ភ្នំពេញៈ ក្រសួងសុខាភិបាលនាថ្ងៃទី ២៥ ខែវិច្ឆិកា បានប្រកាសថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ ករណីទៀត កើតលើក្មេងស្រីអាយុ ៤ ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់ ៥ អ៊ិន ១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
ក្រសួងបានបញ្ជាក់ថា ករណីក្មេងស្រីខាងលើនេះមានផ្ទះនៅក្បែរករណីស្ត្រីអាយុ ២១ ឆ្នាំ ដែលបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលបានរកឃើញតាមរយៈការស្វែងរកសកម្ម នៅភូមិកើតហេតុ ដោយក្រុមឆ្លើយតបបន្ទាន់ចម្រុះពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប៉ូលិស។
តាមការសាកសួរ បង្ហាញថា នាងបានកាន់មាន់ងាប់ និងចាប់ផ្ដើមឈឺនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ក្អក និងចេញកន្ទួលក្រហម កុមារទទួលការព្យាបាលដោយផ្តល់ឱសថតាមឺហ្លូ (Tamiflu) និងត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនិងថែទាំបន្តនៅមន្ទីរពេទ្យខេត្តកំពតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕