អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក មានគ្រោះថ្នាក់ចរាចរណ៍សរុបទូទាំងប្រទេសបានកើតឡើងចំនួន ៨ លើក ក្នុងនោះបណ្តាលឱ្យមនុស្សស្លាប់ ៥ នាក់ និងរបួសធ្ងន់-ស្រាលចំនួន ៩ នាក់។
 
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨ លើកនេះ គឺបានកើតមានឡើងនៅរាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង របួស ២ នាក់, ខេត្តកំពង់ស្ពឺ ស្លាប់ ២ នាក់ និងរបួស ៣ នាក់, ខេត្តកំពត របួស ១ នាក់, ខេត្តកណ្តាល ស្លាប់ ១ នាក់ របួស ១ នាក់, ខេត្តស្ទឹងត្រែង ស្លាប់ ១នាក់ និងខេត្តតាកែវ ស្លាប់ ១ នាក់ និងរបួស ២នាក់។ 
 
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងតាមរយៈហ្វេសប៊ុករបស់ខ្លួននៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកាថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ទាំងនេះបណ្តាលមកពីការបើកបរល្មើសល្បឿន ការមិនគោរពច្បាប់ ការបើកបរប្រជែងគ្នា កត្តាយានយន្ត និងការបើកបរក្នុងស្ថានភាពសេពគ្រឿងស្រវឹងជាដើម។
 
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមទៀតថា ៖ «ដូច្នេះការចូលរួមគោរពច្បាប់ចរាចរណ៍ គឺមានន័យថាស្មើនឹងគោរពជីវិតខ្លួនឯង និងគោរពអាយុជីវិតអ្នកដទៃទៀតដែលប្រើប្រាស់ដងផ្លូវធ្វើដំណើរផងដែរ»។
 
ចំណែក ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី២៦ ខែវិច្ឆិកា បានធ្វើតាមគោលដៅសរុប ៦២គោលដៅ ដោយមានយានយន្តចូលគោលដៅចំនួន ១៧៤ គ្រឿង, រថយន្តធំ ១០ គ្រឿង, រថយន្តតូច ១៣៩គ្រឿង និងម៉ូតូ ១៣៦ គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៧៤ គ្រឿង, រថយន្តធំ ៣ គ្រឿង, រថយន្តតូច ៥៥ គ្រឿង និងម៉ូតូចំនួន ១១៩ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
 
តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៥ ១៥០គ្រឿង, រថយន្តធំ ២៧៨គ្រឿង, រថយន្តតូច ២ ៧៦៣គ្រឿង, ម៉ូតូ ១២ ១១០គ្រឿង។  

ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១ ៧៨០ គ្រឿង, រថយន្តធំ ៩៣ គ្រឿង, រថយន្តតូច ១ ៤៧៣ គ្រឿង និងម៉ូតូ ១០ ២១៤ គ្រឿង (១០,២១៤ ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ 
 
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកអាចធ្វើទៅបាន គឺមិនអាចអាស្រ័យតែការអំពាវនាវ ឬការអប់រំរបស់ស្ថាប័នពាក់ព័ន្ធនោះទេ ព្រោះការផ្សព្វផ្សាយអប់រំនេះ វាបានរួមចំណែកតិចតួចណាស់ និងមិនមានប្រសិទ្ធភាពទប់ស្កាត់បានទាំងស្រុងឡើយ។ 
 
លោកបានថ្លែងនៅថ្ងៃទី២៧ ខែវិច្ឆិកាថា ៖ «សុំឱ្យស្ថាប័នរាជរដ្ឋាភិបាល ដាក់ការអនុវត្តន៍ច្បាប់ជាគោលដៅអាទិភាព ព្រោះការរឹតបន្តឹងការអនុវត្តន៍ច្បាប់នេះយើងឃើញថាវាបានចូលរួមចំណែកធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ»។ 

បើតាមលោក គឹម បញ្ញា ទោះបីការផ្សព្វផ្សាយអប់រំ បានរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តិចតួចក្ដី ប៉ុន្តែលោកក៏សូមបន្តលើកទឹកចិត្តឱ្យស្ថាប័នរាជរដ្ឋាភិបាល ត្រូវបង្កើនការផ្សព្វផ្សាយអប់រំនៅក្នុងស្ថាប័នរបស់ខ្លួន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោម ឱ្យបានសកម្មក្នុងអំឡុងពេល និងក្រោយពេលបុណ្យជាតិសំខាន់ៗផងដែរ៕