សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព និងសមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម បានសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន ក្នុងការបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០២៣ នេះ។
ការចូលរួមនេះ ក្នុងគោលបំណងដើម្បីជំរុញចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ជាមួយកីឡាករអុំទូក និងប្រជាពលរដ្ឋដែលមកកម្សាន្ត នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព នៅថ្ងៃទី ២៥ ខែវិច្ឆិកា បានឱ្យដឹងថា សមាគម និងក្រសួងបរិស្ថាន គ្រោងនឹងធ្វើយុទ្ធនាការរួមគ្នាក្នុងយុទ្ធនាការផ្សព្វផ្សាយ អប់រំពីការទុកដាក់សំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ប្រភពដដែលបន្តថា ៖ «យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការជំរុញ និងបំផុសឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរួមគ្នា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើកកម្ពស់បរិស្ថាន ព្រមទាំងបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន និងសង្គម ដែលពាក្យស្លោកក្នុងយុទ្ធនាការនេះគឺ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
បើតាមសេក្តីជូនដំណឹងដដែលនេះ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យចេះស្រលាញ់បរិស្ថាន និងសង្គម ព្រមទាំងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកដែលបានប្រើប្រាស់រួមឱ្យមានរបៀបរៀបរយ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ដើម្បីប្រទេសជាតិ និងសង្គម ព្រមទាំងបរិស្ថានយើងស្អាត ទាល់តែយើងគ្រប់គ្នាចាប់ផ្តើមចេញពីយើងគ្រប់គ្នា និងការចេះទុកដាក់នូវប្លាស្ទិកដែលយើងបានប្រើប្រាស់រួចឱ្យមានរបៀបរៀបរយ ហើយថ្ងៃអនាគតយើងជឿថា ប្រទេសកម្ពុជាយើងនឹងបោះជំហានដ៏ធំមួយដែលជាប្រទេសមានបរិស្ថានស្អាតល្អ ដូចប្រទេសជឿនលឿនមួយចំនួន នៅទូទាំងពិភពលោកដូចគេដែរជាក់ជាមិនខាន»។
ដោយឡែក សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ក៏បានលើកឡើងដែរថា សមាគម និងក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការ ការផ្សព្វផ្សាយ អប់រំ ពីការទុកដាក់សំរាម និងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដល់សាធារណជន ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកនេះ ដើម្បីជំរុញឱ្យពលរដ្ឋខ្មែរជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើកកម្ពស់បរិស្ថាន ព្រមទាំងបញ្ហាបរិស្ថាន និងបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋ ស្រឡាញ់បរិស្ថាន ការចូលរួមកាត់បន្ថយការ ប្រើថង់ប្លាស្ទិក។
សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម បន្តថា ៖ «បុណ្យអុំទូក ជាឱកាសល្អសម្រាប់ធ្វើយុទ្ធនាការ ហើយក៏ជាឱកាសមួយសម្រាប់យុវជន ពលរដ្ឋខ្មែរ ដែលមកចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងពិធីបុណ្យអុំទូកនេះ ជួយចូលរួមក្នុងការថែរក្សាផ្លាស់ប្តូរ ទម្លាប់មិនល្អចេញ ពេលប្រើប្រាស់សំណល់ប្លាស្ទិក ដោយមិនចោលសំរាមផ្តេសផ្តាស់។ នេះហើយជាការពង្រឹងក្តីស្រឡាញ់ ធ្វើឱ្យបរិស្ថានស្អាត មានសោភណភាពស្រស់ស្អាត ដែលជាមោទនភាពខ្មែរយើងគ្រប់គ្នា»។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២៥ ខែវិច្ឆិកាថា ការចូលរួមពីមនុស្សដ៏ច្រើនក្នុងយុទ្ធនាការកន្លងមកនេះ ជាការឆ្លុះបញ្ចាំងពីការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកថា យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឬទ្ធិនារីកម្ពុជា និងអាជ្ញាធរខេត្តចំនួន ១៣ ផ្សេងទៀត ដែលបានចុះអនុស្សរណៈយោគយល់ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។
លោក អ៊ាង សុផល្លែតបានថ្លែងថា៖ «នៅពេលនេះ អង្គការសមាគមក្នុងស្រុកមួយចំនួនទៀត បានសហការចូលរួមក្នុងយុទ្ធនាការ ដែលបង្ហាញពីការរួមសាមគ្គីខ្មែរតែមួយ ដើម្បីធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន»។
សកម្មភាព និងការចូលរួម ចេញពីបេះដូងនាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធាសាស្ត្រ របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់បរិស្ថាន សោភណភាពរបស់កម្ពុជាឱ្យស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក អ៊ាង សុផល្លែត។
សូមបញ្ជាក់ថា ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានអនុវត្តចាប់តាំងពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ បាននិងកំពុងទទួលបានការគាំទ្រ និងចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋជាង៣លាននាក់ ដែលក្នុងនោះអ្នកចូលរួមបានប្តេជ្ញាចិត្ត មិនប្រើថង់ប្លាស្ទិកយ៉ាងតិច ១ ថ្ងៃ និងឈានទៅ២ ឬ ៣ ថ្ងៃ ក្នុង ១ សប្តាហ៍ និងបានធ្វើឱ្យកម្ពុជា ក្នុង ១ ថ្ងៃ អាចកាត់បន្ថយថង់ប្លាស្ទិកប្រមាណ ១៥ លានថង់៕