កណ្តាលៈ អភិបាលរងខេត្ត លោក នុត ពុធដារ៉ា បានលើកឡើងថា ដ្បិតថាខេត្តកណ្តាលទទួលបានជោគជ័យពីការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ក៏ពិតមែនយ៉ាងណាក៏ដោយ ក៍មិនមែនបានន័យថា រដ្ឋបាលខេត្តឈប់គាំទ្រ ឈប់សហការ ឈប់ធ្វើលើការងារអនាម័យនេះតទៅទៀតនោះដែរ ដោយបច្ចុប្បន្ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាននិងកំពុងដុតដៃ ដុតជើងក្នុងការធ្វើយុទ្ធនាការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ជាបន្តទៀត ហើយជឿជាក់ថា ខេត្តកណ្តាលនឹងទទួលបានជោគជ័យ នៅដើមឆ្នាំ ២០២៤ ជាក់ជាមិនខាន។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីចែករំលែកបទពិសោធន៍ស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកណ្តាល» ដែលជំនួបពិភាក្សានេះធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលនាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៥ ខែវិច្ឆិកានេះ។
លោកបានរំឭកប្រាប់ប្រិតភូទាំង២ខេត្តថា ខេត្តកណ្តាល បានទទួលជយលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីឆ្នាំ ២០២២។ ភាពជោគជ័យនេះ គឺអាស្រ័យដោយមានការដឹកនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសក្រសួងបានបង្កើតនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ក៏ដូចជាយន្តការសម្របសម្រួលនានា លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលជាផែនទីចង្អុលបង្ហាញផ្លូវមួយយ៉ាងសំខាន់ សម្រាប់ប្រតិបត្តិការងារទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបន្តថា ការសម្រេចបានជយលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ក៏អាស្រ័យដោយមានការគាំទ្រពេញទំហឹងពីលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ វិស័យឯកជន សប្បុរសជន អង្គការ សមាគម។ ជាពិសេសការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់មានការយល់ដឹងច្រើន តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបានផ្លាស់ប្តូរឥរិយាបថ ដោយការសាងសង់ និងប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូនៅពេលចាំបាច់ និងការហូបទឹកមានសុវត្ថិភាព។
បន្ទាប់ពីជំនួបពិភាក្សានេះមក ប្រតិភូទាំង២ខេត្តក៏បានទស្សនកិច្ចសិក្សានៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីស្ដាប់នូវរបាយការណ៍ និងពិនិត្យស្ថានភាពការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងចុះពិនិត្យផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលជាប្រជាពលរដ្ឋប្រភេទក្រ ១ និងក្រ ២ ដែលមានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្រាន់ផងដែរ។ នេះបើយោងតាមប្រភពដដែលនេះ៕