប់ទម្រង់ និងជាសកម្មភាពមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ និងយុទ្ធសាស្ត្រទី១ ការបង្ការទប់ស្កាត់ នៃផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៣ ឆ្នាំ ២០១៩-២០២៣។
យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាព បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាក្នុងគ្រួសារ លើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្តមានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺ ថយចុះពី ២៩ ភាគរយ (ឆ្នាំ២០១៤) មក ២១ភាគរយ (ឆ្នាំ ២០២១-២០២២)។ ក្នុងចំណោមស្ត្រីអាយុ ១៥ ដល់ ៤៩ ឆ្នាំ មាន ១ នាក់ ក្នុងចំណោម ៥ នាក់ (២១ ភាគរយ) បានរាយការណ៍ថា ធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ និង/ផ្លូវចិត្ត ពីដៃគូស្នេហាក្នុងមួយជីវិតរបស់ពួកគេ ហើយអំពើហិង្សាពីដៃគូស្និទ្ធស្នាលបានថយចុះពី ១៩,៦ ភាគរយ (ឆ្នាំ ២០១៤) មក ១៣ ភាគរយ (ឆ្នាំ២០២១- ២០២២) ក្នុងរយៈពេល ១២ ខែចុងក្រោយ៕