ភ្នំពេញៈ និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ចាប់ផ្ដើមពង្រឹងយុទ្ធនាការចុះរុះរើឧបករណ៍បង្កើនកម្លាំងឬឧបករណ៍ពង្រីកសេវានៅតាមបុរីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយតម្រូវឱ្យម្ចាស់អភិវឌ្ឍន៍បុរីចាត់វិធានការតាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញឧបករណ៍ទាំងនោះឱ្យបានមុនថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣។
តាមរយៈលិខិតរបស់និយតករទូរគមនាគមន៍កម្ពុជាផ្ញើជូនប្រធានក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីក្នុងរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែវិច្ឆិកា និងចុះហត្ថលេខាដោយលោក ជា ច័ន្ទដារ៉ា អនុប្រធានក្រុមការងារលើកកម្ពស់គុណភាពសេវាតាមបុរីក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ប្រតិបត្តិករបង្គោលអង់តែន និងទូរស័ព្ទចល័ត បានសាងសង់បង្គោលអង់តែននិងដាក់ឱ្យដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ជា ច័ន្ទដារ៉ា បានលើកឡើងនៅក្នុងលិខិតនោះថា ដើម្បីចៀសវាងការឆ្លងរំខានដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត ន.ទ.ក. សុំស្នើដល់ប្រធានក្រុមការងារ ជូនដំណឹងទៅម្ចាស់អភិវឌ្ឍន៍បុរីឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីឱ្យរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧប
ករណ៍បង្កើនកម្លាំងសេវានិង/ឬឧបករណ៍ពង្រីកសេវា (Booster/Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា៖«ក្នុងករណីការអនុវត្តដោយស្ម័គ្រចិត្តនេះពុំមានប្រសិទ្ធភាព ម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការតាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣»។
ដោយឡែកបណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនឹងធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួនដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
ជុំវិញរឿងនេះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.)នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតទទួលបានអាហារូបកណ៍សិក្សានៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាកាលពីសប្តាហ៍មុនបានលើកឡើងដែរថា វឌ្ឍនភាពការងាររបស់ក្រសួងបានធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។
លោកក៏បានលើកឡើងផងដែរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរស័ព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង-ស្ថាប័ន និងការកសាងពលរដ្ឋឌីជី
ថល។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា៖ «ក្រសួងមានផែនការសាងសង់បង្គោលអង់តែននៅរាជធានីភ្នំពេញប្រមាណ១ពាន់បង្គោល និងរាប់ពាន់បង្គោលទៀតនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីគ្របដណ្តប់ក្នុងការផ្តល់សេវាទូរស័ព្ទជូនពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត»។
សូមជម្រាបជូនថា ដើម្បីចៀសវាងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពសេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍ បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និងឧបករណ៍ពង្រីកសេវា ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។
មុននឹងឈានដល់ការរុះរើឧបករណ៍ទាំងនេះ ក.ប.ទ.បានសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយផ្សាយបានច្រើនប្រតិបត្តិករសរុបចំនួន៧០ បង្គោលអង់តែនបន្ថែមលើបង្គោលអង់តែនដែលមានស្រាប់ ដើម្បីផ្តល់សេវាទូរស័ព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់និងដំឡើងឧបករណ៍បង្កើនកម្លាំងឬពង្រីកសេវានៅនៅតាមផ្ទះដែលនាំឱ្យខាតបង់ថវិកានិងត្រូវរុះរើចោលវិញដោយខ្លួនឯងឬដោយក្រុមការងាររបស់ក្រសួងក្នុងពេលដ៏ខ្លីខាងមុខ៕