ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា នៅក្នុងរយៈពេល ១ ឆ្នាំ ដែលលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកបាននិងកំពុងបំពេញការងារសំខាន់ៗចំនួន ៦ ដើម្បីចូលរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសការគាំទ្រដល់មន្ត្រីកសិកម្មឃុំ ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាកសិករ។
តាមរយៈលិខិតរបស់ លោក យ៉ងសាំងកុមារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរថា៖«កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ខ្ញុំបាទ និងឯកឧត្ដម ឡឹក សុធារ ទទួលបានឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយផ្តោតលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា»។
សំណេររបស់លោកបានបញ្ជាក់ទៀតថា៖«ការងារសំខាន់ៗ ដែលខ្ញុំ រួមជាមួយឯកឧត្តម ឡឹក សុធារ និងឯកឧត្តម ខាត់ សុធី បន្តទទួលខុសត្រូវ ដឹកនាំ និងចូលរួមអនុវត្តមាន៦ ដូចជា៖ ១. ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ចំនួន១៦០០នាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឃុំដែលមានសក្តានុពល ដំណាំស្រូវចំនួន ២៥០ឃុំ នៅឆ្នាំ២០២៣។ ២. ដឹកនាំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដើម្បីអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»។
លោកបានបន្តទៀតថា ការងារទី ៣. បន្តដឹកនាំការងារអភិវឌ្ឍន៍វិស័យស្រូវអង្ករ ដោយផ្តោតលើការកសាងប្រព័ន្ធពូជសុទ្ធ, ៤. បន្តដឹកនាំអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅខេត្តព្រះវិហារ ជាពិសេសឱ្យក្លាយទៅជាខេត្តឈានមុខគេខាងវិស័យកសិកម្មសរីរាង្គ, ៥. ចូលរួមអនុវត្តការងារអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបនិងទី៦. បន្តដឹកនាំតម្រង់ទិសគម្រោងសហការជាមួយដៃគូអភិវឌ្ឍន៍។
លោក យ៉ង សាំងកុមារ បានបន្ថែមពីលើការងារដែលមានស្រាប់នេះ លោកក៏គ្រោងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម លើការងាររៀបចំឱ្យមានសារមន្ទីរកសិកម្ម និងការពង្រីកវិស័យកសិទេសចរណ៍ ដើម្បីផ្ដល់ឱកាសទីផ្សារ និងបង្កើតការងារជូនកសិករ និងសេដ្ឋកិច្ចមូលដ្ឋាន។
លោកបានបញ្ជាក់ថា៖«ដើម្បីសម្រេចការងារទាំងនេះបានជោគជ័យ យើងខ្ញុំនឹងខិតខំ និងបង្កើនការចូលរួមដឹកនាំ តម្រង់ទិសដល់គម្រោង សហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាល ជាពិសេសការគាំទ្រដល់មន្ត្រីកសិកម្មឃុំ ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាកសិករ»។
លោកបានបន្តថា ជារួមតាមរយៈការងាររយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា លោកទទួលបានឱកាស ការផ្តល់ទំនុកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើសពីការរំពឹងទុក។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ លោក ឌិត ទីណា បានលើកឡើងដែរថា បច្ចុប្បន្ន ក្រសួងក៏បាននិងកំពុងអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនទៀតផងដែរ។
លោកថា ក្នុងនោះមានដូចជា៖ ការដាក់ពង្រាយសាកល្បងនូវនិស្សិតកសិកម្មស្ម័គ្រចិត្តចំនួន២០០នាក់ នៅតាមបណ្តាខេត្តចំនួន១៤ នៅទូទាំងប្រទេស,ការជំរុញអនុវត្តគំនិតផ្ដួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយព្យ ក្នុងខេត្តចំនួន៤ (ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន) ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងការបង្កើតច្រកមច្ឆា និងអង្ករ ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសកម្ពុជា និងចិន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖«ក្រសួងកំពុងជំរុញអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាអធិរាជចន្ទីនាពេលអនាគត,ជំរុញផលិតកម្មពូជស្រូវសុទ្ធដែលមានភាពសុទ្ធល្អ មានទីផ្សារ និងមានតម្លៃខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កសិករ និងគាំទ្រដល់គោលនយោបាយជំរុញការនាំចេញអង្ករប្រណីតរបស់កម្ពុជា រួមទាំងបង្កើនល្បឿនរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាផងដែរ»៕