ភ្នំពេញៈ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចរយៈពេលជាង ១សប្តាហ៍ នៅប្រទេសវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រិតបត្តិការ និងទំនាក់ទំនងជាប្រពៃណី ជាពិសេសស្ថាប័នសភា ក្នុងក្របខ័ណ្ឌប្រទេស CVL(កម្ពុជា-វៀតណាម-ឡាវ)។
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ តបតាមការអញ្ជើញពីប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាឡាវ។
ដំណើរទស្សនកិច្ចលើកដំបូងនះ ដឹកនាំដោយលោកស្រីឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
លោក ឡេង ប៉េងឡុង បានលើកឡើងថា៖ «ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងកម្ពុជាជាមួយវៀតណាម និងរវាងកម្ពុជាជាមួយឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ»។
លោកបានបន្តថា លោកស្រីឃួន សុដារី នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ដែលនឹងមានជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមសំខាន់ៗរួមមាន៖ លោកវូ វ៉ាន់ធួង ប្រធានរដ្ឋវៀតណាម និងលោកវឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម។ ក្រៅពីនេះ លោកស្រីនឹងទៅទស្សនាព្រះវិហារតាមជុក(Tam Chuc) ក្នុងខេត្តហាណាម និងពិភាក្សាជាមួយលេខាបក្សរបស់ខេត្តនេះផងដែរ។
លោក ឡេង ប៉េងឡុង បានបន្តទៀតថា បន្ទាប់មក លោកស្រី ឃួន សុដារី នឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ដែលនឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវផងដែរ រួមមាន លោកថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ, លោកសូនេសាយ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកសាយសំភូន ភូមិវិហាន ប្រធានរដ្ឋសភាឡាវ។ ក្រៅពីនេះ លោកស្រីនឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅឡាវផងដែរ។
ប្រភពដដែលបានបន្តថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ លោកស្រីប្រធានរដ្ឋសភានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-វៀតណាម-ឡាវ(CVL) លើកទី១ នៅក្រុងវៀងចន្ទន៍ ខណៈឡាវធ្វើជាម្ចាស់ផ្ទះ ដែលនឹងពិនិត្យលទ្ធភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់ប្រទេសទាំង៣ ដែលបានបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍(CVL-DTA) កាលពីឆ្នាំ១៩៩៩ តាមទស្សនៈរបស់លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បាថ្លែងថា ដំណើរទស្សនកិច្ចនេះពិតជារឿងសំខាន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំង៣។
លោកបន្តថា នេះក៏ជាការបង្ហាញមុខមាត់របស់ប្រធានរដ្ឋសភាកម្ពុជាថ្មី គឺលោកស្រីឃួន សុដារី ទៅកាន់មិត្តវៀតណាម និងឡាវ និងអាចជាឱកាសសម្រាប់ផ្តល់លទ្ធភាពឱ្យកម្ពុជាដកស្រង់បទពិសោធន៍ល្អៗពីប្រទេសជិតខាងទាំង២ មកអនុវត្តនៅកម្ពុជាជាពិសេសក្របខ័ណ្ឌនីតិប្បញ្ញត្តិ ហើយអាចជំរុញបើកផ្លូវដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា ប្រធានរដ្ឋសភាកម្ពុជាគួរតែមានសារផ្តាំផ្ញើណាមួយទៅកាន់ភាគីវៀតណាម និងឡាវវិញ ដោយសារកន្លងមក នៅពេលប្រមុខរដ្ឋ ឬថ្នាក់ដឹកនាំវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជាតែងតែមានការផ្តាំផ្ញើតួយ៉ាងជួយមើលការខុសត្រូវ ជួយដល់ពលរដ្ឋខ្លួនដែលស្នាក់នៅប្រទេសកម្ពុជាជាដើម។ យើងគួរតែធ្វើដូច្នេះដែរ ដើម្បីជាប្រយោជន៍និងការប្តេជ្ញាចិត្តក្នុងមិត្តភាពស្មើភាព»។
លោក ស៊ឺន សម បានបន្ថែមថា ការពង្រឹងមិត្តភាពនៃប្រទេសទាំង៣ នៃក្របខ័ណ្ឌ CVL ជាការចាំបាច់ ដោយសារប្រទេសទាំង៣ នៅជាប់ភូមិផងរបងជាមួយគ្នា ហើយកម្ពុជាគួរទាញយកប្រយោជន៍ពីដំណើរទស្សនកិច្ចនេះឱ្យបានច្រើនតាមតែអាចធ្វើបាន តួយ៉ាងការមើលគំរូពីប្រទេសវៀតណាម ដែលជាប្រទេសកំពុងមានភាពជឿនលឿនមួយ ហើយអាចចែករំលែកបទពិសោធន៍ទៅដល់ប្រទេសឡាវផង។
ដោយឡែក លោករ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បានសង្ខេបប្រាប់ដោយខ្លីថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋសភាកម្ពុជាលើកនេះ ជាដំណើរទស្សនកិច្ចប្រពៃណីមួយ សម្រាប់ភាគីអង្គនីតិប្បញ្ញត្តិជួបពិភាក្សាគ្នា ដែលលោកយល់ថា មិនមានប្រយោជន៍អ្វីធំដុំឡើយ តែវាជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង៣ ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីរបៀបចាត់ចែងការងារក្នុងអង្គសភានៃប្រទេសរៀងៗខ្លួន៕