ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីក្រុងវីយែន ប្រទេសអូទ្រីស។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋបាលជលផល អង្គការUNIDO និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានបទនៃពានរង្វាន់គឺ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម»។ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FiA) បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា តាមរយៈការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្តីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវនិងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងវិស័យជលផលនៅកម្ពុជា។
លោកបានឱ្យដឹងថា៖ «គម្រោង CAPFISH-Capture ដែលសហការអនុវត្តដោយ FiAនិងUNIDO បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងFiA»។
សូមបញ្ជាក់ដែរថា វិស័យជលផលនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង ដោយប្រជាជនប្រមាណ ៤០% ពឹងផ្អែកដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។ ភាគច្រើនជាស្ត្រី ដែលដើរតួនាទីនាំមុខ និងជាម្ចាស់សហគ្រាសកែច្នៃផល ផលិតផល ជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាអ្នកទទួលបន្ទុកដោយផ្ទាល់ក្នុងការកែច្នៃ ការងារទីផ្សារ លក់រាយ និងចែកជាយផលិតផល ជលផលទាំងនេះនៅទូទាំងប្រទេសតែម្ដង។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះគម្រោង CAPFISH-Capture ដែលទទួលបានពានរង្វាន់ GEM Awardនេះ។
លោកបានថ្លែងថា៖ «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាស ប្រកបដោយបរិយាបន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
លោក ថ្លែងទៀតថា អង្គការ UNIDO ពិតជាមានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គម្រោងក្នុងការលើកកម្ពស់តួនាទី និងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសសហគ្រាសជលផល MSMEs ដែលដឹកនាំដោយស្ត្រី។
គម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយ ប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជំរុញវិស័យឯកជនឱ្យទទួលយក និងអនុវត្តនវានុវត្តន៍ និងការអនុវត្តល្អប្រសើរពាក់ព័ន្ធ។
ដោយពិនិត្យលើតួនាទីដ៏លេចធ្លោរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល និងវិសមភាពយេនឌ័រដែលជាកត្តារាំងស្ទះពុំអាចឱ្យស្ត្រីបំពេញការងារឱ្យអស់សក្តានុពលបានគម្រោងបានដាក់បញ្ចូលនូវវិធីសាស្ត្រគ្រប់គ្រងដែលគិតគូរពីយេនឌ័រនៅក្នុងកិច្ចអន្តរាគមន៍របស់ខ្លួន តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅក្នុងវដ្តគម្រោងទាំងមូល។
តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោងបានផ្ដល់ទាំងជំនួយបច្ចេកទេស និងសម្ភារ បរិក្ខារ ចាំបាច់ដល់សហគ្រាសកែច្នៃជលផលចំនួន ២៨ ដែលក្នុងនោះ សហគ្រាស២០ដែលដឹកនាំដោយស្ត្រី។ ភាគច្រើននៃសហគ្រាស ដែលដឹកនាំដោយស្ត្រីទាំងនេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ហើយប្រព័ន្ធនការផ្តល់វិញ្ញាបនបត្រនេះមានការលើកកម្ពស់សមភាពយេនឌ័រជាសូចនាករកំណត់មួយផងដែរ។
អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាលោក Koen EVERAERT បានលើកឡើងដែរថា ការគាំទ្រដល់សហគ្រាសដឹកនាំដោយស្ត្រី គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពនៃវិស័យជលផល។
លោកបន្តថា ខណៈដែលអាជីវកម្មរបស់ពួកគេរីកចម្រើន វាមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាគំរូលើកទឹកចិត្ត និងជំរុញស្ត្រីផ្សេងទៀតឱ្យក្លាយជាសហគ្រិន និងផ្លាស់ប្តូរវិសមភាពយេនឌ័រផងដែរ។
លោកKoen EVERAERT បានថ្លែងថា៖ «គំរូ ជោគជ័យរបស់គម្រោង CAPFISH-Capture អាចយកទៅអនុវត្តបាន ខណៈដែលឧត្តមានុវត្តន៍ទាំងនេះត្រូវបានចែករំលែកដើម្បីលើកកម្ពស់ សហគ្រិនភាពជាស្ត្រី និងភាពអង់អាចផ្នែកសេដ្ឋកិច្ច»៕