រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ឆេង គឹមស៊ុន បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដើរ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ នាឱកាស​បុណ្យ​អុំទូក​ឆ្នាំនេះ បាន​ដាក់​ទុក​សំរាម​មាន​សណ្តាប់ធ្នាប់​ជាង​ឆ្នាំ​មុនៗ ដែល​បង្ហាញ​ពី​ការ​យល់​ដឹង​របស់​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង។

លោក ឆេង គឹមស៊ុន បាន​ថ្លែង​បែបនេះ នា​ឱកាស​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​ជា​ថ្ងៃទី ២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ 
លោកមាន​ប្រសាសន៍​ថា ឆ្នាំ ២០២៣ ជា​ឆ្នាំដំបូង​ដែល​ក្រសួង​បរិស្ថាន បាន​រៀបចំ​ប្រទីប ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​របស់​ខ្លួន​ក្នុង​កិច្ចការងារ​បរិស្ថាន។

លោក​បាន​ឱ្យ​ដឹង​ថា ដោយ​ផ្អែក​លើ​ភាពស្អាត អនាម័យ បរិស្ថាន​នៅ​កម្ពុជា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​កង​កម្លាំង​ស្ម័គ្រចិត្ត យុវជន​ស្ម័គ្រចិត្ត និង​អង្គការ​ដៃគូ​មួយ​ចំនួន បាន​រៀបចំ​អប់រំ ផ្សព្វផ្សាយ ការ​ប្រើប្រាស់​ទុក​ដាក់​កាក​សំណល់រឹង ដើម្បី​ឱ្យ​មាន​សណ្តាប់ធ្នាប់។ ក្នុង​នោះ​ក្រសួង​បាន​រៀបចំ​ស្តង់នៅ​តាម​ទីតាំង​មួយចំនួន សម្រាប់​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ពី​បរិស្ថាន និង​ការ​ទុក​ដាក់​សំរាម ដោយ​មាន​កម្លាំងជាង ១៥០០នាក់ បាន​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ក្នុង​ព្រះ​រាជ​ពិធី​បុណ្យអុំទូក។ 

ជា​ការ​កត់​សម្គាល់ លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដើរ​កម្សាន្ត​បុណ្យ​អុំទូក​ឆ្នាំនេះ បាន​ទុក​ដាក់​សំរាម​បាន​ត្រឹមត្រូវ បើទោះបី​ជា​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ត​បោះចោល​សំរាម​ពាលវាល​ពាសកាល​ក៏ដោយ។ 

លោកថ្លែងថា៖ «ជាក់ស្តែង​បុណ្យ​អុំទូក​ថ្ងៃទី២ មិនសូវ​មាន​សំរាម​ទេ កន្លងមកនេះ កាលណា​មាន​ពិធី​បុណ្យ​ធំៗ​ម្តងៗ ប្លាស្ទិក និង​សំរាម រាយប៉ាយ​ពេញផ្លូវ ប៉ុន្តែ​ឆ្នាំនេះ​ខុស​ពី​រាល់ឆ្នាំ។ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង​តាំង​ពី​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០២៣ មក បន្ទាប់ពី​ការ​ប្រកួត​កីឡដ្ឋាន​យើង​ស្អាត ដែលនេះ​បង្ហាញ​ពី​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​សម្អាត​បរិស្ថាន។ បាន​ន័យថា​គាត់​មិនពង្រាយ​សំរាម​នោះ​ទេ ​គឺ​គាត់​បាន​យក​សំរាម​ដាក់​តាម​ទីកន្លែងកំណត់"។

ទោះជាបែបនេះ​ក្តី​លោក ឆេង គឹមស៊ុន បន្ត​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប មេត្តា​ទុក​ដាក់​សំរាម កាក​សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​ចោល​សំរាម​ពាសវាលពាស​កាល ពីព្រោះ​បញ្ហា​នេះ​ប៉ះពាល់​មុខមាត់​ប្រទេស​ជាតិ មុខមាត់​គ្រួសារ និង​មុខមាត់​ខ្លួនឯង។

បើតាម​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ការ​យល់ដឹង​ពលរដ្ឋ​ពាក់ព័ន្ធ​ទុក​ដាក់​សំរាម​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​កើត​ចេញ​ពី «យុទ្ធនាការ ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទេ» ដែល​ក្រសួង​បាន​ដាក់​ចេញ​កន្លង​មក​នៅ​តាម​សាលា សហគមន៍ និងនៅតាមរោងចក្រ សហគ្រាសជាដើម។ លោកឱ្យដឹងទៀតថា ក្នុងពិធីនេះដែរ ក្រសួងបរិស្ថាន បានពង្រាយធុងសំរាមបន្ថែមជាង ១០០០ពាន់ធុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកលេងបុណ្យអុំទូក ក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ។
 
ក្នុងឱកាសនេះដែរ ដើម្បីងាយស្រួលដល់ការប្រណាំងទូកនិងសោភណភាពក្នុងព្រះរាជពិធីបុណ្យអុំទូក អង្គការសម្អាតទន្លេ សមុទ្រ បានបញ្ជូនទូកចំនួន២ គ្រឿង និងក្រុមការងារ ចុះប្រមូលសំរាម និងសំណល់ផ្សេងៗនៅតាមមាត់ទន្លេ ជាពិសេសក្នុងទឹក ដោយបានសហការជាមួយសាលារាជធានីភ្នំពេញ និងខណ្ឌដូនពេញ៕