ភ្នំពេញៈ ក្នុងកិច្ចប្រជុំដកពិសោធន៍កិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមគោលដៅសំខាន់ៗ ជុំវិញបរិវេណព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់យកអស់កម្លាំងស្មារតី ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក។
លោកបានលើកឡើងថា៖«ក្នុងពេលដែលលោក រួមជាមួយថ្នាក់ដឹកនាំនគរបាលជាតិ ចុះពិនិត្យតាមបណ្តាគោលដៅ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋបង្ហាញពីភាពសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ថែមថា នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក កងកម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ពាក់ព័ន្ធ បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនា ប្រកបដោយសុវត្ថិភាព។
លោក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ថែ្លងថា បើទោះបីសភាពការណ៍សន្តិសុខ រយៈពេល ២ថ្ងៃនេះ មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែកងកម្លាំងយើងទាំងអស់ ត្រូវតែបន្តខិតខំបន្ថែមទៀតសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យ។
ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងទាំងអស់ លោកអ៊ី សុខឃី បន្ថែមថា ចំពោះការខិតខំរយៈពេល ២ថ្ងៃកន្លងទៅ បងប្អូនអាជីវករដាក់តាំងលក់របស់របរ ចំណីអាហារមានរបៀបរាបរយល្អ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសធ្វើដំណើរកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត។
ដោយឡែក នៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក លោក អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ ក-៩.១ បានក្រើនរំឭក និងផ្តាំផ្ញើឱ្យកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពង្រឹងលើកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ថ្វាយអង្គព្រះមហាក្សត្រ ក៏ដូចជាជូនថ្នាក់ដឹកនាំកំពូលៗព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ និងជនបរទេស។
ទន្ទឹមនោះ លោកក៏បានស្នើឱ្យកងកម្លាំងទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ទទួលបានជោគជ័យ។
យោងតាមរបាយការណ៍របស់ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឱ្យដឹងថា គ្រប់ទីបញ្ជាការស្រាល គិតពីម៉ោង ៧ព្រឹក ដល់ម៉ោង ១៩យប់ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ១លាន ៧សែននាក់ ចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ពុំមានហេតុការណ៍អ្វីគួរឱ្យកត់សម្គាល់ឡើយ៕