ភ្នំពេញៈ សហព័ន្ធសេវាអប់រំនៅកម្ពុជាដែលមកពីវិស័យអប់រំឯកជនបានចូលរួមកិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ ២០២៣ នៅប្រទេសម៉ាឡេស៊ី ដើម្បីជជែកពិភាក្សា និងចែករំលែកការអនុវត្តល្អៗក្នុងវិស័យអប់រំ សំដៅពង្រឹងគុណភាពអប់រំ ពិសេសផ្នែកឯកជននៅក្នុងតំបន់ឱ្យកាន់តែមានគុណភាពថែមទៀត។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា បានប្រាប់ឱ្យដឹងថា លោកបានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា ៩នាក់ ដើម្បីចូលរួមក្នុង«កិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣»ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
លោកបានឱ្យដឹងថា កិច្ចប្រជុំកំពូលសាលារៀនពិភពលោក (World School Summit) គឺជាកម្មវិធីអន្តរជាតិមួយធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យអប់រំ អ្នកបង្កើតគោលនយោបាយ ព្រមទាំងអ្នកផ្លាស់ប្តូរទាក់ទងនឹងវិស័យអប់រំជុំវិញពិភពលោកមកជជែក ពិភាក្សា និងចែករំលែកការអនុវត្តល្អៗក្នុងវិស័យអប់រំ។
លោកថា កម្មវិធីនេះដែរ ក៏នឹងមានការប្រគល់ពានរង្វាន់សាលាឆ្នើម និងសញ្ញាបត្រកិត្តិយសសម្រាប់អ្នកជំនាញដែលបានប្រឹងប្រែង និងលះបង់ពេលវេលាដើម្បីនាំឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងវិស័យអប់រំផងដែរ។
លោកបានបន្តថា៖«នេះជាលើកទី១ហើយ ដែលវិស័យអប់រំឯកជនបានចូលរួមកិច្ចប្រជុំកំពូលនេះ ហើយយើងនឹងចូលរួមពិភាក្សាពីបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ី ដើម្បីរិះរកដំណោះស្រាយ និងយុទ្ធសាស្ត្រថ្មីៗដើម្បីជំរុញវិស័យអប់រំឱ្យស្របនឹងបរិស្ថានរបស់តំបន់ និងពិភពលោកកំពុងតែផ្តោតខ្លាំង»។
បើតាមសហព័ន្ធសេវាអប់រំនៅកម្ពុជា កិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣ បានរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីបណ្តាប្រទេសជាច្រើនរួមមាន៖ ប្រទេសឥណ្ឌា កម្ពុជា អារ៉ាប៊ីសាអ៊ូឌីត ស្រីលង្កា នេប៉ាល់ ថៃ និងប្រទេសវៀតណាម។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ឱ្យដឹងដែរថា ការចូលរួមរបស់វិស័យអប់រំឯកជននៅក្នុងកម្មវិធីប្រជុំកម្រិតអន្តរជាតិនេះ គឺជារឿងសំខាន់ដើម្បីជំរុញវិស័យអប់រំកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារឱ្យមានការចូលរួមពីវិស័យឯកជន។
លោកស្រីបានបញ្ជាក់ថា៖«ការចូលរួមរបស់វិស័យឯកជន គឺជាការបំពេញបន្ថែម ក្នុងការចូលរួមធ្វើឱ្យមាតាបិតា និងសិស្សមានជម្រើស ក៏ដូចជាផ្តល់ការអប់រំមួយទៅតាមកម្មវិធីដែលមាតាបិតាចង់ឱ្យកូនបានសិក្សាបន្ត។ ដូច្នេះហើយការទទួលបានជម្រើសខុសៗគ្នានេះ គឺជាលទ្ធផលល្អសម្រាប់អនាគតដើម្បីយើងមានធនធានជំនាញខុសៗគ្នាដែលអាចឆ្លើយតបទីផ្សារការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ»។
នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ដើម្បីអភិវឌ្ឍសមត្ថភាពយុវជនឱ្យមានលទ្ធភាពត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ទីផ្សារការងារ ឱកាស និងការដឹកនាំ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការងារយុវជន ក្នុងនោះ រួមមាន៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា,ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមឱ្យមានគុណភាពជាដើម។
លោក ថ្លែងថា ដើម្បីសម្រេចបានយុទ្ធសាស្ត្រនេះ វិស័យអប់រំកម្ពុជា ចាំបាច់ត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន។
លោកបានបន្តថា ៖ «ការចូលរួមពីវិស័យឯកជន គឺជាកាតាលីករ មិនអាចខ្វះបាន ដើម្បីឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕