ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងសារអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ វិច្ឆិកានេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាក់ថា ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករមកលេងកម្សាន្តមើលការប្រណាំងទូកង។
លោកបានលើកឡើងថា ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ ២០២៣នេះ បន្ទាប់ពីការខកខាននៃព្រះរាជពិធីនេះរយៈពេល ៣ ឆ្នាំកន្លងទៅ។
លោកថ្លែងថា៖ «រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអុំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បញ្ជាក់សាជាថ្មីថា ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ លោកក៏បានថ្លែងការជូនពរដល់បងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ឱ្យទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រឡប់ទៅកាន់ភូមិកំណើតវិញ ផងដែរ៕