អាជ្ញាធរមីនបានប្រកាសថា កម្ពុជាត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។
ការបោះឆ្នោតជ្រើសតាំងនេះ ត្រូវបានធ្វើឡើង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ អាជ្ញាធរមីនបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំឆ្នាំ ២០២៤ នឹងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ រដ្ឋអង្កេតការណ៍ដទៃទៀត រួមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើន។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងនៅក្នុងអង្គសន្និសីទនោះថា កម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ខណៈដែលកិច្ចប្រជុំលើកទី១ ធ្វើនៅប្រទេស កេនយ៉ា ឆ្នាំ ២០០៤, លើកទី២នៅប្រទេស កូឡុំប៊ី ឆ្នាំ ២០០៩, លើកទី៣នៅ ប្រទេសម៉ូសំប៊ិក ឆ្នាំ ២០១៤ និងលើកទី៤ នៅប្រទេស ន័រវែស ក្នុងឆ្នាំ ២០១៩។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងទំនុកចិត្តដែលអ្នកបានប្រគល់ជូនប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិត្តិយស និងសេចក្តីទុកចិត្តដែលបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការជំរុញគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិដ៏សំខាន់នេះ»។
ក្រោយទទួលបានការជ្រើសតាំងនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម ផ្លូវការរបស់លោកបានសរសេរថា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកម្ពុជា បានជ្រើសយកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើនទៀត។
សំណេររបស់លោកនាយករដ្ឋមន្ត្រីបានបន្តថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូនសហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ មើលលើវឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លងមក។
លោកបញ្ជាក់ថា៖ «កម្ពុជាគ្រោងនឹងដាក់ចេញនូវការងារ អាទិភាពចំនួន ៣ រួមមាន៖ ទី១ ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា, ទី២ ពង្រឹងការអនុវត្តមាត្រា ៥ នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និងទី៣ ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
ជាងនេះទៅទៀត កម្ពុជានឹងរៀបចំឱ្យមានជា សេចក្តីថ្លែងការណ៍ស្តីពីផែនការសកម្មភាព ៥ ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តដោយមានឈ្មោះថា «សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ (Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan)» ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកអាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ប្រតិបត្តិករជាតិ-អន្តរជាតិ សហគមន៍សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែក ជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជារួចចាកផុតពីទុក្ខវេទនា ដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា»។
លោកបន្តថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ»។
សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន។
អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។
សូមរំឭកថា មុននឹងឈានដល់ការទទួលបានតំណែងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ ២០២៤ នេះដែរ កាលពីថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន នៅក្នុងជំនួបដាច់ដោយឡែកមួយ បានស្នើដល់ ក្រុមការងារ Mine Action Review និងប្រតិភូព្រះរាជាណាចក្រថៃ ឱ្យផ្តល់ការចូលរួមគាំទ្រតាមលទ្ធភាពរបស់អង្គភាពនីមួយៗ។
នាជំនួបនេះ លោកបានលើកឡើងនូវអាទិភាពចំនួន៣ ដែលកម្ពុជាបានដាក់អាទិភាពក្នុងពេលធ្វើជាម្ចាស់ផ្ទះនិងជាប្រធាននៃសន្និសីទ នៅឆ្នាំ ២០២៤ ដោយទី១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា, ទី២. ពង្រឹងការអនុវត្តមាត្រា ៥ នៃអនុសញ្ញា និងទី៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕