ភ្នំពេញៈ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន ២២ នាក់ ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៧ លើកនៅទូទាំងប្រទេស ក្នុងអំឡុងពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២៦-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ រងរបួសធ្ងន់ស្រាលចំនួន៩នាក់។ដោយឡែក នៅថ្ងៃទី២៧ ខែវិច្ឆិកា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១១លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់, រងរបួសធ្ងន់ស្រាលចំនួន១៨នាក់ខណៈដែលនៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃអុំទូកថ្ងៃចុងក្រោយ មានករណីគ្រោះថ្នាក់ចំនួន ១៨លើក បណ្តាលឱ្យមនុស្សស្លាប់ ១៤នាក់និងរងរបួសធ្ងន់ស្រាលចំនួន៤២នាក់។
យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ករណីគ្រោះថ្នាកចរាចរណ៍ទាំងនេះកើតឡើង បណ្តាលមកពីកត្តាផ្សេងៗគ្នា ក្នុងនោះរួមមាន៖ ការបើកបរហួសល្បឿនកំណត់, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយានយន្ត និងងងុយដេកជាដើម។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ីនៅថ្ងៃទី២៩ ខែវិច្ឆិកា បានប្រាប់ឱ្យដឹងថា ជាទូទៅឱ្យតែមានពិធីបុណ្យសំខាន់ៗ ស្របពេលដែលមានការឈប់សម្រាករបស់ប្រជាពលរដ្ឋ លោកមើលឃើញ ករណីគ្រោះថ្នាក់ចរាចរណ៍ គឹតែងតែកើនឡើងខ្ពស់។
លោក គឹម បញ្ញា បានបន្ថែមថា ជាក់ស្តែងនៅក្នុងអំឡុងពេល ៣ ថ្ងៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង២០នាក់។
លោកបានសង្កត់ធ្ងន់ថា ៖ «តួលេខនេះ ខ្ពស់មែនទែន នៅពេលដែលយើងខិតខំប្រឹងប្រែងធ្វើឱ្យវាចុះទាបនៅក្នុងឆ្នាំ២០២៣ ខណៈនៅឆ្នាំ២០២២ ពេលត្រឡប់មកពីកូវីដវិញ យើងឃើញតួលេខនេះខ្ពស់ទៅហើយ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។ ដោយឡែកនៅក្នុងឆ្នាំ២០២៣ យើងខំធ្វើឱ្យទាប ប៉ុន្តែតួលេខ អ្នកស្លាប់ក្នុងរយៈពេល ៣ថ្ងៃនេះ វានៅតែខ្ពស់»។
លោក គឹម បញ្ញា ថ្លែងដោយបន្តបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសនគរបាលចរាចរណ៍បង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង បន្ថែមពីលើការផ្សព្វផ្សាយ និងអប់រំ ទោះជាមិនមានបុណ្យទានឈប់សម្រាករបស់ពលរដ្ឋក៏ដោយ និងគួរតែមានវិធានការជាប្រចាំចាប់ពីពេលនេះតទៅរហូតទៅដល់ចុងឆ្នាំនេះ៕